(កណ្ដាល)៖ លោក សែម សោត្ថី ប្រធានក្រុមប្រឹក្សា និងលោកបណ្ឌិត កន សុកកាយ អភិបាលស្រុកល្វាឯម ព្រមទាំងមន្ត្រីរាជការទូទាំងស្រុកល្វាឯម បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកហ្វូណនតេជោ ដែលផ្ដួចផ្ដើមឡើងរបស់សម្ដេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងវេនដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកបណ្ឌិត កន សុកកាយ បានថ្លែងពីគុណតម្លៃ និងផលប្រយោជន៍យ៉ាងសម្បូរបែបនៃគម្រោងព្រែកជីកហ្វូណនតេជោនេះ ដែលនាំឱ្យសេដ្ឋកិច្ចប្រទេសជាតិកើនឡើងយ៉ាងខ្លាំង និងប្រជាពលរដ្ឋទូទាំងប្រទេសនឹងទទួលបានផលប្រយោជន៍សេដ្ឋកិច្ចមួយកម្រិតថែមទៀត ។
លោកបណ្ឌិតបានបន្ថែមថា ដើម្បីអបអរសាទរថ្ងៃបើកការដ្ឋាន រដ្ឋបាលស្រុកល្វាឯម បានរៀបចំតុបតែងនៅតាមទីសាធារណៈ លើកស្លាកអបអរសាទរ ដាក់ទង់ជាតិហែរហមផ្លូវ តាមទីវត្តអារាមនឹងមានការទូងស្គរ សិស្សានុសិស្ស ប្រជាពលរដ្ឋច្រើនកុះករនឹងចេញមកស្រេកជ័យឃោសអបអរសាទរនៅថ្ងៃបើកការដ្ឋាន។
ចំពោញកិច្ចការផ្នែកសណ្ដាប់ធ្នាប់សន្តិសុខសង្គមនៅថ្ងៃបើកការដ្ឋាន, លោកបណ្ឌិតអភិបាលស្រុកបានថ្លែង បានរៀបចំរួចជាស្រេចក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពស្រុក ដោយត្រៀមកងកម្លាំងទាំង៣ ការពារពីចម្ងាយ ទាំងដែនដី និងដែនទឹក ធ្វើយ៉ាងគោលបំណងរក្សាសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំឱ្យបានល្អបំផុត៕