(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង រួមជាមួយអ្នកសារព័ត៌មានក្នុងខេត្តជាច្រើនអង្គភាព កាលពីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ បានរៀបចំពិធីអបអរសាទរការបើកដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងធ្វើឡើងនៅទូទាំងប្រទេស នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ស្អែកនេះ។
ការប្រារព្ធពិធីអបអរសាទរ នៃពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ របស់ប្រជាពលរដ្ឋក្នុងភូមិបាញ់ឆ្គោល និងក្រុមអ្នកសារព័ត៌មានក្នុងខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ ម្សិលមិញ គឺប្រារព្ធធ្វើនៅមុនថ្ងៃកំណត់ ដែលពលរដ្ឋកម្ពុជាទូទាំងប្រទេស និងប្រារព្ធធ្វើនៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ព្រមៗគ្នា។ ករណីនេះដោយសារតែក្រុមអ្នកសារព័ត៌មាន ជាប់កាតព្វកិច្ចយ៉ាងសំខាន់ក្នុងការចូលរួមយកព័ត៌មានក្នុងពិធីអបអរសាទរបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ ដែលត្រូវប្រារព្ធធ្វើទ្រង់ទ្រាយធំនៅក្នុងសាលាខេត្តកំពង់ឆ្នាំង នាថ្ងៃទី៥ ខែសីហាផងដែរ។ ដោយឡែកប្រជាពលរដ្ឋនៅក្នុងភូមិបាញ់ឆ្គោល មួយចំនួនក៏ត្រូវអញ្ជើញទៅចូលរួមប្រារព្ធពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ នៅសាលាស្រុករលាប្អៀរ នាថ្ងៃទី៥ ខែសីហាស្អែកនេះ និងប្រជាពលរដ្ឋមួយចំនួនទៀតត្រៀមវាយជួង ទះប៉ោត ទូងស្ករ នៅតាមផ្ទះរបស់ពួកគាត់រៀងៗខ្លួន។ ទើបឆ្លៀតឱកាសធ្វើពិធីអបអរសាទរខាងលើនេះមុន២ថ្ងៃលុះនៅថ្ងៃទី៥ ខែសីហា និងធ្វើព្រមៗគ្នាម្ដងទៀតផងដែរ។
លោក ពៅ សុខហ៊ាន ប្រធានក្រុមអ្នកសារព័ត៌មានប្រចាំខេត្តកំពង់ឆ្នាំង ដែលបានដឹកនាំធ្វើពិធីខាងលើនេះបានឱ្យដឹងថា ការប្រារព្ធពិធីអបអរសាទរចំពោះពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ នៅព្រឹកថ្ងៃទី៣ ខែសីហានេះ ក្នុងគោលបំណង២រួមគ្នា គោលបំណងសំខាន់ទី១៖ គឺចូលរួមអបអរសាទរពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ និងទី២៖ គឺអបអរសាទរនូវសមិទ្ធផលថ្មី គឺស្ពានព្រែកក្រាំង ដែលស្ពាននេះស្ថិតក្នុងភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ដែលទើបនឹងបញ្ចប់ការសាងសង់សម្រេចជាស្ថាពរក្នុងពេលថ្មីៗកន្លងទៅនេះ។
លោកបានបន្តថា ចំពោះការអបអរសាទរនូវពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ គឺពលរដ្ឋកម្ពុជារីករាយយ៉ាងក្រៃលែងដោយទទួលបាននូវសមិទ្ធ ផលជាប្រវត្តិសាស្ត្រ ដែលជាការផ្ដួចផ្ដើមឡើងរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបច្ចុប្បន្នសម្ដេចជាប្រធានព្រឹទ្ធសភាជាតិ។ គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រតតភ្ជាប់ផ្លូវទឹកនៃប្រទេសកម្ពុជា ពីដៃទន្លេមេគង្គទៅកាន់សមុទ្រនៃប្រទេសកម្ពុជា គម្រោងនេះមានប្រវែងសរុប១៨០គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តចំនួន៤។
គម្រោងព្រែកជីកហ្វូណនតេជោនេះដែរ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ច កិត្យានុភាពប្រទេសជាតិនៃប្រទេសកម្ពុជា ការសាងសង់ព្រែកជីកហ្វូណនតេជោ គឺជាការកសាង និងបន្សល់នូវស្នាដៃជាប្រវត្តិសាស្ត្រ រំលឹកដល់សម័យហ្វូណន និងប្រព័ន្ធផ្លូវទឹកសម្រាប់ពាណិជ្ជកម្ម និងគមនាគមន៍ដែលការកសាងនេះជាការផ្សារភ្ជាប់ពីទំនាក់ទំនងនៃសន្តិភាព និងសាវតាដ៏រុងរឿងរបស់ខ្មែរក្នុងសម័យបុរាណ និងសម័យតេជោសន្តិភាព និងបង្ហាញពីការក្រោកឈរឡើងវិញនៃជាតិសាសន៍ និងប្រទេសកម្ពុជាបន្ទាប់ពីរងគ្រោះដោយសង្គ្រាម។
ដោយឡែកចំពោះសមិទ្ធផលស្ពានព្រែកក្រាំងនេះ លោកបានបញ្ជាក់ដឹងថា ស្ពាននេះមានប្រវែង២១ម៉ែត្រ ទទឹង៤.១០ម៉ែត្រ កម្ពស់៦ម៉ែត្រ ដែលសាងសង់អស់ថវិកា ២៦,០៧៥ដុល្លារ ស្ពាននេះបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ និងសាងសង់រួចរាល់នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ដូច្នេះការសាងសង់ស្ពានមួយនេះគឺមានរយៈពេល៦ខែ។ ឯការកសាងស្ពានមួយនេះផងដែរ ក៏ជាគំនិតផ្ដួចផ្ដើមរបស់លោក សំ សំណាង មេភូមិបាញ់ឆ្គោល ដែលលោកបានខិតខំកៀងគរដល់សប្បុរសជន ថ្នាក់ដឹកនាំ និងក៏ដោយមានការចូលរួមផ្សព្វផ្សាយដើម្បីកៀងគររកជំនួយសប្បុរសជន ពីក្រុមអ្នកសារព័ត៌មាននៅ ក្នុងខេត្តកំពង់ឆ្នាំងផងដែរ។
នៅក្នុងឱកាសនោះដែរលោក សំ សំណាង ក្នុងនាមលោកជាតំណាងឱ្យប្រជាពលរដ្ឋនៅក្នុងភូមិបាញ់ឆ្គោលទាំងមូល លោកក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង, លោកបណ្ឌិត សឹង សំណាង, លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ក្រុមការងាររាជរដ្ឋា ភិបាលចុះមូលដ្ឋានស្រុករលាប្អៀរ និងសប្បុរសជន រួមនឹងបងៗអ្នកសារព័ត៌មាន ដែលបានជួយឧបត្ថម្ភ និងរួមចំណែកក្នុងការកសាងស្ពាននេះរហូតបានសម្រេចជាស្ថាពរ។
លោកបានបញ្ជាក់ថា ស្ពាននេះបម្រើដល់ប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើនឃុំក្នុងនោះមានឃុំជ្រៃបាក់, ឃុំជើងគ្រាវ, ឃុំរលាប្អៀរ ដែលកន្លងមកធ្លាប់ធ្វើដំណើរដឹកកសិផល និងទំនិញផ្សេងៗបង្ការប្រាស្រ័យទាក់ទង និងដោះដូរទំនិញគ្នាទៅវិញទៅមកដោយឆ្លងកាត់ស្ពាននេះ ហើយស្ពាននេះនឹងសម្ពោធដាក់ឱ្យប្រើប្រាស់នៅដើមរដូវប្រាំងនេះ។
សម្រាប់លោក ម៉ៅ សុខា ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិបាញ់ឆ្គោល បានឱ្យដឹងផងដែរថា ការដែលលោករួមទាំងប្រជាពលរដ្ឋនៅក្នុងភូមិបាញ់ឆ្គោលទាំងមូលបានមកជួប ជុំគ្នានៅទីនេះ គឺទី១៖ ដើម្បីចូលរួមក្នុងពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងចាប់ផ្ដើមប្រារព្ធនៅទូទាំងប្រទេស នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ, ទី២៖ គឺការទទួលបាននូវសមិទ្ធផលថ្មីគឺស្ពានព្រែកក្រាំង ដែលកសាងឡើងក្រោមការផ្តួចផ្ដើមពីប្រជាពលរដ្ឋនៅក្នុងភូមិ និងមានការជួយឧបត្ថម្ភពីថ្នាក់ដឹកនាំ រួមទាំងសប្បុរសជន និងបងៗអ្នកសារព័ត៌មានក្នុងខេត្ត ទើបការកសាងស្ពានមួយនេះបានសម្រេចជាស្ថាពរសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់បានយូរអង្វែងតកូនតចៅពួកគាត់មានសេចក្តីត្រេកអរយ៉ាងក្រៃលែងបន្ទាប់ពីទទួលបានស្ពានមួយនេះក្នុងការបម្រើដល់ការដឹកជញ្ជូនកសិផល និងដឹកទំនិញផ្សេងៗឆ្លងកាត់ពីឃុំមួយទៅឃុំមួយព្រោះទីនេះពីដើមមកមានស្ពានឈើមួយសម្រាប់ប្រជាពលរដ្ឋដឹកស្រូវតាមរទេះគោនៅពេលប្រមូលផល និងធ្វើដំណើរតាមម៉ូតូ កង់ជាដើមលុះក្រោយមកស្ពាននេះក៏មានការទ្រុឌទ្រោមយ៉ាងខ្លាំងរហូតដល់បាក់ដាច់ហូរទៅតាមទឹកធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះមិនមានស្ពានសម្រាប់ធ្វើដំណើរនិងដឹកផលកសិកម្មរយៈពេលជាច្រើនឆ្នាំមកហើយ តែពេលនេះប្រជាពលរដ្ឋត្រេកអរឥតឧបមាដល់ថ្នាក់ដឹកនាំ និងសប្បុរសជន រួមទាំងអ្នកសារព័ត៌មានដែលបានជួយក្នុងការកសាងស្ពាននេះជូនប្រជាពលរដ្ឋប្រើប្រាស់តកូនតចៅ៕