(កំពង់ធំ)៖ ក្នុងថ្ងៃបើកការដ្ឋានជាផ្លូវការនៃគម្រោងព្រែកជីកហ្វូណនតេជោនេះ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នៃខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៥​ ខែសីហា ឆ្នាំ២០២៤ បានផ្សព្វផ្សាយពីអត្ថប្រយោជន៍ដ៏មហាសាលរបស់ព្រែកជីកហ្វូណនតេជោ ព្រមទាំងផ្សព្វផ្សាយនូវសារអប់រំមួយចំនួនដល់សិស្សានុសិស្ស ក៏ដូចជាការផ្ដាំផ្ញើមួយចំនួនទៀតដល់លោកគ្រូអ្នកគ្រូ អាជ្ញាធរ កងកម្លាំងសមត្ថកិច្ច ប្រជាការពារ ក្នុងឱកាសចូលរួមគោរពទង់ជាតិនៅវិទ្យាល័យ ហ៊ុន សែន តាំងគោក ស្រុកតាំងគោក។

ក្នុងឱកាសនោះ លោកអភិបាលស្រុកបានផ្សព្វផ្សាយនូវសារអប់រំមួយចំនួនដល់សិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែន តាំងគោក ក៏ដូចជាការផ្ដាំផ្ញើមួយចំនួនទៀតដល់លោកគ្រូអ្នកគ្រូ អាជ្ញាធរ កងកម្លាំងសមត្ថកិច្ច ប្រជាការរពារ ដើម្បីបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមអនុសាសន៍ណែនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

លោកបានផ្សព្វផ្សាយឱ្យសិស្សានុសិស្ស យុវជន ប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាសណ្ដាប់ធ្នាប់សាធារណៈ ជៀសឱ្យផុតពីសកម្មភាពក្មេងទំនើង អំពើហិង្សា អំពើអបាយមុខជាដើម។ គ្រប់ពេលបើកបរ ត្រូវគោរពច្បាប់ចរាចរណ៍ កុំបង្កភាពទំនើងក្នុងពេលបើកបរ ឬកុំបង្ហោះម៉ូតូនៅលើផ្លូវ ដើម្បីជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍។

លោកអភិបាលស្រុក ហាក់ ម៉ុងហួត បានផ្សព្វផ្សាយពីផលវិបាកនៃការប្រើប្រាស់គ្រឿងញៀន និងណែនាំដល់យុវជន សិស្សានុសិស្សសូមកុំប្រើប្រាស់និងជួញដូរគ្រឿងញៀនឱ្យសោះ ព្រោះជាទង្វើបំផ្លាញអនាគតខ្លួនឯង បង្កផលវិបាកដល់គ្រួសារ និងសង្គម ជាបទល្មើសដែលត្រូវផ្តន្ទាទោសដោយច្បាប់។

លោក ហាក់ ម៉ុងហួត បានបន្តអប់រំណែនាំពីផលវិបាកនៃការបោះបង់ការសិក្សា ការគេចសាលាជាដើម និងបានជំរុញឱ្យសិស្សានុសិស្សរៀបចំផែនការរៀនសូត្រឱ្យច្បាស់លាស់ ប្រឹងប្រែងរៀនសូត្រ ដើម្បីឱ្យក្លាយជាមនុស្សមានសក្តានុពលសម្រាប់សង្គមជាតិ ពិសេសសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល «ឆ្នាំ២០៥០ កម្ពុជានឹងក្លាយជាប្រទេសអភិវឌ្ឍន៍»

អនុវត្តតាមការយកចិត្តទុកដាក់របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី លោកអភិបាលស្រុកតាំងគោកក៏បានអំពាវនាវដល់លោកគ្រូអ្នកគ្រូ អាជ្ញាធរ កម្លាំងនគរបាល កម្លាំងអាវុធហត្ថ ប្រជាការពារជាដើម សូមបន្តគិតគូរចំពោះសុវត្ថិភាពរបស់សិស្សានុសិស្ស ពិសេសនៅពេលចូលរៀន និងនៅពេលចេញពីសាលា គឺសូមបន្តជួយសម្រួលចរាចរណ៍នៅលើដងផ្លូវមុខសាលា។ កិច្ចការងារនេះ រដ្ឋបាលស្រុកតាំងគោក និងអ្នកពាក់ព័ន្ធខាងលើក៏បានអនុវត្តប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពជារឿយៗមកហើយដែរ។

លើសពីនេះ លោកអភិបាលស្រុកក៏បានអំពាវនាវឱ្យលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋសូមបន្តយកចិត្តទុកដាក់ចំពោះសុខភាព ដែលជាសម្បត្តិជីវិតដ៏មានតម្លៃមិនអាចខ្វះបាន ឬធ្វេសប្រហែសបានឡើយ។

ម្យ៉ាងវិញទៀត លោក ហាក់ ម៉ុងហួត ក៏បានថ្លែងអំណរគុណដល់មន្ត្រីរាជការ ប្រជាពលរដ្ឋ ដែលបានចូលរួមថែរក្សាសុខសន្តិភាពបានយ៉ាងល្អនាពេលកន្លងមក និងអំពាវនាវសូមឱ្យបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការបន្តថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ និងបន្តចូលរួមក្នុងការអភិវឌ្ឍនៅមូលដ្ឋានឱ្យបន្តរីកចម្រើនទៅមុខទៀត។

លោកអភិបាកស្រុក ក៏បានផ្សព្វផ្សាយពីអត្ថប្រយោជន៍ដ៏មហាសាលរបស់ព្រែកជីកហ្វូណនតេជោ ជូនលោកគ្រូអ្នកគ្រូ សិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែន តាំងគោក ផងដែរ។ លោកថា គម្រោងព្រែកជីកហ្វូណនតេជោ គឺផ្ដួចផ្ដើមដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយបន្តជំរុញការអនុវត្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ដើម្បីជាអត្ថប្រយោជន៍ដល់ជាតិកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលានិងចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេងផ្នែកសេដ្ឋកិច្ច-សង្គម។

គួរជម្រាបថា សកម្មភាពរបស់លោកអភិបាលស្រុក ហាក់ ម៉ុងហួត ក្នុងការផ្សព្វផ្សាយពីអត្ថប្រយោជន៍ដ៏មហាសាលរបស់ព្រែកជីកហ្វូណនតេជោ និងផ្សព្វផ្សាយនូវសារអប់រំមួយចំនួនដល់សិស្សានុសិស្សដូចគ្នានេះ ក៏បានធ្វើឡើងនៅវិទ្យាល័យទ្រៀល ឃុំទ្រៀល រួចមកហើយដែរ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ៕