Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងទេសចរណ៍៖ ភ្ញៀវទេសចរ១ម៉ឺន៥ពាន់នាក់ ចូលទស្សនាព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរ នៅព្រឹកមិញនេះ

23-09-2016 07:56

(ភ្នំពេញ)៖ លោក ទិត ចន្ថា រដ្ឋមន្រ្តីស្ដីទីក្រសួងទេសចរណ៍ នៅមុននេះបន្តិច បានប្រាក់អង្គភាព Fresh News ថា ក្នុងព្រឹត្តការណ៍ ព្រះអាទិត្យរះចំពីលើកំពូលប្រាសាទអង្គរវត្ត (EQUINOX) នៅព្រឹកមិញនេះ មានភ្ញៀវទេសចរចូលទស្សនា ប្រមាណ ១៥,០០០នាក់ ក្នុងនោះមានភ្ញៀវជាតិ ១១,៥០០នាក់ និងភ្ញៀវអន្តរជាតិមាន ៣,៥០០នាក់ផងដែរ។

ការចូលរួមក្នុងព្រឹត្តិការណ៍ ព្រះអាទិត្យរះចំពីលើកំពូលប្រាសាទអង្គរវត្ត នៅលើកនេះ ត្រូវបានលោក ទិត ចន្ថា បានអះអាងថា មានការចូលរួមច្រើនជាងលើកមុនៗ គួរឱ្យកត់សម្គាល់។

លោករដ្ឋមន្រ្តីស្ដីទី បានបន្តថា ព្រឹត្តិការណ៍ព្រះអាទិត្យរះចំកណ្តាល នៃកំពូលប្រាង្គប្រសាទអង្គរវត្ត នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានរួសរាន់មកចាំទស្សនា តាំងពីព្រលឹមស្រាងៗមកម្ល៉េះ ដើម្បីចាំមើលឱ្យឃើញផ្ទាល់ភ្នែក និងផ្ដិតយករូបភាពដ៏អច្ឆរិយៈនេះផងដែរ។ ជាមួយគ្នានេះ ការចូលរួមទស្សនា ប្រព្រឹត្តទៅដោយមានរបៀបរៀបរយ គ្មានបញ្ហាប៉ះពារគ្នាអ្វីឡើយ ភ្ញៀវទេសចរទាំងអស់មានភាពសប្បាយរីករាយ និងមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលបានឃើញបាតុភូតដ៏មហស្ចារ្យនេះ។

សូមជម្រាបថា បាតុភូតព្រះអាទិត្យរះចំពីលើកំពូលប្រាសាទអង្គរវត្តនេះ កើតឡើងចំនួន២ដងក្នុងមួយឆ្នាំ លើកទី១ក្នុងខែមីនា និងលើកទី២ក្នុងខែកញ្ញានេះ៕