(កំពត)៖ ថ្លែងចេញពីចម្ការត្នោត នៅស្រុកជុំគិរី ខេត្តកំពត, លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបង្ហាញមហិច្ឆតាចង់អភិវឌ្ឍន៍ការធ្វើស្ករត្នោតពីលក្ខណៈគ្រួសារ ឱ្យទៅជាការធ្វើបែបលក្ខណៈពាណិជ្ជកម្មខ្នាតអន្តរជាតិ និងបំព្រួញពូជត្នោតឱ្យឆាប់ទទួលផល យ៉ាងហោចណាស់ ពីអាយុ១២ឆ្នាំ មកត្រឹមអាយុ៨ឆ្នាំ ព្រមទាំងធ្វើឱ្យមានកម្ពស់ទាបជាដើម។
ការបបង្ហាញមហិច្ឆតាបែបនេះរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានធ្វើឡើងក្នុងឱកាសលោកឆ្លើយតបនឹងសំណួរក្រុមអ្នកសារព័ត៌មាន ដែលបានចុះទៅផ្ទាល់ទីតាំងចម្ការ គ្រាដែលលោកបានដឹកនាំមន្ត្រីរាជការ ព្រមទាំងប្រធានមន្ទីរបរិស្ថាន ទូទាំង២៥រាជធានី-ខេត្តចុះសិក្សាស្វែងយល់ពីរបៀបបណ្តុះ និងដាំកូនត្នោត នៅក្នុងស្រុកជុំគិរី ខេត្តកំពត កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ម្សិលមិញ។
លោកបណ្ឌិត អ៊ាង សុផល្លែត បានបង្ហាញមហិច្ឆតាយ៉ាងដូច្នេះថា៖ «ខ្ញុំកំពុងតែសិក្សានិក្ខេបបទបណ្ឌិតរបស់ខ្ញុំ ដើមត្នោតនេះតែម្តង ទី១៖ កែប្រែដើមត្នោតពីការធ្វើពាណិជ្ជកម្មបែបគ្រួសារ ឱ្យទៅជាពាណិជ្ជកម្មខ្មាតអន្តរជាតិតែម្តង, ទី២៖ ខ្ញុំចង់ធ្វើយ៉ាងណាសិក្សាឱ្យបានលម្អិតពីត្នោតហ្នឹង ដោយបំព្រួញពីអាយុ១២ឆ្នាំ មកត្រឹម១០ឆ្នាំ, ៨ឆ្នាំបានផល, ទី៣៖ បំព្រួញពីកម្ពស់ ២០ ឬ៣០ម៉ែត្រ មកត្រឹម៥ ឬ៦ម៉ែត្រ ដើម្បីបានផលមកវិញ ហើយនេះជាគោលដៅចម្បងរបស់ខ្ញុំ»។
លោកបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា បានបញ្ជាក់ពីមហិច្ឆតាក្នុងការជំរុញការដាំដើមត្នោតនៅទូទាំងប្រទេសកម្ពុជា ដើម្បីធ្វើជាដំណាំពាណិជ្ជកម្ម ខណៈរុក្ខជាតិមួយប្រភេទនេះ ជាអត្តសញ្ញាណជាតិ ប៉ុន្តែ មានការបាត់បង់ដោយសារការកាប់ធ្វើសំណង់លំនៅឋាន ឬសម្ភារផ្សេងៗ និងមិនមានការចាប់អារម្មណ៍ក្នុងការដាំឡើងវិញពីប្រជាពលរដ្ឋ។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងថា មកដល់បច្ចុប្បន្ន នៅលើដីរបស់លោកផ្ទាល់ គឺបានដាំដើមត្នោតបានចំនួន៥ម៉ឺនដើមរួចទៅហើយ ដែលត្នោតទាំងនេះមានអាយុកាល៥ឆ្នាំ។ ចំណែកនៅក្នុងថ្នាលបណ្តុះវិញ កំពុងដាក់គ្រាប់បណ្តុះបានចំនួន២០ម៉ឺនគ្រាប់ហើយ ខណៈក្នុងគោលដៅនៅទីនេះ គ្រោងដាក់ដល់៧០ ម៉ឺនគ្រាប់ ដើម្បីបានជាកូនត្នោត ទុកសម្រាប់ចែកជូនប្រជាពលរដ្ឋយកទៅដាំនៅឆ្នាំក្រោយ។
លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ថ្នាលបណ្ដុះនៅទីនេះ (ស្រុកជុំគិរី ខេត្តកំពត) នៅឆ្នាំក្រោយអាចផ្ដល់ជាកូនត្នោតបាន៥០ម៉ឺនដើម សម្រាប់ចែកជូនប្រជាពលរដ្ឋយកទៅដាំ ខណៈនៅតាមមន្ទីរបរិស្ថានទូទាំង២៥រាជធានី-ខេត្ត។ លោកក៏បានជំរុញការបណ្ដុះឱ្យបាន៥០ម៉ឺនដើមបន្ថែមទៀត។ ឥឡូវនេះថ្នាលបណ្ដុះកូនត្នោត គឺមានគ្រប់មន្ទីររាជធានីខេត្តទាំងអស់ រួមទាំងទីនេះមួយទៀតដែលជាធំជាងគេ ដើម្បីជំរុញការដាំដើមត្នោតនៅឆ្នាំក្រោយឱ្យបាន១លានដើមក្នុងគោលដៅជំរុញការដាំជាគម្របព្រៃឈើផង និងដើម្បីផលចំណេញផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្មនៅថ្ងៃមុខផង។
បន្ថែមពីនេះ លោករដ្ឋមន្រ្តី បានបន្តថា ការរួមគ្នាបំផុសចលនាដាំដើមត្នោតឱ្យបានច្រើន គឺមិនត្រឹមតែសម្រាប់រក្សាអត្តសញ្ញាណជាតិប៉ុណ្ណោះទេ ប៉ុន្តែជាការជំរុញ និងប្រែក្លាយដើមត្នោត ទៅជាដំណាំពាណិជ្ជកម្ម ខណៈវាផ្តល់នូវអត្ថប្រយោជន៍ជាច្រើន។
លោកបណ្ឌិត បានគូសបញ្ជាក់ថា៖ «កន្លងមកដើមត្នោតរបស់យើងមានដុះរាយប៉ាយច្រើន ហើយមិនអាចប្រមូលផលជាដំណាំពាណិជ្ជកម្មបាននៅឡើយ។ ដូច្នេះហើយបានជាខ្ញុំយល់ឃើញថា គួរតែជំរុញឱ្យក្លាយទៅជាដំណាំពាណិជ្ជកម្មពីការកៀបយកទឹកទៅផលិតជាស្ករ និងភេសជ្ជៈផ្សេងៗ ហើយដើមរបស់វានៅពេលមានអាយុ២០ឆ្នាំឡើងទៅខ្ពស់ ចាស់ខ្លឹមអាចកាប់ធ្វើជាក្តារបន្ទះសម្រាប់គ្រឿងសង្ហារឹម និងសម្ភារផ្សេងៗ»។
បន្ថែមពីនេះ លោកបណ្ឌិតរដ្ឋមន្ត្រីបានបន្តថា តាមបច្ចេកទេសថ្មី និងការថែទាំបានល្អ ត្នោតអាយុ១២ឆ្នាំ ឬទាបជាងនេះ អាចប្រមូលផលបានហើយ។ រដ្ឋមន្រ្តី បានឱ្យដឹងពីបច្ចេកទេសនៃការដាំត្នោតជាចម្ការ និងតាមការធ្វើទំនើបកម្មក្នុងការដាំ ដោយការដាំជាជួរមានចន្លោះគម្លាត៤,៥ម៉ែត្រ ពីមួយដើមទៅមួយដើម ដោយវិធីសាស្រ្តបែបនេះ ផ្តល់ភាពងាយស្រួលក្នុងការប្រមូលផល និងអាចជួយឱ្យប្រជាពលរដ្ឋរកចំណូលបាន។ លើសពីនេះចម្ការត្នោតបង្ហាញជូនទេសចរជាតិ អន្តរជាតិ ពីសោភ័ណភាពនៃការដាំពីជីវភាពរស់នៅរបស់ពលរដ្ឋផ្សារភ្ជាប់នឹងប្រពៃណីវប្បធម៌ជាតិ ដែលកើតមានតាំងពីយូរលង់ណាស់មកហើយ។
លោកបណ្ឌិត អ៊ាង សុផល្លែត ក៏បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដាំរុក្ខជាតិនេះ ក្នុងគោលបំណងលើកស្ទួយតម្លៃវប្បធម៌ជាតិផ្សារភ្ជាប់ទឹកដី។
ដើមត្នោតត្រូវបានចាត់បញ្ចូល ជាប្រភេទរុក្ខជាតិនិមិត្តរូបជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥។ រុក្ខរបស់ត្នោត ឱ្យផ្តល់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ដូចជាផ្តល់គម្របបៃតង និងអត្ថប្រយោជន៍ជាច្រើន សម្រាប់ការរស់នៅប្រចាំថ្ងៃ ដូចជាទឹកត្នោត ស្ករត្នោតដែលបានមកពីទឹកត្នោត ប្រភេទអារហារដែលផ្តល់ថាមពល ជួយដល់សុខភាព ស្លឹកត្នោតអាចយកទៅប្រក់ដំបូលផ្ទះ ចំណែកដើមត្នោតធ្វើទូក និងផ្ទះជាដើម លើសពីនេះក៏មានសម្ភារប្រើប្រាស់ជាច្រើនបានច្នៃចេញពីរុក្ខរបស់ជាតិ គឺត្នោតនេះផងដែរ៕