(បាត់ដំបង)៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌ ខេត្តបាត់ដំបង បានបញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការខេត្ត នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ពាក់ព័ន្ធករណីទទួលផលទិញផលចោរកម្ម បន្ទាប់ពីសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន បានកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅនេះ នៅចំណុចភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។
លោក ឈឿង គឹមសុង មេក្រុមបង្ការ បង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ថា ទីតាំងខាងលើមានការនាំយកម៉ូតូ ចូលជាបន្តបន្ទាប់ និងបានដោះបំបែក ច្រកក្នុងកេស រួចដឹកចេញតាមរថយន្ត ទៅកាន់ខេត្តផ្សេងៗ ដើម្បីលក់នោះ ហើយលោកក៏បានសុំការអនុញ្ញាតពីលោកស្នងការរង ជេត វណ្ណនី និងធ្វើការអនុវត្តន៍ ដោយសហការជាមួយកម្លាំង អធិការស្រុកសង្កែ ចុះប្រតិបត្តិការទីតាំងខាងលើនេះ ដោយក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ហឿង រ័ត្នមុន្នី ហៅតឿ អាយុ២៨ឆ្នាំ រស់នៅភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ព្រមទាំងដកហូតវត្ថុតាង បានម៉ូតូ២គ្រឿង ស្លាកលេខ២ កាតគ្រី១ រួមនិងគ្រឿងម៉ូតូមួយចំនួនធំ។
បច្ចុប្បន្នជនសង្ស័យពាក់ព័ន្ធ នឹងករណីខាងលើ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញធ្វើការសាកសួរ រួចកសាងសំណុំរឿង បញ្ជូនបន្តទៅកាន់តុលាការ ចាត់ការច្បាប់៕