(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ស្អែកនេះ «គម្រោងព្រែកជីកហ្វូណនតេជោ» នឹងត្រូវបើកការដ្ឋានជាផ្លូវការក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។
ដើម្បីចូលរួមអបអរសាទការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាសមិទ្ធផលប្រវត្តិសាស្រ្តរបស់កម្ពុជា និងជាប្រយោជន៍ដ៏មហាសាលដល់សង្គម សេដ្ឋកិច្ចទាំងមូល និងទុកជាកេរ្តិ៍មរតកប្រវត្តិសាស្រ្តដល់កូនចៅជំនាន់ក្រោយរស់នៅក្រោមម្លប់នៃសន្តិភាព រដ្ឋបាលស្រុកគិរីវង់ ខេត្តតាកែវ បានសហការជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគិរីវង់ បានសហការរៀបចំកម្មវិធីជាច្រើនដូចខាងក្រោម៖
កម្មវិធីពេលព្រឹកវេលាម៉ោង ៩៖៩នាទីព្រឹក៖ ការទូងស្គរ វាយឃ្មោះ វាយធុង នៅគ្រប់បណ្តារ ការិយាល័យ អង្គភាព វត្តអារាម គ្រឹះស្ថានសាធារណ ឯកជន សាលារៀន និងកម្មវិធីពេលរសៀល៖ការប្រកួតកីឡាលក្ខណមិត្តភាព (ម៉ោង៣រសៀល) រៀបចំនៅលើសួនវប្បធម៌សម្ដេចវិបុលបញ្ញា សុខ អាន គិរីវង់៖ មានការប្រកួតរួមមាន៖
១.ការប្រកួតកីឡាបាល់ទាត់ ចំនួន ០៤ក្រុម ដោយមានការចូលរួមពីក្រុមចចកពិឃាត ក្រុម Blue City ក្រុមតិដានី ប្រេន និងក្រុមយុវជនត្រពាំងស្រង់។
២.ការប្រកួតកីឡាប៊ូល-ប៉េតង់ ចំនួន ០៤ក្រុម ដោយមានការចូលរួមពី ក្រុមស្នាក់ការគណបក្សស្រុកគិរីវង់ ក្រុមបញ្ជាការរដ្ឋានវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៦០៣ ក្រុម បញ្ជាការរដ្ឋានវរសេនាតូចយោធារការពារព្រំដែនគោក លេខ១ និងក្រុម វិទ្យាល័យ សុខ អាន ទន្លាប់
៣.ការប្រកួតកីឡាបាល់បោះ (នារី) ចំនួន ០២ក្រុម) ដោយមានការចូលរួមប្រកួតពី ក្រុម វិទ្យាល័យ សុខអាន ទន្លាប់ A និងក្រុម វិទ្យាល័យ សុខអាន ទន្លាប់ B
កម្មវិធីពេលយប់ (ម៉ោង ៦យប់តទៅ) រៀបចំនៅលើសួនវប្បធម៌សម្ដេចវិបុលបញ្ញា សុខ អាន គិរីវង់ មានកម្មវិធីរួមមាន៖
ទី១. ការប្រគំតន្រ្តី (ចាប់ពីម៉ោង ៦យប់), ទី២. ការបង្ហោះគោម ចំនួន ៥០០ គោម (ម៉ោង ៧យប់), និងទី៣. ការបាញ់កាំជ្រួច (ម៉ោង ៧យប់)។
រដ្ឋបាលស្រុក សូមគោរពអញ្ជើញលោក លោកស្រី អ្នកនាងកញ្ញា និងបងប្អូនប្រជាពលរដ្ឋទូទាំងស្រុកគិរីវង់ទាំងអស់ មកចូលរួមកម្មវិធីខាងលើឱ្យបានច្រើនកុះករ។
គម្រោងព្រែកជីកហ្វូណនតេជោ គឺជាផ្ដួចផ្ដើមឡើងដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយកំពុងបន្តជំរុញការអនុវត្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
គម្រោងព្រែកជីកហ្វូណនតេជោ គឺជាផ្ដួចផ្ដើមឡើងដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយកំពុងបន្តជំរុញការអនុវត្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ដើម្បីជាអត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលានិងចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេង ជាពិសេសផ្នែកសេដ្ឋកិច្ច-សង្គមនៅកម្ពុជា៕