(ភ្នំពេញ)៖ សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានគណៈសង្ឃនាយកនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងព្រះមន្ត្រីសង្ឃ ព្រះភិក្ខុ សាមណៈ ឧបាសក ឧបាសិកា ពុទ្ធបរិស័ទ បានសម្ដែងការគាំទ្រចំពោះគម្រោងព្រែកជីកហ្វូណនតេជោ និងត្រៀមប្រារព្ធពិធីអបអរសាទរការបើកការដ្ឋានព្រែកជីកដ៏ធំនេះ នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាផងដែរ។
គួរជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងត្រូវបើកការដ្ឋានជាផ្លូវការក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង៩៖០៩នាទីព្រឹក។
សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី បានមានព្រះរាជបន្ធូលថា គណៈសង្ឃនាយកនៃគណៈធម្មយុត្តិកនិកាយ បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការចូលរួមអបអរសាទរនូវការបើកការដ្ឋានគម្រោងព្រែកជីកដែលជាមហាសមិទ្ធផលនេះ
សម្ដេចព្រះមហាសង្ឃរាជ បានចាត់ទុកគម្រោងព្រែកជីកហ្វូណនតេជោនេះ ជាមហសមិទ្ធផលដំបូងក្នុងប្រវត្តិសាស្ត្រកម្ពុជាបច្ចុប្បន្ន ដែលនឹងនាំមកនូវភាពរុងរឿងថ្កុំថ្កើនដល់ប្រជាជាតិកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី
សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី បានមានព្រះរាជបន្ធូលទៀតថា «យើងទាំងអស់គ្នាត្រូវតែទទួលស្គាល់ដឹងឮពីការខិតខំរបស់សម្ដេចតេជោ ហ៊ុន សែន និងការបន្តរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ហើយត្រូវរួមគ្នាជាកម្លាំងការពារសន្តិភាព និងកសាងភាពរុងរឿងរបស់កម្ពុជាបន្តទៅទៀត ដូចភាពរុងរឿងការពីសម័យអង្គរ ដែលខ្មែរយើងជាមហាអំណាចមួយក្នុងតំបន់អាស៊ីអាគ្នេយ៍»។
សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ក៏បានចាត់ចែងឱ្យសាមណនិស្សិត និស្សិត ព្រមទាំងគ្រប់វត្តអារាមនៃគណៈធម្មយុត្តិកនិកាយ សាមគ្គីគ្នារៀបចំពិធីប្រារព្ធពិធីអបអរសាទរការបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ នៅតាមទីតាំង និងវត្តអារាមរៀងៗខ្លួនផងដែរ។
ជាការពិតណាស់ គម្រោងព្រែកជីកហ្វូណនតេជោ គឺជាផ្ដួចផ្ដើមឡើងដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយកំពុងបន្តជំរុញការអនុវត្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ដើម្បីជាអត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលានិងចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេង ជាពិសេសផ្នែកសេដ្ឋកិច្ច-សង្គមនៅកម្ពុជា៕