(ភ្នំពេញ)៖ លោក យ៉ិនទៀង ពុទ្ធិរិទ្ធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា គ៧៨ (ស.ស.យ.ក. គ៧៨) នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤នេះ បានដឹកនាំថ្នាក់ដឹកនាំ សមាជិក មានជិកកា ព្រមទាំងអាជ្ញាធរមូលដ្ឋានសង្កាត់បឹងកក់១ នាយក នាយករង លោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សាទួកគោក ប្រមាណ ៣១៥នាក់ រៀបចំពិធីអបអរសាទរមុន១ថ្ងៃ នៃការបើកការដ្ឋានសាង់សងព្រែកជីកហ្វូណនតេជោ ថ្ងៃ៥ ខែសីហា ឆ្នាំ២០២៤ ស្អែកនេះ។
នាឱកាសនោះដែរ លោក យ៉ិនទៀង ពុទ្ធិរិទ្ធ បានថ្លែងថា ជាបឋមតាងនាមឱ្យសហភាពសហព័ន្ធយុវជនកម្ពុជា គ៧៨ លោកពិតជាមានក្តីសោមនស្សរីករាយ
ជាទីបំផុតសម្រាប់ការជួបជុំកម្លាំងយុវជនដ៏មុតស្រួចនៃ សហភាពសហព័ន្ធយុវជនកម្ពុជា គ៧៨ ដើម្បីគាំទ្រគម្រោងព្រែកជីកហ្វូណន និងអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃ៥ សីហា ឆ្នាំ២០២៤ ដែលជាថ្ងៃដ៏អស្ចារ្យថ្មីមួយសម្រាប់កម្ពុជា ទាំងរដ្ឋាភិបាលកម្ពុជា និងប្រជាជនខ្មែរទូទាំងនគរ ចាត់ទុកជាថ្ងៃចងចាំជាប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់កម្ពុជា ដែលយើងមានសមិទ្ធផលផ្លូវទឹកជាមរតកប្រវត្តិសាស្ត្រសម្រាប់បម្រើដល់ផលប្រយោជន៍សេដ្ឋកិច្ចជាតិ និងប្រជាជន។
លោកបានលើកឡើងថា៖ «យើងខ្ញុំទាំងអស់គ្នា នៃក្រុមការងារសហភាពសព័ន្ធយុវជនកម្ពុជា គ៧៨ សូមធ្វើការប្តេជ្ញាចិត្ត និងគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីកហ្វូណនតេជោ និងអបអរសាទការបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ដោយម៉ឺងម៉ាត់ និងឥតងាករេក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងអនុវត្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា»។
លោក យ៉ិនទៀង ពុទ្ធិរិទ្ធ រួមជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងារសហភាពសព័ន្ធយុវជនកម្ពុជា គ៧៨ សូមធ្វើការគាំទ្រយ៉ាងពេញទំហឹងគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្ត្រមួយដែលពុំធ្លាប់មាន ដែលគម្រោងនេះបានផ្តល់ផលប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនទាំងពេលនេះ និងទៅថ្ងៃអនាគត។
«ហេតុដូចនេះ ខ្ញុំសូមធ្វើការប្តេជ្ញាចិត្ត និងគាំទ្រយ៉ាងពេញទំហឹងចំពោះគ្រោងព្រែកជីកហ្វូណនតេជោ និងអបអរសាទការបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ដែលផ្តល់អត្ថប្រយោជន៍មហាសាលដល់សេដ្ឋកិច្ចជាតិ និងប្រជាជន។ អបអរសាទរ ពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ៥ សីហា ២០២៤ សូមអរគុណ! យើងខ្ញុំទាំងអស់គ្នា គាំទ្រយ៉ាងពេញទំហឹងការជីកព្រែកហ្វូណនតេជោ ដើម្បីសេដ្ឋកិច្ចរីកចម្រើន! អរគុណសន្តិភាព»។ នេះជាការលើកឡើងបន្ថែមរបស់លោក យ៉ិនទៀង ពុទ្ធិរិទ្ធ។
គម្រោងព្រែកជីកហ្វូណនតេជោ គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រមួយដែលនឹងផ្តល់ផលប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋខ្មែរយ៉ាងច្រើន ទាំងពេលនេះ និងទៅថ្ងៃអនាគត។ ព្រែកជីកហ្វូណនតេជោ ដំណើរឆ្ពោះទៅមុខ ដើម្បីផលប្រយោជន៍ប្រជាជាតិកម្ពុជាគ្រប់ជំនាន់។
គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានតភ្ជាប់ប្រព័ន្ធដៃទន្លេមេគង្គ និងផ្លូវសមុទ្រ ប្រវែងសរុបប្រមាណ ១៨០ គីឡូម៉ែត្រ។ គ្រោងនេះ ចំណាយថវិកាសរុបប្រមាណ ១ ៧០០ លានដុល្លារអាមេរិក ជាប្រភេទគម្រោងវិនិយោគ BOT (Build-Operate-Transfer) ដែលមានទីតាំងចាប់ពីព្រែកតាកែវ ឆ្លងកាត់ព្រែកតាឯក ចូលតាមព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែប។ ឆ្លងកាត់ខេត្តចំនួន ៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ហើយតាមការប៉ាន់ស្មាន មានចំនួនប្រជាជនសរុបប្រមាណ ១លាន៦សែននាក់ រស់នៅអមសងខាងព្រែកជីកនេះ និងទទួលផលពីព្រែកជីកនេះ។ ព្រែកជីកនេះ មានទទឹងខាងលើ ១០០ម៉ែត្រ ទទឹងខាងក្រោម ៨០ម៉ែត្រ និងជម្រៅ ៥,៤ម៉ែត្រ ហើយសម្រាប់ជម្រៅនាវា ៤,៧ម៉ែត្រ។ ចំពោះហេដ្ឋារចនាសម្ព័ន្ធ មានសន្ទះផ្លូវនាវាចរណ៍ ០៣កន្លែង ស្ពាន ១១កន្លែង ផ្លូវអមសងខាងប្រវែងសរុបប្រមាណ ២០៨គីឡូម៉ែត្រ។ ដោយគ្រោងសាងសង់ប្រើប្រាស់ពេលវេលាចំនួន ០៤ឆ្នាំ នឹងចាប់ផ្តើមសាងសង់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។
ព្រែកជីកប្រវត្តិសាស្រ្តនេះ បានផ្តល់អត្ថប្រយោជន៍លើវិស័យដឹកជញ្ជូន កាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ការបង្កើតតំបន់ពាណិជ្ជកម្ម និង មជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់ អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូល សេដ្ឋកិច្ចទី៤ របស់កម្ពុជា ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងៗទៀត ការជំរុញការអភិវឌ្ឍទីក្រុង នគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ៕