(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះមន្រ្តីរាជការ ពាណិជ្ជករ ឯកជននានា ដែលបានចូលរួមឆ្លើយតប និងសេចក្តីអំពាវនាវរបស់ សម្តេចតេជោក្នុងការជួយទិញស្រូវ ដើម្បីជួយដោះស្រាយបញ្ហាជីវភាពរបស់កសិករ ដែលកំពុងជួបបញ្ហាលើតម្លៃស្រូវធ្លាក់ចុះ នេះបើយោងតាមលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ប្រាប់យ៉ាងដូច្នេះ។
ការមានប្រសាសន៍បែបនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី នាវិមានសន្តិភាព ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦។
កិច្ចប្រជុំគណៈរដ្ឋមន្រ្តី ពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖
១៖ សេចក្ដីព្រាងច្បាប់ ស្តីពីវិសោធនកម្មមាត្រា៨ មាត្រា៤០ មាត្រា៤១ មាត្រា៤៨ មាត្រា៧៥ មាត្រា៧៧ មាត្រា៨២ មាត្រា៩០ នៃច្បាប់ស្តីពីចរាចរណ៏ផ្លូវគោក។
២៖ ឯកសារគោលនយោបាយ ស្តីពីការអភិវឌ្ឍយន្តការភាពជាដៃគូររវាងរដ្ឋ និងឯកជនសម្រាប់គ្រប់គ្រងគម្រោងវិនិយោគសាធារណៈ ២០១៦-២០២០។
៣៖ បញ្ហាផ្សេងៗ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័ន ពីស្ថាប័ននីតិប្បញ្ញត្តិលើ «កិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ» ដែលនឹងប្រព្រឹត្តទៅនៅ ទីស្ដីការនាយករដ្ឋមន្រ្តី៕