(ភ្នំពេញ)៖ បេក្ខជនបណ្ឌិតមួយរូប របស់រាជបណ្ឌិត្យសភាកម្ពុជា លោក ឯម សុផល នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ បានចេញវិដេអូមួយ ដោយលើកឡើងថា គ្មានផលប្រយោជន៍អ្វីដល់ជាតិឡើយ ចំពោះការបំភ្លៃកម្មវិធីតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ហៅកាត់ថា CLV - DTA ។
ការលើកឡើងរបស់លោក ឯម សុផល បានធ្វើឡើងបន្ទាប់ពីមានវិដេអូមួយ ដែលបង្ហាញពីការប្រកាសគាំទ្ររបស់ប្រជាពលរដ្ឋលើ CLV - DTA ប៉ុន្តែមានការកាត់ខ្លឹមសារដើមវិដេអូនោះ ទៅជាការប្រកាសមិនគាំទ្រទៅវិញ។ ជាមួយគ្នានេះ ក៏មានក្រុមប្រឆាំងជ្រុលនិយម ជាពិសេសអ្នកវិភាគនៅក្រៅស្រុក ដែលតាំងខ្លួនជាអ្នកដឹងគ្រប់រឿង បានឆ្លៀតឱកាស ដើម្បីរុញសភាពការណ៍ឲ្យប្រជាពលរដ្ឋប៉ះបោរ និងកេងចំណេញនយោបាយទៀតផង។
តាមរយៈវិដេអូរបស់ខ្លួន បេក្ខជនបណ្ឌិត របស់រាជបណ្ឌិត្យសភាកម្ពុជា ជំនាញវិទ្យាសាស្ត្រនយោបាយ បានស្នើដល់អ្នកបំភ្លៃរឿង CLV - DTA បញ្ឈប់សកម្មភាពនេះ ព្រោះវាជារឿងខុសច្បាប់ ហើយនេះមិនមែនជាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិឡើយ។ លោកអះអាងថា ការបំភ្លៃបែបនេះ គឺជាការធ្វើវិទ្ធង្សនានយោបាយ។
លោក ឯម សុផល បានដាក់ជាសំណួរយ៉ាងដូច្នេះថា «តើមានផលប្រយោជន៍អីដល់ជាតិ ចំពោះការបំភ្លៃពាក់ព័ន្ធ កម្មវិធីតំបន់អភិវឌ្ឍន៍ត្រីកោណ CLV - DTA ? នេះគេហៅថា ធ្វើវិទ្ធង្សនានយោបាយហើយ។ ប្រការជារឿងខុសច្បាប់ដ៏ធ្ងន់ធ្ងរ អីចឹងបើត្រូវបានចាត់ដាក់ពន្ធនាគារ ច្បាស់ជាថាគេរំលោភសិទ្ធិមនុស្ស»។
សូមជម្រាបថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម គឺជាគំនិតផ្តួចផ្តើមដំបូងរបស់កម្ពុជា ក្នុងឆ្នាំ១៩៩៩ ដែលពេលនោះមាន សម្តេចតេជោ ជានាយករដ្ឋមន្ត្រី ក្នុងគោលបំណងជំរុញសមាហរណកម្មខេត្តជាប់ព្រំដែន នៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ដោយធ្វើយ៉ាងណាប្រែក្លាយព្រំដែននេះ ទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។ គិតមកដល់ឆ្នាំ២០២៤នេះ កិច្ចប្រជុំក្រោមក្របខណ្ឌនៃ តំបន់ត្រីកោណអភិវឌ្ឍន៍នេះ បានធ្វើឡើងចំនួន១១លើករួចមកហើយ ដោយមានការប្តូរវេនគ្នាធ្វើជាប្រធានរវាង ប្រទេសទាំងបី ហើយឆ្នាំ២០២៤នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល CLV លើកទី១២។
គម្រោងកិច្ចសហប្រតិបត្តិការនេះ មានគោលការណ៍គ្រឹះសំខាន់ ក្នុងការលើកកម្ពស់ការគោរព និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍រួម ការការពារបូរណភាពទឹកដី និងការដោះស្រាយបញ្ហា តាមរយៈទំនាក់ទំនងការទូត និងច្បាប់អន្តរជាតិ។ មិនតែប៉ុណ្ណោះ គម្រោងនេះ ជាការតភ្ជាប់ដែលនាំមកនូវការបង្កើនពាណិជ្ជកម្មឆ្លងដែន ការលើកកម្ពស់វិស័យទេសចរណ៍ ដែលជាគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងកាត់បន្ថយភាពក្រីក្រតាមតំបន់ព្រំដែន និងទូទាំងប្រទេសផងដែរ។
តាមរយៈកិច្ចសហប្រតិបត្តិការនេះ ប្រទេសទាំង៣បានសហការគ្នាយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាព ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកសន្តិសុខមិនមែនប្រពៃណី ដូចជា៖ ឧក្រិដ្ឋកម្មឆ្លងដែន ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ គ្រោះមហន្តរាយធម្មជាតិ សន្តិសុខសុខភាពសាធារណៈ ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀនជាដើម។
ស្រាប់តែថ្មីៗនេះ មានការបំភ្លៃពីក្រុមប្រឆាំងថា CLV - DTA ជាគម្រោងកាត់ដីឲ្យប្រទេសដទៃទៅវិញ។ ការបំភ្លៃនេះ រហូតក្រុមប្រឆាំងចង់រុញ ឲ្យមានចលនាប្រឆាំងរដ្ឋាភិបាល ដូចនៅប្រទេសបង់ក្លាដែស ទៀតផង។
ករណីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសធានាថា កម្មវិធីតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ហៅកាត់ថា CLV - DTA មិនធ្វើឱ្យកម្ពុជាបាត់បង់ទឹកដីនោះឡើយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសួរត្រឡប់ទៅក្រុមអ្នកនយោបាយប្រឆាំងក្រៅប្រទេសថា ហេតុអ្វី២៥ឆ្នាំហើយ មិនលើករឿង CLV? មិនដឹង ឬចង់ដុតឱ្យខ្លោច រោចឱ្យឆៅ?
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងថា មនុស្សតាំងខ្លួនដឹងគ្រប់រឿង បូកនឹងក្រុមមនុស្សមានចេតនាអាក្រក់បំផុសរឿង CLV មានត្រឹមប្រមាណ ០.២ភាគរយប៉ុណ្ណោះ។ ដោយឡែក អត្រាប្រមាណ ៩៩.៨ភាគរយ ជាពលរដ្ឋគ្មាននិន្នាការនយោបាយ ហើយបារម្ភពិតពីជោគវាសនាជាតិ៕