(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរៀបចំពិធីទូងស្គរអបអរសាទរ ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ពិធីនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំដោយ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមអមដោយ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ យ៉ាងច្រើនកុះករ។
សូមជម្រាបជូនថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ហើយបាននិងកំពុងអនុវត្តគម្រោងនេះ ដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបន្សល់ទុកជាកេរមរតកប្រវត្តិសាស្ត្រ សម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ។
គោលបំណងនៃការបង្កើតព្រែកជីកហ្វូណនតេជោ គឺជាការបង្កើតនូវគោលនយោបាយឯករាជ្យ លើការដឹកជញ្ជូនផ្លូវទឹក ដែលនឹងជួយបង្កើនឧត្តមភាពនៃសក្តានុពលប្រកួតប្រជែងរបស់កម្ពុជា លើគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្ម, កសិកម្ម និងឧស្សាហកម្ម ព្រមទាំងចូលរួមរំដោះទឹកជំនន់ផងដែរ ដែលជាការជំរុញបន្ថែមទៀតនូវការអភិវឌ្ឍសេដ្ឋកិច្ចដោយចីរភាពរបស់កម្ពុជា។
សូមបញ្ជាក់ថា ការប្រារព្ធពិធីទូងស្គរអបអរសាទរដែលបានប្រព្រឹត្តទៅនាវេលាម៉ោង ៩៖០៩នាទីព្រឹក ត្រូវបានធ្វើឡើងនៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ ទីស្តីការក្រសួង ស្ថាប័នថ្នាក់ជាតិ អង្គភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ គ្រប់ទីវត្តអារាម មណ្ឌលវិបស្សនា អាស្រម សាលាបុណ្យ វិហារសាសនា ស្នាក់ការស៊ូរ៉ាវ សាលារៀនរដ្ឋនិងឯកជន និងទីប្រជុំសហគមន៍ នៅទូទាំងប្រទេស តាមរយៈការវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក ដើម្បីអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ៕