(ភ្នំពេញ)៖ លោក ផាន់ វណ្ណរ័ត្ន អគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមតុលាការកំពូល និងលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប អមដោយលោក-លោកស្រីព្រះរាជអាជ្ញារង ព្រមទាំងសហការី បានទទួលស្វាគមន៍យ៉ាងកក់ក្តៅនូវដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ នៃអយ្យការប្រជាជនកំពូលឡាវ ដឹកនាំដោយលោក ស៊ៃ សាណា ឃុតភុនថន អគ្គរដ្ឋអាជ្ញា នៃអយ្យការប្រជាជនកំពូលឡាវ អមដំណើរដោយអគ្គរដ្ឋអាជ្ញារង និងសហការី មកទស្សនកិច្ចនៅខេត្តសៀមរាបរយៈពេល ៣ថ្ងៃ។
អគ្គរដ្ឋអាជ្ញាឡាវ បានទស្សនកិច្ច នៅខេត្តសៀមរាប រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤។
នៅក្នុងដំណើរទស្សនកិច្ចក្នុងខេត្តសៀមរាបនេះ លោកអគ្គរដ្ឋអាជ្ញា បានដឹកនាំគណៈប្រតិភូឡាវមកទស្សនកិច្ចអយ្យការអមសាលាដំបូងខេត្តសៀមរាប ដើម្បី៖
*ស្វែងយល់អំពីរចនាសម្ព័ន្ធរបស់អយ្យការអមសាលាដំបូងខេត្តសៀមរាប។
*ស្វែងយល់អំពីក្របខណ្ឌច្បាប់ព្រហ្មទណ្ឌកម្ពុជា ពិសេសពាក់ព័ន្ធទៅនឹងតួនាទី និងភារកិច្ចរបស់ព្រះរាជអាជ្ញា។
*ពិភាក្សាការងារ និងផ្លាស់ប្តូរបទពិសោធន៍ពាក់ព័ន្ធទៅនឹងចំណាត់សំណុំរឿង បច្ចេកទេសនៃការស៊ើបអង្កេត និងការការដឹកនាំ និងសម្របសម្រួលមន្រ្តីនគរបាលយុត្តិធម៌នៅក្នុងដែនដីរបស់ខ្លួន។
មុនពេលបញ្ចប់កិច្ចពិភាក្សាការងារនេះ អគ្គរដ្ឋអាជ្ញា នៃអយ្យការប្រជាជនកំពូលឡាវ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារបស់អយ្យការអមសាលាដំបូងខេត្តសៀមរាប ក្នុងការចាត់ការសំណុំរឿងព្រហ្មទណ្ឌ ហើយលោកចាត់ទុកថា ជំនួបពិភាក្សាការងារ និងការផ្លាស់ប្តូរបទពិសោធន៍នេះ ពិតជាផ្តល់ប្រយោជន៍ខ្លាំងដល់ភាគីឡាវ ខណៈខាងប្រទេសឡាវ កំពុងពិចារណាលើការធ្វើវិសោធនកម្មច្បាប់ព្រហ្មទណ្ឌរបស់ខ្លួន។
ក្រៅពីទស្សនកិច្ចអយ្យការអមសាលាដំបូងខេត្តសៀមរាប លោកអគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមតុលាការកំពូល និង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានជូនគណៈប្រតិភូឡាវទៅទស្សនាប្រាង្គប្រាសាទមួយចំនួនក្នុងនោះមានប្រាសាទអង្គរវត្ត ប្រាសាទតាព្រហ្មជាអាទិ៍ ដើម្បីឈ្វេងយល់ពីវប្បធម៌ អរិយធម៌ដ៏រុងរឿងរបស់ប្រទេសកម្ពុជា។ អគ្គរដ្ឋអាជ្ញា និងប្រតិភូអមបានសម្តែងនូវការស្ងើចសរសើរយ៉ាងក្រៃលែងចំពោះសំណង់ប្រាសាទខ្មែរដ៏អច្ឆរិយៈរបស់បុព្វបុរសខ្មែរដែលសាកសមជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក។
មុននឹងធ្វើដំណើរត្រលប់ទៅ លោក ស៊ៃ សាណា ឃុតភុនថន បានថ្លែងអំណរគុណយ៉ាងជ្រៅចំពោះ លោក ផាន់ វណ្ណរ័ត្ន និងលោក មាស ច័ន្ទពិសិដ្ឋ ចំពោះការទទួលស្វាគមន៍យ៉ាងយកចិត្តទុកដាក់ និងកក់ក្តៅ ក្នុងអំឡុងពេលទស្សនកិច្ចរយៈពេល ០៣ ថ្ងៃនេះ ហើយលោក ស៊ៃ សាណា ឃុតភុនថន សង្ឃឹមថា នាពេលអនាគត ស្ថាប័នទាំងពីរនឹងសហការរៀបចំសិក្ខាសាលារួមគ្នាពាក់ព័ន្ធនឹងការធ្វើអធិការកិច្ចអង្គភាពមន្ត្រីនគរបាលយុត្តិធម៌ និងពន្ធនាគារ ក្នុងន័យដើម្បីចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍រវាងស្ថាប័ននៃប្រទេសទាំងពីរ៕