(កំពង់ចាម)៖ ព្រះសង្ឃ និងពុទ្ធបរិស័ទ គង់ និងចំណុះឲ្យវត្តអារាមប្រមាណជា ៥០វត្ត នៅទូទាំង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានត្រៀមលក្ខណៈរួចរាល់ហើយ ក្នុងការចូលរួមអបអរសាទរ ការបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាង មុខនេះ ដែលនឹងក្លាយជាសមិទ្ធផលប្រវត្តិសាស្ត្ររបស់កម្ពុជា ។
ព្រះវិសុទ្ធមុនី រស់ លីមខូយ ព្រះរាជាគណៈថ្នាក់កិត្តិយស អនុគណស្រុកស្រីសន្ធរ និង ជាព្រះគ្រូចៅអធិការវត្តកោះកែវ មានសង្ឃដីកាថា បន្ទាប់ពីមានសារចរណែនាំពីរាជរដ្ឋាភិបាល ព្រះអង្គបានធ្វើការកោះប្រជុំព្រះសង្ឃ អាចារ្យ គណៈកម្មកាវត្ត ស្ថិតក្នុងស្រុកស្រីសន្ធរចំនួន៥០ វត្ត រួមទាំងពុទ្ធបរិស័ទ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាដើម ត្រៀមលក្ខណៈចូលរួមអបអរ សាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ខណៈវត្តកោះកែវនឹងមានការទូងស្គរ វាយជូង វាយរគាំង ការកាន់ទង់ជាតិ ទង់សាសនាដែលនឹងមានព្រះសង្ឃ និងពុទ្ធបរិស័ទ ចូលរួមប្រមាណជាង ១ពាន់នាក់ ។
ព្រះអង្គមានថេរៈដីកាបន្តថា ទន្ទឹមនោះ នៅក្នុងការជួបជុំជូនដំណឹងនេះ ព្រះអង្គក៏បាន បញ្ជ្រៀបពីខ្លឹមសារ នៃអត្ថប្រយោជន៍ដ៏មហាសាល ដែលជាចក្ខុវិស័យដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក្នុងការផ្ដួចផ្ដើមកសាងនូវព្រែកជីកនេះ ទុកឲ្យកូនចៅ ខ្មែរជំនាន់ក្រោយ នឹងមានការជឿជាក់បំផុត ថារាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំ របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអនុវត្តការងារនេះ ទទួលបានជោគជ័យ សម្រាប់ជំរុញកំណើន សេដ្ឋកិច្ចជាតិ ។
ព្រះរតនសត្ថា សែម សុវាសនា ព្រះគ្រូចៅអធិការវត្តផ្ទះកណ្ដាល មានសង្ឃដីកាថា បន្ទាប់ពីទទួលបានការណែនាំ វត្តអារាមព្រះអង្គ នឹងមានការជួបជុំព្រះសង្ឃ និងពុទ្ធបរិស័ទឲ្យ បានច្រើនកុះករ ដើម្បីអបអរសាទរ ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ជាមួយ នឹងមានការរាប់បាត្រព្រះសង្ឃ ដើម្បីថ្វាយ និងជូនបុណ្យកុសល ដល់ព្រះវិញ្ញាណក្ខន្ធព្រះរាជា បុព្វបុរសខ្មែរជួយថែរក្សាការពារ ឲ្យដំណើរការសាងសង់នេះ ទទួលបានជោគជ័យ តាមការ គ្រោងទុករបស់រាជរដ្ឋាភិបាល ។
គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងប្រវត្តិសាស្ត្រលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជាដើម្បី តភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ លក្ខណៈបច្ចេកទេសទូទៅរបស់ផ្លូវទឹក មានប្រវែងប្រមាណ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាម ព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាង ផ្លូវទឹកនេះ ៕