(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤នេះ បានដឹកនាំប្រតិភូ ចូលគោរពវិញ្ញាណក្ខន្ធសព មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ឃៀង ជា ដែលត្រូវជាបិតាបង្កើត របស់លោក ឃៀង សុជីវ័ន្ត សមាជិកក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ដែលបានទទួលមរណភាព កាលពីវេលាម៉ោង ០៦ និង៣០នាទីល្ងាច ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ម្សិលមិញ ក្នុងជន្មាយុ៨៤ឆ្នាំ ដោយឧបទ្វហេតុគ្រោះថ្នាក់ចរាចរណ៍។
ពិធីគោរពវិញ្ញាណក្ខន្ធសព ត្រូវបានធ្វើឡើងនៅគេហដ្ឋាននៃសព ដែលស្ថិតក្នុងភូមិក្បាលស្ពានថ្ម សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
លោក ខូយ រីដា តាងនាមជំនួសមុខឱ្យក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងប្រជាពលរដ្ឋ ទូទាំងខេត្តពោធិ៍សាត់ បានសម្តែងនូវក្តីក្រៀមក្រំ ក្តុកក្តួលរំជួលចិត្ត សោកស្តាយក្រៃលែង ចំពោះការបាត់បង់ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ឃៀង ជា នាពេលនេះ។
លោកបានចាត់ទុកថា មរណភាពរបស់មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ឃៀង ជា គឺជាការបាត់បង់ សប្បុរសជនដ៏ល្អមួយរូប ដែលមានសទ្ធាជ្រះថ្លា ក្នុងការងារមនុស្សធម៌ និងការងារព្រះពុទ្ធសាសនា ព្រមទាំងជាការបាត់បង់ស្វាមី ឪពុក ឪពុកក្មេង ជីតា ជីតាតួត ប្រកបដោយព្រហ្មវិហារធម៌ និងជាទីស្រលាញ់ ដែលបានបីបាច់ថ្នាក់ថ្នមថែរក្សា និងផ្គត់ផ្គង់គ្រប់បែបយ៉ាង ដល់ក្រុមគ្រួសារ និងបានអប់រំណែនាំ ផ្តល់ដំបូន្មានល្អៗ ធ្វើឱ្យកូនចៅបានក្លាយជាថ្នាក់ដឹកនាំ និងជាប្រជាពលរដ្ឋដ៏ល្អ។
ស្ថិតក្នុងស្ថានភាពដ៏ក្រៀមក្រំនេះ លោកអភិបាលខេត្ត ក៏សូមចូលរួមរំលែកនូវមរណទុក្ខ និងសេចក្តីសោកស្តាយ អាឡោះអាល័យជាទីបំផុត ជាមួយក្រុមគ្រួសារនៃសព ដោយសេចក្តីសង្វេគជាទីបំផុត និងសូមឧទ្ទឹសបួងសួង ដល់វិញ្ញាណក្ខន្ធ របស់មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏ ឃៀង ជា បានសោយសុខក្នុងសុគតិភព កុំបីឃ្លាងឃ្លាតឡើយ៕