(ភ្នំពេញ)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៥៧ ( The 57th ASEAN Day Celebration) នៅសាលសន្និសីទចតុម្មុខ។ ជារៀងរាល់ឆ្នាំ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តែងតែប្រារព្ធធ្វើកម្មវិធីអបអរសាទរខួបនៃថ្ងៃបង្កើតអាស៊ាន ហើយកម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិ បណ្តាអង្គទូត ក៏ដូចជាសិស្ស និងនិសិ្សតជាច្រើនរូបផងដែរ។
ក្នុងកម្មវិធី ដែលត្រូវបានធ្វើឡើងនាល្ងាចថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ លោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «សារៈសំខាន់នៃការរៀបចំខួបអបអរសាទរនេះ គឺដើម្បីបង្ហាញពីការលើកកម្ពស់ឯកភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់»។
សម្រាប់ឆ្នាំ២០២៤នេះ ដោយមានការសហការចូលរួមពីបណ្តាស្ថានទូតនៃប្រទេសសមាជិកអាស៊ាន និងទីម័រឡេស្តប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំបង្ហាញពីម្ហូបអាហារអាស៊ាន។ ក្រៅពីការដាក់បង្ហាញនូវម្ហូបអាហារអាស៊ាន ក៏មានការឆ្លើយសំណួរស្តីពីអាស៊ាន ដោយមានការចូលរួមពីសិស្ស និស្សិត និងការសម្តែងសិល្បៈដែលសម្តែងដោយនាយកដ្ឋានសិល្បៈទស្សនីយភាពនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសាលាមធ្យមវិចិត្រសិល្បៈ។
សូមជម្រាបថា អាស៊ាន ដែលបច្ចុប្បន្នមានសមាជិក ១០ប្រទេស ត្រូវបានបង្កើតឡើង នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧ ដោយប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ នៅទីក្រុងបាងកក ហើយក្រោយមក បានបញ្ចូលសមាជិកជាបន្តបន្ទាប់ ដូចជាប្រទេសព្រុយណេ កម្ពុជា មីយ៉ាន់ម៉ា(ភូមា) វៀតណាម និងឡាវជាដើម។ ទីម័រ ត្រូវបានអនុញ្ញាតឲ្យចូលជាសមាជិកអាស៊ាន នៅឆ្នាំ២០២៣ តែមិនទាន់ពេញសិទ្ធិ។
កាលពី ២៥ ឆ្នាំមុន ព្រះរាជាណាចក្រកម្ពុជា បានធ្វើការសម្រេចចិត្តជាប្រវត្តិសាស្ត្រ ក្នុងការចូលក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ក្នុងនាមជានាយករដ្ឋមន្ត្រី។ ឆ្នាំនេះ គឺមានរយៈពេល ២៥ឆ្នាំហើយ គិតចាប់តាំងពីកម្ពុជា បានក្លាយជាសមាជិកទី១០ ជាផ្លូវការរបស់អាស៊ាន កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩៕