(ភ្នំពេញ)៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤នេះ បានបង្ហាញនូវទស្សនៈរបស់ខ្លួនអំពី «ការណ៍ពិត» និង «ការពារ»។ ទស្សនៈដែលលោកបណ្ឌិត បានបង្ហាញនោះគឺ ឱ្យតែមានហេតុការណ៍សង្គម នយោបាយ និងសេដ្ឋកិច្ចអ្វីមួយកើតឡើងម្តងៗ ការជជែកវែកញែកក្នុងចំណោមអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម និងតាមហាងកាហ្វេ មានលក្ខណៈសកម្ម និងផុលផុសមែនទែន ហើយក៏លេចមុខអ្នកជំនាញ ឬអ្នកប្រាជ្ញតាម Facebook ឬ TikTok ក៏ច្រើនដែរ ហើយអ្នកប្រាជ្ញពហុជំនាញដែលដឹងគ្រប់រឿងក៏មានមិនតិចដែរ។
លោកបណ្ឌិតបានរៀបរាប់ថា ក្នុងចំណោមអ្នកជជែកវែកញែកទាំងនោះ យើងអាចបែងចែកជាបីប្រភេទធំៗ ប្រភេទទី១ គឺអ្នកប្រឆាំងផ្កាប់មុខ, ប្រភេទទី២ គឺអ្នកគាំទ្រផ្កាប់មុខ និងប្រភេទទី៣ គឺអ្នកប្រកាន់ទស្សនៈកណ្តាលនិយម ឬ មជ្ឈិមបដិបទាប្រកបដោយហេតុផល ពោលគឺមិនឆ្វេងពេក មិនស្តាំពេក។
សម្រាប់ក្រុមមនុស្សប្រភេទទី១ នេះ ទោះបីរាជរដ្ឋាភិបាល ឬអាជ្ញាធរនិយាយអ្វី ឬក៏ធ្វើអ្វីក៏ខុសដែរ រិះគន់ ជេរបញ្ចោរគ្មានហេតុផល មានតែលេសដើម្បីជេរ និងដើម្បីចោទ។ សូម្បីតែអ្នកសិក្សាស្រាវជ្រាវ បណ្ឌិត បញ្ញវន្ត ឬអ្នកជំនាញខិតខំពន្យល់ហេតុផលបែបណា ក៏ស្តាប់មិនបានដែរ ដឹងតែពីជេរនិងចោទ។ អ្នកសិក្សាស្រាវជ្រាវ បណ្ឌិត បញ្ញវន្ត ឬអ្នកជំនាញច្រើនណាស់ត្រូវបានមនុស្សក្រុមប្រភេទទី១នេះ ជេរនិងចោទថា មិននិយាយការណ៍ពិត គិតតែនិយាយការពារ, លក់ក្បាល, លក់ឧត្តមគតិ, ទ្រពង, ក្បត់ជាតិ ដើម្បីលុយកាក់, បុណ្យសក្តិ និងមុខតំណែង។
រីឯក្រុមមនុស្សប្រភេទទី២ ក៏មិនខុសពីក្រុមមនុស្សប្រភេទទី១ ប៉ុន្មានដែរ ឱ្យតែនរណាហ៊ានរិះគន់ប៉ះពាល់ផលប្រយោជន៍ខ្លួន គឺចោទគេថាជាក្រុមប្រឆាំងផ្កាប់មុខឬក្រុមជ្រុលនិយមបង្កចលាចលសង្គម ជាដើម ដោយមិនបានគិតហេតុផលឬយកកង្វល់អ្នករិះគន់ទាំងនោះមកពិចារណាដោយយកចិត្តទុកដាក់ទេ។ ប្រជាពលរដ្ឋមួយចំនួនក៏ត្រូវរងអំពើអយុត្តិធម៌ដោយក្រុមមនុស្សប្រភេទទី២នេះដែរ។ គឺក្រុមមនុស្សប្រភេទទី២នេះហើយ ដែលរុញបេះដូងប្រជាពលរដ្ឋឱ្យឃ្លាតឆ្ងាយពីរាជរដ្ឋាភិបាល ពីព្រោះក្រុមមនុស្សប្រភេទទី២នេះ ពូកែតែចោទនិងចាប់ ដូចគ្នានឹងក្រុមមនុស្សប្រភេទី១ដែរ ដែលពូកែតែជេរនិងចោទ។
ដោយឡែកក្រុមមនុស្សប្រភេទទី៣ ជាក្រុមមនុស្សដែលសង្គមយើងត្រូវការ ព្រោះជាប្រភេទមនុស្សដែលមានគុណភាព ហេតុផល សីលធម៌ គុណធម៌ ឧត្តមគតិ មនសិការ និង វិចារណញាណ។ នៅពេលដែលមនុស្សមានហេតុផល ចេះថ្លឹងថ្លែងគុណទោស ខុសត្រូវ ខាតចំណេញ ក្តៅត្រជាក់ ជិតឆ្ងាយ សុខទុក្ខ និងចេះក្រែងចិត្តអ្នកដទៃ, មនុស្សបែបនេះមិនទាញសង្គមឱ្យក្រឡាប់ចក្រ មិននាំប្រជាជនឱ្យអស់សង្ឃឹម ទុទ្ទិដ្ឋនិយម ឬជ្រុលនិយមទេ តែនាំប្រជាជនឱ្យមានហេតុផល មិនឆេវឆាវ មានក្តីសង្ឃឹម និងសុទិដ្ឋិនិយមចំពោះខ្លួនឯង សង្គមជាតិ និងភពផែនដី។
ដូច្នេះ ការនិយាយ «ការណ៍ពិត» ឬ «ការពារ» ទៅលើហេតុការណ៍សង្គម នយោបាយ និងសេដ្ឋកិច្ច សូមកុំផ្អែកតែទៅលើទំនោរ និន្នាការ និងឧត្តមគតិនយោបាយឬសង្គមដែលខ្លួនប្រកាន់យក ត្រូវឈរលើធាតុសត្យានុម័តឬសច្ចភាពផ្ទាល់នៃហេតុការណ៍សង្គម នយោបាយ និងសេដ្ឋកិច្ចនោះ។ ខ្មែរយើងតែងនិយាយថា អ្វីក៏ដោយ ឱ្យតែ «ពេក» គឺមិនល្អទេ។ រសប្រៃនៃអំបិល រសផ្អែមនៃស្ករ រសល្វីងនៃស្ដៅ មិនប្រែប្រួលទេ តែអ្វីដែលប្រែប្រួល គឺការគិតរបស់មនុស្ស ដូចគ្នានឹងសច្ចភាពនៃសង្គមការណ៍ដែរ វាមិនប្រែប្រួលទេ ហើយប្រវត្តិសាស្ត្រកត់ត្រាទុកនូវសច្ចភាពទាំងនោះ៕