(បន្ទាយមានជ័យ)៖ លោក សេរី កុសល តំណាងរាស្ដ្រខេត្ដបន្ទាយមានជ័យ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារដង្ហែរទៀនវស្សា ទៅកាន់វត្ដចំនួន១៦ នៅស្រុកភ្នំស្រុក ខេត្ដបន្ទាយមានជ័យ។
កម្មវិធីនេះបានធ្វើឡើងរួម នៅវត្ដត្រពាំងថ្ម ដោយមានការចូលរួមពីលោក សេរី ជំនះ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកភ្នំស្រុក, លោក ឈឹម វាសនា ប្រធានក្រុមការងារចុះជួយស្រុកភ្នំស្រុក, លោក សំ ប៊ន ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអនុប្រធានក្រុមការងារចល័តប្រចាំស្រុកភ្នំស្រុក លោក ឆាយា គ្រឹស្នា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ប្រាក់ សុភាព រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមទាំងសហការីផងដែរ។
ក្នុងឱកាសសំណេះសំណាល នាពេលនោះ លោក សេរី កុសល ក៏បានផ្ដាំផ្ញើនៃក្ដីនឹករំលឹក សាកសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនប្រជាពលរដ្ឋនៅទីនោះ និងបានលើកឡើងអំពីការយឺតយ៉ាវ ក្នុងការដង្ហែរទៀនវស្សា មកកាន់វត្ដចំនួន១៦នេះ ហើយកន្លងមកក្រុមការងារ ក៏បានដង្ហែរទៀនវស្សា មកខ្លះផងដែរ។
លោក សេរី កុសល ក៏បានលើកឡើងអំពីអតីតកាល កាលពីបុណ្យទៀន កម្ពុជាមិនអាចធ្វើបុណ្យបាន ព្រោះជាតំបន់មិនទាន់មានសុវត្ថិភាព និងសន្ដិភាព ដូចនាពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ដ្រី សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនាពេលបច្ចុប្បន្ន។
ជាមួយគ្នានេះ លោក សេរី កុសល បានរំលឹកអំពីសារៈសំខាន់ នៃគម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងផ្ដល់ប្រយោជន៍ដល់ប្រទេសជាតិ ជាពិសេស ថ្ងៃប្រវត្តិសាស្រ្តនៃពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ចំថ្ងៃខួបចម្រើនជន្មាយុ សម្ដេចតេជោ ហ៊ុន សែន។
ទន្ទឹមនឹងនោះផងដែរ លោក សេរី កុសល ក៏បានអំពាវនាវ ដល់ព្រះសង្ឃនៅគ្រប់វត្ត និងប្រជាពលរដ្ននៅ គ្រប់ទីកន្លែង គ្រប់ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ត្រូវចូលរួមគ្រប់រូបភាព ក្នុងការគោះជួង ទូងស្គរ ព្រមៗគ្នានៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សម្រាប់ថ្ងៃបើកការដ្ឋាន គម្រោង ព្រែកជីក ហ្វូណនតេជោ ខាងមុខនេះ។
ការធ្វើបែបនេះ តបតាមការអំពាវនាវរបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាក្រោមគំនិតផ្តួចផ្តើមរបស់ គំនិតផ្តួចផ្តើមប្រកប ដោយ ចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុម ឧត្តមប្រឹក្សា ផ្ទាល់ ព្រះមហាក្សត្រ។
គួររំលឹកផងដែរថា ពិធីបុណ្យ «ចូលព្រះវស្សា» នឹងត្រូវប្រារព្ធធ្វើចាប់ពីថ្ងៃអាទិត្យ ១រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤។ ក្នុង កំឡុងពិធីបុណ្យដែលមានរយៈពេល៣ខែនេះព្រះសង្ឃមិនចាក់ចេញពីវត្តអារាម ដើម្បីនិមន្ត បិណ្ឌបាត្រដូចពេលធម្មតាទេ។ ព្រះសង្ឃត្រូវគង់នៅក្នុងបរិវេណវត្តអារាម។
ទោះយ៉ាងណា ក៏ដោយព្រះសង្ឃអាចទទួលយកការអញ្ជើញនិមន្តរបស់អ្នកកាន់សាសនា និងធ្វើដំណើរ ចេញនៅពេលថ្ងៃ ប៉ុន្តែមិនអាចនិមន្តទៅទីឆ្ងាយដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ។ជាទូទៅ អ្នកកាន់ព្រះពុទ្ធសាសនា ថ្វាយទៀនវស្សា ជាទៀនធំ ដែលត្រូវបំភ្លឺពេញមួយថ្ងៃ និងយប់ ក្នុងឱកាសពិធីបុណ្យព្រមទាំង ប្រេង ស្បងចីពរ និងគ្រឿង ឧបភោគ បរិភោគផ្សេងៗ ដល់ ព្រះសង្ឃ។
ពិធីបុណ្យនេះដែរ ក៏មានជួបជុំពុទ្ធបរិស័ទនមស្សការព្រះរតនត្រ័យ និមន្តព្រះសង្ឃ ចម្រើន ព្រះបរិត្ត ដើម្បីឧទ្ទិសមហា កុសលផលបុណ្យ ជូនដល់ញ្ញាតិការទាំង ៧សណ្តាន និង បុព្វការីជនដែលបានចែកឋានទៅកានបរមលោកខាងមុខ មកទទួលយកផល្លាអានិសង្ឃ ដែលកើតចេញ អំពីបុណ្យក្នុងថ្ងៃនេះ តាមបែបប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនា របស់រដ្ឋ។
ក្នុងឱកាសនោះផងដែរ លោក សេរី កុសល ក៏បាននាំនូវអំណោយមួយចំនួន និងថវិកាជូនដល់ប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងពិធីនេះ៕