(ញូដេលី)៖ មន្រ្តីយោធាប្រទេសឥណ្ឌា បានអះអាងថា នៅថ្ងៃសុក្រនេះ ប្រទេសខ្លួននឹងសម្រេចចុះកិច្ចព្រមព្រៀងមួយ ជាមួយប្រទេសបារាំងលើការទិញយន្តហោះចម្បាំង Rafale ចំនួន៣៦គ្រឿង ក្រោមលក្ខណៈដែលនឹងបញ្ជូនមកប្រទេសឥណ្ឌាភ្លាមៗ។ នេះបើតាម ការផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅយប់ថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០១៦។
រដ្ឋមន្រ្តីការពារជាតិបារាំងលោក Jean-Yves Le Drian ត្រូវបានកំណត់ពេលវេលា ថានឹងមកដល់ទីក្រុងញូដេលី នៅថ្ងៃព្រហស្បតិ៍នេះដោយត្រូវបាន អមដំណើរមកជាមួយ នាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតយន្តហោះដូចជា Dassault Aviation, Thale, និង MBDA ដើម្បីចុះហត្ថលេខាបញ្ចប់កិច្ចព្រមព្រៀង ដែលមានតម្លៃរាប់ពាន់លានដុល្លារ សម្រាប់ការទិញយន្តហោះចម្បាំង Rafale។
គួរបញ្ជាក់ដែរថា ដំបូងឡើយការទិញយន្តហោះចម្បាំង Rafale បានចាប់ផ្តើមតាំងពីឆ្នាំ២០១២មកម្ល៉េះ ដោយរដ្ឋាភិបាលឥណ្ឌាមានបំណងចង់ទិញយន្តហោះចម្បាំង នេះចំនួន១២៦គ្រឿង ប៉ុន្តែការទិញនោះបានប្រឈមនឹងការពន្យារពេល រួមទាំងឧបសគ្គមួយចំនួនលើបញ្ហាតម្លៃនិងការដំឡើងយន្តហោះនេះ នៅឥណ្ឌាក្នុងអំឡុងពេលបួនឆ្នាំកន្លងទៅនេះ ទើបជាចុងក្រោយចំនួនយន្តហោះត្រូវបានថយមកត្រឹម៣៦គ្រឿងវិញ។
រដ្ឋមន្រ្តីការពារជាតិឥណ្ឌាបានលើកឡើងថា ការទិញយន្តហោះចម្បាំង Rafale នេះនឹងបង្កើនកិត្យានុភាពនៃវិស័យយោធា របស់ប្រទេសឥណ្ឌានៅក្នុងតំបន់ និងជួយធ្វើទំនើបកម្មកងយន្តហោះចម្បាំងឥណ្ឌា ដែលត្រូវបានប្រើប្រាស់អស់រយៈពេលយូរណាស់ មកហើយផងដែរ៕