(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ធំ នារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្ត បានត្រៀមខ្លួនរួចស្រេចដើម្បីអបអរសាទរបើកការដ្ឋានព្រែកជីកហ្វូណនតេជោនៅថ្ងៃទី០៥ ខែសីហា។
លោកបន្តថាដោយអនុវត្តតាមសារាចរលេខ ១០សរ ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមអបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនគេជោ ដែលជាសមិទ្ធផលប្រវត្តិសាស្ត្ររបស់កម្ពុជា ក្រោមគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងកំពុងអនុវត្តដោយរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីបន្សល់ទុកជាកេរមតេកប្រវត្តិសាស្ត្រ សម្រាប់កូនចៅជំនាន់ក្រោយ ។
រដ្ឋបាលខេត្តកំពង់ធំ នឹងរៀបចំពិធីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះនៅទូទាំងខេត្ត ដោយបានណែនាំគ្រប់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវធ្វើការណែនាំដល់ម្ចាស់គ្រឹះស្ថានសាធារណៈ រោងចក្រ សហគ្រាស សាលារៀនទាំងរដ្ឋ និងឯកជន វត្តអារាម ព្រះវិហារសាសនា និងអំពាវនាវដល់ប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រខ្លួនរួមគ្នាវាយគង ទូងស្គរ ទះប៉ោត និងកោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង៩៖០៩នាទីនៅគ្រប់ទឹកន្លែងសាធារណៈសំខាន់ៗ រួមមាន ៖ សាលាក្រុង ស្រុក សាលាឃុំ សង្កាត់ រោងចក្រ សហគ្រាស សាលារៀនទាំងរដ្ឋ និងឯកជន វត្តអារាម សាលាបុណ្យ ព្រមទាំងគ្រប់ទីប្រជុំជន សហគមន៍នៅតាមភូមិឲ្យបានច្រើនកុះករ ក្លៀវក្លា ប្រកបដោយសេចក្តីសប្បាយរីករាយ និងការសាទរ ចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ៕
http://image.freshnewsasia.com/2021/id-154/fn-2024-08-04-10-14-46-0.JPG http://image.freshnewsasia.com/2021/id-154/fn-2024-08-04-10-14-47-1.JPG http://image.freshnewsasia.com/2021/id-154/fn-2024-08-04-10-14-47-2.JPG http://image.freshnewsasia.com/2021/id-154/fn-2024-08-04-10-14-48-3.JPG