(បន្ទាយមានជ័យ)៖ យុវជនឈាមរាវ២នាក់ ជិះម៉ូតូម៉ាក MSX ក្នុងល្បឿនលឿនពេកក៏រេចង្កូត ជ្រុលទៅបុកបង្គោលចំណាំងផ្លាត ដែលដាំសម្គាល់ផ្លូវកោងនៅតាមផ្លូវ បណ្ដាលស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសបាក់ជើង។ ហេតុការណ៍នេះ កើតឡើងនៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកអនុសេនីយ៍ឯក ភឿក ព្រហ្ម មេបញ្ជាការស្ដីទីមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា នៅព្រលប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយមានម៉ូតូទៅបុកបង្គោល ចំណាំងផ្លាតដោយខ្លួនឯង បណ្ដាលឱ្យស្លាប់ម្នាក់ និងរបួសបាក់ជើងម្នាក់។
លោកអនុសេនីយ៍ឯក ភឿក ព្រហ្ម បានបន្តថា ម៉ូតូម៉ាក MSX ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ វ៉ា អ៉ី អាយុ២០ឆ្នាំ រស់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ (របួសបាក់ជើង) ចំណែកអ្នករួមដំណើរ ឈ្មោះ ឈឹម ចិន អាយុ២២ឆ្នាំ រស់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ (ស្លាប់)។
លោកអនុសេនីយ៍ឯកបានបន្តទៀតថា អ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បង្អែកក្រុងសិរីសោភ័ណ ដើម្បីព្យាបាល រីឯសពម្នាក់ត្រូវបានប្រគល់ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូ កម្លាំងអាវុធហត្ថបាន យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ៕