(ភ្នំពេញ)៖ ឯកឧត្តម សុខ សូកាន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគិរីវង់ ខេត្តតាកែវ និងក្រុមការងារ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបើកការដ្ឋាន «ព្រែកជីកហ្វូណនតេជោ» ដែលជាព្រែកជីកប្រវត្តិសាស្ត្រ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រព្រឹត្តនៅថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។
តាមរយៈញ្ញតិគាំទ្រ ឯកឧត្តម សុខ សូកាន បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ព្រែកជីកហ្វូណនតេជោ ជាគំនិតផ្តួចផ្តើមដ៏ឧត្តុង្គឧត្តមប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយត្រូវបានបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ ដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយថាមពល ភាពប៉ិនប្រសប់ និងប្រាកដនិយមរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ព្រែកជីកហ្វូណនតេជោ បានបញ្ជាក់ពីភាពជាម្ចាស់លើជោគវាសនារបស់ប្រទេសជាតិ ឯករាជ្យភាព និងកម្លាំងសាមគ្គីដ៏រឹងមាំមិនអាចបំបែកបានរបស់ប្រជាជនកម្ពុជា ព្រមទាំងជាកាតាលីករជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តភ្ជាប់សរសៃឈាមសេដ្ឋកិច្ចនិងផ្លូវទឹកកម្ពុជាទៅកាន់សមុទ្រ ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រវែងសរុប ១៨០គីឡូម៉ែត្រ។ គម្រោងនេះនឹងជំរុញការរីកចម្រើននៃវិស័យដឹកជញ្ជូនកម្ពុជា ដោយកាត់បន្ថយតម្លៃដឹកជញ្ជូន ពេលវេលា ចម្ងាយផ្លូវ និងកាត់បន្ថយការកកស្ទះចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ។
លើសពីនេះព្រែកជីកហ្វូណនតេជោក៏នឹងបង្កើតនូវតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាប នៅតាមព្រែក និងការវិនិយោគផ្សេងៗជាច្រើនទៀត។ ឧត្តមប្រយោជន៍ដ៏ធំធេងខាងលើនេះ បានឆ្លុះបញ្ចាំងឱ្យឃើញជាក់ច្បាស់ថាគម្រោង «ព្រែកជីកហ្វូណនតេជោ» គឺជាគម្រោងបម្រើផលប្រយោជន៍ដ៏មហិមារបស់ព្រះរាជាណាចក្រកម្ពុជា។
ជាថ្មីម្ដងទៀត យើងខ្ញុំទាំងអស់គ្នាសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបើកការដ្ឋាន «ព្រែកជីកហ្វូណនតេជោ» ដែលនឹងក្លាយជាព្រែកជីកប្រវត្តិសាស្ត្រ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាមរតកដ៏មានតម្លៃមហាសាលសម្រាប់ប្រជាជនកម្ពុជា ក្រោមយុគសម័យសន្តិភាពរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយកមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសករាជនៃនវានុវត្តន៍ និងបរិវត្តកម្មឌីជីថលនៃកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយអភិបាលប្រោះព្រំ ប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងក្រុមគ្រួសារជាទីគោរពស្រឡាញ់ សូមបានសមប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕