(ភ្នំពេញ)៖ នៅវេលាម៉ោង១៨៖០០នាទី ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ នៅចំណុចយានដ្ឋានជួសជុលរថយន្តមួយកន្លែង ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណីបុរសម្នាក់ ប្រើប្រាស់កាំបិតប៉័ងតោ និងដែកទីប ធ្វើការគំរាមកំហែងទៅលើអ្នកដទៃ បង្កឲ្យមានការភ័យខ្លាច ប៉ុន្តែមិនបានបណ្ដាលឲ្យមាននរណាម្នាក់រងរបួសនោះឡើយ។
បន្ទាប់ពីមានប្រជាពលរដ្ឋបានផ្តល់ព័ត៌មានមកកាន់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំកិច្ចអន្តរាគមន៍ ភ្លាមៗនោះ កម្លាំងគ-អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ ប៉ុន្តែជនសង្ស័យមិនព្រមសហការដោយមានកាំបិតជាប់នឹងខ្លួន និងកាន់ដំបងទីបគ្រវីគំរាមមកលើសមត្ថកិច្ចអាវុធហត្ថថែមទៀត ទើបកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ប្រើបច្ចេកទេស និងសម្ភារៈ ដែលច្នៃប្រឌិតដោយខ្លួនឯង ធ្វើការឃាត់ខ្លួនបុរសបែកថ្នាំម្នាក់នោះ បញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។
ជនសង្ស័យ ឈ្មោះ ទុំ វណ្ណា ហៅ អូន ភេទប្រុស អាយុ ៤២ឆ្នាំ ត្រូវបានកម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើតេស្តទឹកនោមរកឃើញជាប់សារធាតុញៀន ដែលអាចសន្និដ្ឋានបានថា ប្រហែលបុរសរូបនេះ ប្រើប្រាស់គ្រឿងញៀនលើសកម្រិត ទើបធ្វើឲ្យបាត់បង់ស្មារតី (បែកថ្នាំ) ទើបបញ្ចេញអាកប្បកិរិយាគម្រាមកំហែងបំភិតបំភ័យអ្នកដ៏ទៃយ៉ាងដូច្នេះ៕