(ភ្នំពេញ)៖ បន្ទាប់ពីទន្ទឹងរង់ចាំយ៉ាងអន្ទះសារអស់ជាច្រើនខែ នៅព្រឹកថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ការដ្ឋានព្រែកជីកហ្វូណនតេជោ ត្រូវបានចាប់ផ្តើមជាផ្លូវការហើយក្រោមសម្រែកសាទរយ៉ាងកងរំពងពីសំណាក់ប្រជាពលរដ្ឋខ្មែរមិនត្រឹមតែក្នុងស្រុកប៉ុណ្ណោះទេ រួមទាំងពលរដ្ឋខ្មែរនៅក្រៅប្រទេសផងដែរ។
ពិធីបើកការដ្ឋានព្រែកជីកដែលមានគុណប្រយោជន៍មហាសាលសម្រាប់ជាតិខ្មែរ ត្រូវបានរៀបចំឡើងនៅចំណុចចាប់ផ្តើមនៃព្រែកជីកពីដងទន្លេមេគង្គ ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ពិធីដែលប្រព្រឹត្តឡើងយ៉ាងមហោឡារិកនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ ពិធីដ៏មហារីករាយនេះ ក៏មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិការាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សនិស្សិត ប្រជាពលរដ្ឋសរុបជិត២ម៉ឺននាក់។
ការដ្ឋានព្រែកជីកហ្វូណនតេជោ គឺជាការគាស់រំលើងឡើងវិញនូវព្រែកជីកដែលកម្ពុជាមានក្នុងសម័យហ្វូណន ឬសម័យនគរភ្នំ ជានគរដំបូងរបស់ខ្មែរ និងជាពេលវេលាដែលខ្មែរមានការរីកចម្រើន និងរុងរឿងបំផុត។ តែជាអកុសលក្នុងរង្វង់សតវត្សរ៍ទី៥ ការចុះអន់ថយនៃអាណាចក្រហ្វូណនបូករួមជម្លោះផ្ទៃក្នុងនៃនគរខ្មែរ ព្រែកជីកហ្វូណន ក៏ត្រូវបានទុកចោលលែងមានការប្រើប្រាស់រហូតដល់ពេលបច្ចុប្បន្ន។
ជាភ័ព្វសំណាងសម្រាប់ជាតិកម្ពុជាក្រោមមាគ៌ាដ៏អស្ចារ្យ និងមគ្គទេសក៍ដ៏ឆ្នើមនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឱ្យកម្ពុជាស្គាល់ការរួបរួម និងសុខសន្តិភាពជាថ្មី បានផ្តល់ឱកាសឱ្យកម្ពុជាមានឱកាសគាស់រំលើងឡើងវិញនូវបណ្តាញផ្លូវទឹកដ៏សំខាន់របស់អាណាចក្រខ្មែរឡើងក្រោយកប់បាត់ជិត២ពាន់ឆ្នាំ។
នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នាសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រីនាពេលនោះ បានសម្រេចឯកភាពទទួលយកគម្រោងរៀបចំផ្លូវនាវាចរណ៍នេះឡើងវិញ និងបានប្រសិទ្ធនាមថា «ព្រែកជីកហ្វូណនតេជោ» ដើម្បីផ្សារភ្ជាប់ប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ពីអតីតកាលឡើងវិញ។
ដើម្បីជាការគោរពនូវមហាគុណូបការៈគុណរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំនាវាកម្ពុជាស្គាល់ការរួបរួម ស្គាល់ការឯកភាពជាតិ ស្គាល់សុខសន្តិភាព និងផ្តួចផ្តើមឡើងនូវការផ្តួចផ្តើមគាស់រំលើងព្រែកជីកសម័យហ្វូណនឡើងវិញនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានសម្រេចយកថ្ងៃទី៥ ខែសីហា ដែលចំថ្ងៃកំណើតរបស់សម្តេចតេជោ ជាថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ។ សម្តេចតេជោ ហ៊ុន សែន បានប្រសូត្រនៅម៉ោង ១២យប់ថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក ព.ស.២៤៩៦ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាដឹកនាំគម្រោងផ្លូវទឹកជាប្រវត្តិសាស្ត្រនេះ បានឱ្យដឹងថា គម្រោងព្រែកជីកហ្វូណននេះ ជាគម្រោងដែលទាញសមុទ្រ ឱ្យជាប់ទន្លេ។ ការសិក្សាវិភាគក៏បានគូសបញ្ជាក់ឱ្យឃើញផងដែរថា គម្រោងព្រែកជីកហ្វូណនតេជោនេះ នឹងផ្ដល់អត្ថប្រយោជន៍ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ចកម្ពុជា រួមមានដូចជា៖ ១)ពង្រឹងនូវឯករាជ្យភាពខាងនយោបាយរបស់កម្ពុជាលើការដឹកជញ្ជូនតាមផ្លូវទឹក, ២)កាត់បន្ថយថ្លៃដើម ចម្ងាយ និងពេលវេលានៃការដឹកជញ្ជូនទំនិញ និងអ្នកដំណើរ, និងងាយស្រួលតភ្ជាប់ជាមួយពហុមធ្យោបាយដឹកជញ្ជូនផ្សេងទៀត, ៣)កាត់បន្ថយការបំភាយឧស្ម័នពុលក្នុងបរិស្ថាន, ៤) ជួយរក្សាលំនឹងចីរភាពបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី, ៥)បង្កើតជម្រកថ្មីៗសម្រាប់ពពួកវារីសត្វ-រុក្ខជាតិ និងមច្ឆាជាតិគ្រប់ប្រភេទ ជាពិសេសអាចទទួលបានទិន្នផល ត្រីជាមធ្យមប្រមាណ ១ ០០០តោន ក្នុងមួយឆ្នាំ ដែលអាចឱ្យប្រជាពលរដ្ឋប្រមាណជាង ១,៦លាននាក់ រស់នៅអមសងខាងព្រែកអាស្រ័យផលជាប្រចាំ, ៦) ជួយកាត់បន្ថយផលប៉ះពាល់ពីគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមាសម្រាប់ខេត្តភាគខាងកើត និងភាគនិរតីរបស់កម្ពុជា, ៧)ផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋប្រមាណជាង ១ម៉ឺននាក់ សម្រាប់ចូលរួមដំណើរការសាងសាង់ព្រែកជីកនេះ និងអាចបង្កើតការងារជាងរាប់សិបម៉ឺននាក់ នៅក្រោយពេលសាងសង់រួច និង ៨) ផ្តល់អត្រាផល ចំណេញសេដ្ឋកិច្ចខ្ពស់ (EIRR) ពី ២០ភាគរយ ទៅ ៣១ភាគរយ ខ្ពស់ជាងអត្រាមធ្យម ១២ភាគរយ ដែលត្រូវបានកំណត់ដោយស្ថាប័នជាតិ និងអន្តរជាតិ។
+ លក្ខណៈបច្ចេកទេសនៃគម្រោងព្រែកជីកហ្វូណនតេជោ៖
* គម្រោងនេះ ត្រូវបានប្រើប្រាស់ពេលវេលាសិក្សាសរុប ២៦ខែ ចាប់ផ្តើមពីខែកុម្ភៈ ឆ្នាំ២០២១ និងបញ្ចប់របាយការណ៍សិក្សាបច្ចេកទេសទាំងស្រុង នាខែមេសា ឆ្នាំ២០២៣។
* គម្រោងនេះត្រូវបានចូលរួមអនុវត្តការសិក្សាស្រាវជ្រាវដោយក្រុមជំនាញការបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមជំនាញការបច្ចេកទេសជាន់ខ្ពស់របស់ភាគីចិនសរុបចំនួន ៤៨នាក់។
* គម្រោងនេះត្រូវបានសិក្សាយ៉ាងលម្អិត និងគ្រប់ជ្រុងជ្រោយលើគ្រប់ទិដ្ឋភាព ដោយមានការសិក្សាវិភាគ និងវាយតម្លៃយ៉ាងច្បាស់លាស់លើ៖ ១)ទីតាំងភូមិសាស្រ្ត ដោយប្រើប្រាស់បច្ចេកវិទ្យាដ្រូន និងរូបភាពពីផ្កាយរណប, ២)ផលប៉ះពាល់សង្គមនិងសេដ្ឋកិច្ចដោយប្រើឧបករណ៍ម៉ូដែលវិភាគសេដ្ឋកិច្ចរបស់ ADB និងផលប៉ះពាល់ផ្សេងៗទៀតដោយប្រើប្រាស់ប្រព័ន្ធព័ត៌មានភូមិសាស្រ្ត (GIS), ៣)បញ្ហាជលសាស្រ្ត និងកករដីដោយប្រើឧបករណ៍ម៉ូដែលជលសាស្រ្តទំនើប (MIKE Plus 2023) និង ៤)ការសិក្សាលើចលនាបម្រែបម្រួល (Simulation)នៃកម្ពស់ទឹកក្នុងតំបន់ ផ្អែកលើព័ត៌មានចាប់តាំងពីឆ្នាំ១៩៨៥ រហូតដល់ឆ្នាំ២០២៣ ដើម្បីធានាឱ្យបានថាគម្រោងនេះនឹងមិនមានផលប៉ះពាល់ដល់បរិស្ថានទាំងក្នុងប្រទេសកម្ពុជា និងបណ្ដាប្រទេសជិតខាង។
* ចំពោះតម្រាយផ្លូវទឹកនេះ ដែលត្រូវតភ្ជាប់ពីទន្លេទៅសមុទ្រ មានប្រវែងសរុប ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ភូមិសាស្រ្តខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ គម្រោងព្រែកជីកនេះនឹងត្រូវសាងសង់ស្ទើរទាំងស្រុងលើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណដែលបានបន្សល់ទុកស្រាប់តាំងពីសម័យអាណាចក្រហ្វូណនមកម្ល៉េះ ក្នុងនោះផ្លូវទឹកធម្មជាតិដែលមានស្រាប់ មានប្រវែងប្រមាណ ១៣៥គីឡូម៉ែត្រ ផ្លូវទឹកត្រូវជីកតម្រង់កុំឱ្យកោងពេក មានប្រវែងប្រមាណ ៣៨គីឡូម៉ែត្រ និងផ្លូវទឹកជីកថ្មីមានប្រវែងប្រមាណ ៧គីឡូម៉ែត្រ ដើម្បីកាត់បន្ថយកំណោង និងកាត់បន្ថយចម្ងាយតភ្ជាប់ទៅកាន់សមុទ្រ។
* ផ្លូវទឹកនេះមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ, មុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ, ជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ និងមានគន្លងនាវាចរណ៍ចំនួន ២គន្លង ដែលអាចអនុញ្ញាតឱ្យនាវាមានទម្ងន់ ១០០០DWT បើគិតតាមស្តង់ដាររបស់គណៈកម្មការទន្លេមេគង្គ និងរហូតដល់ ៣០០០DWT បើគិតតាមស្តង់ដារប្រទេសចិន អាចចេញ-ចូល ចៀសគ្នាបានដោយសុវត្ថិភាព និងធ្វើនាវាចរណ៍បានគ្រប់ពេលវេលា។ ជម្រៅទឹក ៥,៤ម៉ែត្រនេះ គឺជាកម្រិតនៃជម្រៅទឹកដែលស្ថិតនៅក្រោមនីវ៉ូនៃកម្រិតកម្ពស់ទឹកដែលទាបបំផុតក្នុង រយៈពេល ៤០ឆ្នាំ ចាប់ពីឆ្នាំ១៩៨៥ ដល់ឆ្នាំ២០២៤ នៃតំបន់ទន្លេ និងសមុទ្រ។ ដូចនេះហើយ ដើម្បីធានាឱ្យបាននូវជម្រៅទឹកយ៉ាងទាបបំផុត ៥,៤ម៉ែត្រ ទាំងក្នុងរដូវប្រាំង និងរដូវវស្សាទាមទារឱ្យធ្វើការជីកពីផ្ទៃដីខាងលើ ដោយនៅតំបន់ខ្លះ ២០ម៉ែត្រ ឬរហូតទៅដល់ ៣០ម៉ែត្រ ទើបអាចសម្រេចបាននូវជម្រៅទឹក ៥,៤ម៉ែត្រ នេះ ជាកម្រិតជម្រៅទឹកអប្បបរមា រីឯរដូវវស្សាជម្រៅទឹកអាចឡើងរហូតដល់ជាង១០ ឬ១៥ម៉ែត្រ។
* គម្រោងនេះនឹងសាងសង់សន្ទះផ្លូវទឹកចំនួន ៣កន្លែង ស្ថិតនៅខេត្ត កណ្តាល ខេត្តតាកែវ និងខេត្តកែប ដែលធានាបាននូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ការជ្រៀតចូលនៃទឹកប្រៃទៅក្នុងបណ្តាញផ្លូវទឹកសាប និងអាចកំណត់បរិមាណ និងអត្រានៃរំហូរទឹកសាបដែលត្រូវហូរចេញទៅសមុទ្របានប្រកបដោយប្រសិទ្ធភាពខ្ពស់។
* គម្រោងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤៨ខែ និងគ្រោងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៨ ខាងមុខ ប្រើប្រាស់ទុនវិនិយោគ សរុបប្រមាណ ១,៧ពាន់លានដុល្លារអាម៉េរិក ដោយត្រូវបានចែកចេញជាពីរកំណាត់៖ កំណាត់ទី១ ដែលមានចម្ងាយ ២១គីឡូម៉ែត្រ ពីព្រែកតាកែវនៃទន្លេមេគង្គទៅព្រែកពោធិ៍នៃទន្លេបាសាក់ នឹងត្រូវវិនិយោគ ១០០ភាគរយ ដោយសហគ្រាសសាធារណៈ និងក្រុមហ៊ុនក្នុងស្រុក រីឯកំណាត់ទី២ ដែលមានចម្ងាយ ១៥៩គីឡូម៉ែត្រ ពីទន្លេបាសាក់ខេត្តកណ្តាលរហូតដល់សមុទ្រខេត្តកែប និងត្រូវវិនិយោគរួមគ្នារវាងសហគ្រាសសាធារណៈ ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC)។ ការវិនិយោគនេះ នឹងត្រូវអនុវត្តក្រោមរូបភាពសាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT)៕