(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអំពាវនាវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ លើជំងឺស្ទះសរសៃឈាមបេះដូង ព្រោះបច្ចុប្បន្ននេះ អត្រាស្លាប់នៃជំងឺមិនឆ្លងមានលើសពី៥០% ដែលភាពច្រើន គឺជំងឺសរសៃឈាម និងជំងឺបេះដូង ដែលទាមទារឱ្យប្រជាពលរដ្ឋ ត្រូវការប្រុងប្រយ័ត្នការហូបចុកប្រចាំថ្ងៃ ត្រូវពិសា តិចអំបិល តិចស្ករ និងតិចខ្លាញ់។
ការថ្លែងដូច្នេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញបើកសន្និសីទវេជ្ជសាស្ត្រប្រចាំឆ្នាំលើកទី៨ នៃសមាគមគ្រូពេទ្យបេះដូងកម្ពុជា ក្រោមប្រធានបទ «ការព្យាបាលជំងឺបេះដូង និងសរសៃឈាមក្នុងបរិបទសុខាភិបាលឌីជីថល - Advanced Cardiovascular Management in Digital Transformation» ដែលមានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង នាយកមន្ទីរពេទ្យជាតិ នាយកមជ្ឈមណ្ឌលជាតិ និងគណៈគ្រូពេទ្យកម្ពុជា រួមទាំងអង្កការដៃគូជាច្រើនទៀត នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤។
លោកសាស្ដ្រាចារ្យបានថ្លែងបន្ដថា ការហូបចុក និងរបៀបនៃការរស់នៅប្រចាំថ្ងៃពិតជាសំខាន់ណាស់ ដែលទាមទារឱ្យបងប្អូនប្រជាពលរដ្ឋយើងត្រូវមានការយល់ដឹង។ ការបរិភោគខ្លាញ់ច្រើន ស្ករឬអំបិលច្រើន ពិសាគ្រឿងស្រវឹង ឬជក់បារី វាអាចបណ្ដាលឱ្យមានជំងឺផ្សេងៗ ដែលជំរុញឱ្យកើតជំងឺសរសៃឈាមបេះដូង។ បច្ចុប្បន្ននេះ អត្រាស្លាប់ដោយជំងឺមិនឆ្លងមានលើសពី៥០% ជាពិសេសគឺជំងឺសរសៃឈាមបេះដូង និងជំងឺបេះដូង»។
ក្នុងឱកាសនោះលោកសាស្ដ្រចារ្យបានបានស្នើឱ្យក្រុមគ្រូពេទ្យទាំងអស់ ជាពិសេសគ្រូពេទ្យេឯកទេសបេះដូង ត្រូវតែផ្ដោតអារម្មណ៍យកចិត្ដទុកដាក់ឱ្យបានខ្លាំងខ្ពស់ ហើយដើរឱ្យទាន់នូវការវិវឌ្ឍន៍នៃសុខភាពរបស់ប្រជាពលរដ្ឋយើង ។ពិសេសពង្រឹងសមត្ថភាពជាបន្ដបន្ទាប់ ខិតខំធ្វើយ៉ាងណា ត្រូវដើរឱ្យទាន់បច្ចេកវិទ្យាព្យាបាល ដោយត្រូវសហការគ្នា ក្នុងការស្រាវជ្រាវ ទាំងក្នុងស្រុក និងអន្តរជាតិ ដើម្បីប្រសិទ្ធិភាពព្យាបាល បង្ការ និងការពារ។ ជាងនេះទៅទៀតត្រូវផ្ដល់នូវសារអប់រំសុខភាពដល់ប្រជាពលរដ្ឋឱ្យបាននូវការយល់ដឹងនូវជាការអប់រំសុខភាពឱ្យកាន់តែទូលាយបន្ថែម ការហូបចុកក្នុងការរស់នៅប្រចាំថ្ងៃ ដើម្បីបានការពារទុកជាមុន និងឱ្យមកស្វែងរកការពិនិត្យសុខភាពឱ្យទាន់ពេលវេលា កុំឱ្យមានបញ្ហា»។
លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានសង្កត់ធ្ងន់ថា សូមយកចិត្តទុកដាក់ក្នុងផ្តល់ការថែទាំបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាព ពិសេសដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ដាច់ស្រយាល ត្រូវចូលរួមការពារ ដោយផ្ដល់នូវការថែទាំអ្នកជំងឺ ទឹកនោមផ្អែម និងលើសឈាម ដូចជា ជំងឺឡើងសម្ពាធឈាម និងជំងឺទឹកនោមផ្អែម ដោយប្រើប្រាស់ ប.ស.ស ឬ មូលនិធិធម៌ ដើម្បីឱ្យកាត់បន្ថយហានិភ័យនៃសុខភាព ។សូមលើកទឹកចិត្តឱ្យអ្នកវិជ្ជាជីវៈសុខាភិបាលទាំងអស់ រួមនិងអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល នាយកដ្ឋានការពារសុខភាព និងដៃគូ ពង្រឹងការការពារ និងព្យាបាលជំងឺបេះដូងនិងសរសៃរឈាម។
ដោយឡែកសម្រាប់ក្រសួងសុខាភិបាល មានគោលនយោបាយផ្ដោតទៅលើការកាត់បន្ថយនូវជំងឺមិនឆ្លងនេះ ពិសេសជំងឺលើសឈាម និងជំងឺទឹកនោមផ្អែមដែលប៉ះពាល់ទៅដល់ការស្ទះសរសៃឈាមបេះដូង ។ក្នុងនោះក៏សូមលើកទឹកចិត្ដដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ថ្នាក់ដឹកនាំ សមាជិក សមាជិកាសមាគមគ្រូពេទ្យបេះដូងកម្ពុជា និងដៃគូពាក់ព័ន្ធទាំងអស់សូមលើកទឹកចិត្ដឱ្យយកចិត្ដទុកដាក់ និងសហការគ្នា ធ្វើយ៉ាងណាពង្រឹងការការពារសុខភាពផ្នែកជំងឺបេះដូងនេះ ក្នុងឌីជីថល ។សូមបន្តរួមចំណែក ផ្តល់កិច្ចសហការ និងគាំទ្របន្ថែមទៀតដល់ការអភិវឌ្ឍ ការកែទម្រង់ និងការបណ្តុះបណ្តាលលើវិស័យសុខាភិបាល ជាពិសេសផ្នែកជំងឺបេះដូងនេះ។
ជាការឆ្លើយតប លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត សុខ ជួរ ប្រធានសមាគមជំងឺបេះដូងកម្ពុជា តំណាងឱ្យសមាជិក សមាជិកានៃសមាគម បានថ្លែងថា «យើងទាំងអស់គ្នានៃសមាគមប្ដេជ្ញាចិត្ដ នឹងខិតខំប្រឹងប្រែងពង្រឹង និងពង្រីកសមត្ថភាព ឱ្យដើរទាន់បច្ចេកវិទ្យាពិភពលោក និងមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ដើម្បីបម្រើប្រជាពលរដ្ឋ ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌ ជូនបងប្អូនអ្នកជំងឺ និងក្រុមគ្រួសារ»។
ប្រធានសមាគមជំងឺបេះដូងកម្ពុជាបានគូសបញ្ជាក់ថា សមាគមគ្រូពេទ្យបេះដូងកម្ពុជា រៀបចំឡើងក្នុងគោលបំណងចែករំលែក និងផ្លាស់ប្តូរនូវបទពិសោធន៍គ្នារវាងសហភាតរៈគ្រូពេទ្យឯកទេសបេះដូងកម្ពុជាយើង និងសហភាតរៈគ្រូពេទ្យឯកទេសបេះដូងអន្តរជាតិ ដើម្បីចែករំលែកនិងដកស្រង់នូវបទពិសោធន៌រវាងគ្នានឹងគ្នាស្តីអំពីការអភិវឌ្ឍន៍ថ្មីៗ និងនវានុវត្តន៍នៃការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺបេះដូង-សរសៃឈាម នៅលើសកលលោក ក្នុងគោលបំណងលើកកម្ពស់សមត្ថភាព និងចំណេះដឹង ចំណេះធ្វើរបស់វេជ្ជបណ្ឌិតខ្មែរយើង ដើម្បីធានាឱ្យបាននូវប្រសិទ្ធិភាពនៃការព្យាបាល និងថែទាំសុខភាពជូនប្រជាពលរដ្ឋរបស់យើងឱ្យបានល្អប្រសើរ។
សន្និសិទវេជ្ជសាស្ត្រប្រចាំឆ្នាំនេះ គឺមានទិសដៅស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ ជាពិសេស ក្នុងការឆ្លើយតបទៅនឹងការកើនឡើងនូវជំងឺមិនឆ្លង ជាពិសេសជំងឺបេះដូងនិងសរសឈាមក្នុងប្រទេសកម្ពុជា៕