(ពោធិ៍សាត់)៖ លោក កែវ រតន: រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់, នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤នេះ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្រុមយុវជន និងប្រជាពលរដ្ឋ ចូលរួមដាំដើមឈើចម្រុះ ជំហាន១ ចំនួន៥ម៉ឺនដើម លើផ្ទៃដីប្រមាណជាង៤០ហិកតា នៅតំបន់អន្ទង់អាំង «ភ្នំ១៥០០» ស្ថិតក្នុងឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
បន្ទាប់ពីលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងតំណាងក្រុមហ៊ុន Renaissance Minerals (Cambodia) Limited បានមានមតិស្វាគមន៍ និងចំណាប់អារម្មណ៍នោះរួចមក, លោក កែវ រតន: រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ បានលើកឡើងថា «ភ្នំ១៥០០ ឬផ្លូវបុប្ផាលាក់ខ្លួន» ក្នុងស្រុកវាលវែង ត្រូវបានចាត់ទុកថា ជាបេះដូងរបស់ខេត្តពោធិ៍សាត់់ ដែលមានទេសភាពធម្មជាតិល្អឯកគ្មានពីរ ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស។
លោក កែវ រតនៈ បន្តថា កន្លងមកយើងបានដកហូតដី នៅតំបន់អន្ទង់អាំង «ភ្នំ១៥០០» ពីក្រុមប្រជាពលរដ្ឋប្រមាណជាង៩០គ្រួសារ ដែលរស់នៅដោយខុសច្បាប់ ដោយយកដីនោះក្នុងគោលដៅអភិរក្សការពារ និងបម្រើប្រយោជន៍រួម ដល់សាធារណជន និងបម្រើវិស័យទេសចរណ៍ មិនមែនយកទៅពុះចែកគ្នានោះទេ។ ទាំងនេះគឺជាការឆ្លើយតបទៅនឹងសំណូមពរដ៏ទទូចរបស់ប្រជាពលរដ្ឋ ក្នុងនិងក្រៅខេត្ត ដែលចង់ឱ្យសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួយរំដោះតំបន់អន្ទង់អាំងនោះឱ្យបាន។
រដ្ឋមន្ត្រីរូបនេះ បានគូសបញ្ជាក់ថា ក្នុងឱកាសអញ្ជើញសម្ពោធឆ្លងចេតិយវត្តមនីរតនារាម កាលពីពេលកន្លងទៅ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចយកតំបន់អភិរក្សនេះមកវិញ ដើម្បីធ្វើកន្លែងសម្រាប់បម្រើប្រយោជន៍សាធារណៈ តកូនតចៅ។ ជាក់ស្តែងដូចថ្ងៃនេះ យើងបានធ្វើយុទ្ធនាការជំហាន១ នៃការចាប់ផ្តើមដំបូង ក្នុងការដាំដើមឈើ នៅតំបន់អន្ទង់អាំង «ភ្នំ១៥០០» ស្រុកវាលវែង នៃខេត្តពោធិ៍សាត់ ដើម្បីប្រែក្លាយកន្លែងនេះ ឱ្យទៅជាគម្របបៃតងដូចមុន និងជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏គួរឱ្យទាក់ទាញ។
លោកក៏សូមឱ្យមានការចូលរួមទាំងអស់គ្នា ក្នុងការការពារថែរក្សាព្រៃឈើដែលនៅសេសសល់ និងត្រូវថែរក្សាឱ្យបានធំធាត់ ចំពោះដើមឈើដែលបានដាំទាំងប៉ុន្មាន ព្រោះថាព្រៃឈើអស់នេះនឹងក្លាយជាជម្រកសត្វព្រៃ ជារបាំងការពារខ្យល់ ធ្វើឱ្យមានភ្លៀងទៀងទាត់ កាត់បន្ថយគ្រោះទឹកជំនន់ និងបាតុភូតធម្មជាតិផ្សេងៗ។
សូមជម្រាបជូនថា ផ្លូវអន្ទង់អាំង «ភ្នំ១៥០០» ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រសិទ្ធិនាមថាជា «ផ្លូវបុប្ផាលាក់ខ្លូន» គិតផ្លូវត្រង់ មានចំងាយជាង៤គីឡូម៉ែត្រ បើបត់បែនតាមផ្លូវមានចម្ងាយ ជាង១០គីឡូម៉ែត្រ ពីជើងភ្នំដល់ចង្កេះភ្នំ៕