(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានបញ្ជាក់ប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News នៅរសៀលនេះថា ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានត្រៀមលក្ខណៈរួចរាល់ដើម្បីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅព្រឹកថ្ងៃទី៥ ខែសីហា ស្អែកនេះ។

លោកបន្តថាដើម្បីចូលរួមអបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនគេជោ ដែលជាសមិទ្ធផលប្រវត្តិសាស្ត្ររបស់កម្ពុជា ក្រោមគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងកំពុងអនុវត្តដោយរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្សល់ទុកជាកេរមតេកប្រវត្តិសាស្ត្រ សម្រាប់កូនចៅជំនាន់ក្រោយ។

លោកបានបញ្ជាក់ទៀតថា ចំពោះកិច្ចការពារសុខសុវត្ថិភាព សន្តិសុខសណ្ដាប់ធ្នាប់ គឺស្នងការដ្ឋាននគរបាលខេត្តកំពង់ធំមានផែនការច្បាស់លាស់ត្រឹមត្រូវដើម្បីការពារជូនបងប្អូនក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះឱ្យបានល្អប្រសើរ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី ហេង សុផល បានបញ្ជាក់ថា កងកម្លាំងទាំងអស់បានចូលរួមគាំទ្រ និងសូមអំពាវនាវដល់បងប្អូនឱ្យមានការជឿជាក់លើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដើម្បីឱ្យដំណើរការបើកការដ្ឋាននេះទទួលបានជោគជ័យផងដែរ៕