(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញបានបង្ក្រាបករណីលួចរថយន្ដ និងទទួលផលចោរកម្ម នៅខណ្ឌមានជ័យ ដោយចាប់ខ្លួនជនសង្ស័យចំនួន៥នាក់។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤។
នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល២៖១៨នាទីរំលងអធ្រាត្រ នៅចំណុចផ្ទះលេខ២៥ ផ្លូវលេខ៥ ស្ថិតនៅក្រុមទី១៤ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីលួចរថយន្តមួយបានកើតឡើង បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព លួចយករថយន្ត១គ្រឿង ម៉ាក MITSUBISHI PICKUP ពណ៌បៃតងចាស់ ពាក់ផ្លាកលេខភ្នំពេញ2E-1893 ដែលជនរងគ្រោះឈ្មោះ ស្រេង អី អាយុ២៥ឆ្នាំ រួចជិះគេចខ្លួនបាត់។
កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង២០៖០០នាទី ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ ជាជនដៃដល់នៅចំណុចច្រាំងបាក់ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្រោយមកកម្លាំងជំនាញ បានបន្តចាប់ឃាត់ខ្លួនអ្នកទទួលផលនៃអំពើលួចរថយន្តនេះ បានចំនួន៣នាក់បន្ថែមទៀត នៅចំណុចភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងដកហូតបានសម្ភារវត្ថុតាងរថយន្ត១គ្រឿង ដែលជារបស់ជនរងគ្រោះ។
ជនសង្ស័យទាំង៥នាក់នោះរួមមាន ទី១៖ឈ្មោះ ង្វៀង យ៉ាំងវី ហៅសុខ ដាវី អាយុ៣៥ឆ្នាំ (ជនដៃដល់), ទី២៖ឈ្មោះ ង្វៀង យ៉ាំងតាំ អាយុ៤៥ឆ្នាំ (សហចារីដឹកទម្លាក់), ទី៣៖ឈ្មោះ ង្វៀង យ៉ាំងឡេវ អាយុ៤២ឆ្នាំ, ទី៤៖ឈ្មោះ ប៉ាង យ៉ាំងធី អាយុ៣០ឆ្នាំ និងទី៥៖ឈ្មោះ អ៊ុក ឧត្តម អាយុ៣៧ឆ្នាំ។
វត្ថុតាងចាប់យកបាន រថយន្ត១គ្រឿង ម៉ាក MITSUBISHI PICKUP ពណ៌បៃតងចាស់ ពាក់ផ្លាកលេខភ្នំពេញ2E-1893 (ផលនៃបទល្មើស) និងម៉ូតូ១គ្រឿង ម៉ាក ម៉ីអូ ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ1M-0362 (មធ្យោបាយជិះធ្វើសកម្មភាព)។
បច្ចុប្បន្នកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕