(កណ្ដាល)៖ លោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាក្រុង និងលោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០២៤នេះ បានជួបសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាក្រុងអរិយក្សត្រ ចែកជូនដល់គ្រួសាររងគ្រោះដោយភ្លេីងឆេះផ្ទះ ចំនួន១គ្រួសារ ឈ្មោះ ធឺន ស្រមុំ ស្ថិតនៅភូមិព្រែកអំពិល សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល ដែលរងគ្រោះដោយសារអគ្គិភ័យលេបត្របាក់ផ្ទះទាំងស្រុង។
លោកអភិបាលក្រុង បាននាំការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការសោកស្តាយពីសំណាក់លោក គួច ចំរេីន អភិបាលខេត្តកណ្តាលផងដែរ ដែលលោកយកចិត្តទុកដាក់ណាស់រាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ។ លោកលើកទឹកចិត្តដល់ក្រុមគ្រួសារទាំងមូល កុំបាក់ទឹកចិត្ត តែត្រូវខិតខំតស៊ូរកស៊ីឡើងវិញ ហើយសង្ឃឹមថា នឹងកើនទ្រព្យសម្បត្តិឡើងវិញនាពេលឆាប់ៗខាងមុខនេះ។
ស្ថិតក្នុងឱកាសនេះ ក៏មានការនិមន្តអញ្ជេីញចូលរួមដោយ ព្រះឃោសធម្មបណ្ឌិត លន់ សុគន្ធា ព្រះគ្រូអនុគណក្រុងអរិយក្សត្រ រួមទាំងព្រះមន្រ្តីសង្ឃ នៃសាលាអនុគណក្រុង និងបាននាំយកនូវសម្ភារៈ គ្រឿងឧបភោគ បរិភោគ និងថវិកា ចូលរួមចែកជូនដល់គ្រួសាររងគ្រោះផងដែរ៕