(កណ្ដាល)៖ រដ្ឋបាលខេត្តកណ្ដាល បានចេញសេចក្ដីជូនដំណឹងពីការបិទចរាចរណ៍ទាំងស្រុងនៅលើកំណាត់ផ្លូវជាតិលេខ១ និងផ្លូវនាវាចរគ្រប់ប្រភេទ ចាប់ពីម៉ោង០០៖០០នាទី កណ្ដាលអធ្រាត្រ ដល់ម៉ោង១២៖០០នាទី ថ្ងៃត្រង់ទី០៥ ខែសីហា ឆ្នាំ២០២៤ ដើម្បីសម្រួលដល់ការប្រារព្ធពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី។
ក្នុងសេចក្ដីជូនដំណឹងនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តកណ្ដាល បានបញ្ជាក់ថា អាជ្ញាធរសម្រេចបិទចរាចរណ៍មធ្យោបាយធ្វើដំណើរគ្រប់ប្រភេទ នៅលើកំណា ត់ផ្លូវជាតិលេខ១ ចាប់ពីស្តុបបំបែកខ្នែងផ្លូវក្រវ៉ាត់ក្រុងទី៣ ត្រង់កំពង់ផែស្វយ័តក្រុងភ្នំពេញ គ.ម៣០+១៤០ ភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ រហូតដល់អ្នកលឿង ត្រើយខាងលិច និងបិទការធ្វើនាវាចរគ្រប់ប្រភេទតាមបណ្ដោយដងទន្លេមេគង្គ ក្នុងភូមិសាស្ត្រទឹកដីខេត្តកណ្ដាល។
ចំពោះមធ្យោបាយធ្វើដំណើរគ្រប់ប្រភេទ ដែលមានបំណងធ្វើដំណើរចូលរាជធានីភ្នំពេញ អាចធ្វើចរាចរណ៍ ចេញពីផ្លូវជាតិលេខ១ ពីអ្នកលឿង ត្រើយខាងកើត វាងតាមផ្លូវជាតិលេខ១១ ដល់រង្វង់មូលស្វាយអន្ទរ បន្តមកផ្លូវជាតិលេខ៨ ដល់ស្ពានព្រែកតាមាក់ ឆ្លងចូលផ្លូវជាតិលេខ៦ និងអាចបន្តធ្វើដំណើរតាមមហាវិថីឈ្នះ-ឈ្នះ ឆ្ពោះមកផ្លូវជាតិលេខ៥។ ចំពោះមធ្យោបាយធ្វើដំណើរគ្រប់ប្រភេទ ពីរាជធានីភ្នំពេញទៅអ្នកលឿង អាចវាងត្រឡប់តាម ទិសដៅដូចបានរៀបរាប់ខាងលើ៕