(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤នេះ បានដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងតំបន់ប្រតិបត្តិការសឹករងខេត្ត ចំណុះឱ្យយោធភូមិភាគទី៤ បានរៀបចំក្បូន និងហាត់សម ដើម្បីអបអរសាទរការបើកការដ្ឋានសាង់សងព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ស្អែកនេះ។
នាឱកាសនោះដែរ លោក ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែងថា ក្នុងនាមនាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ចំណុះឱ្យយោធភូមិភាគទី៤ទាំងអស់ សូមគាំទ្រយ៉ាងពេញទំហឹងគម្រោងព្រែកជីកហ្វូណន និងអបអរសាទរការបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ»នៅថ្ងៃ៥ សីហា ឆ្នាំ២០២៤ ដែលជាថ្ងៃដ៏អស្ចារ្យថ្មីមួយសម្រាប់កម្ពុជា ទាំងរដ្ឋាភិបាលកម្ពុជា និងប្រជាជនខ្មែរទូទាំងនគរ ចាត់ទុកជាថ្ងៃចងចាំជាប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់កម្ពុជា ដែលយើងមានសមិទ្ធផលផ្លូវទឹកជាមរតកប្រវត្តិសាស្ត្រសម្រាប់បម្រើដល់ផលប្រយោជន៍សេដ្ឋកិច្ចជាតិ និងប្រជាជន។
លោកមេបញ្ជាការបានលើកឡើងថា៖ «យើងខ្ញុំទាំងអស់គ្នាជា នាយទាហាន នាយទាហានរង និងពលទាហាន សូមធ្វើការប្តេជ្ញាចិត្ត និងគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោង«ព្រែកជីកហ្វូណនតេជោ» និងអបអរសាទការបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ដោយម៉ឺងម៉ាត់ និងឥតងាករេក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងអនុវត្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា»។
លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រមួយដែលនឹងផ្តល់ផលប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋខ្មែរយ៉ាងច្រើន ទាំងពេលនេះ និងទៅថ្ងៃអនាគត។ ព្រែកជីកហ្វូណនតេជោ ដំណើរឆ្ពោះទៅមុខ ដើម្បីផលប្រយោជន៍ប្រជាជាតិកម្ពុជាគ្រប់ជំនាន់។
បាំងតែមួយថ្ងៃទៀតប៉ុណ្ណោះ «គម្រោងព្រែកជីកហ្វូណនតេជោ» នឹងត្រូវបើកការដ្ឋានជាផ្លូវការក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។
គម្រោងព្រែកជីកហ្វូណនតេជោ គឺជាផ្ដួចផ្ដើមឡើងដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយកំពុងបន្តជំរុញការអនុវត្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ដើម្បីជាអត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលានិងចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេង ជាពិសេសផ្នែកសេដ្ឋកិច្ច-សង្គមនៅកម្ពុជា៕