(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤នេះ បាននាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងវត្តទូទាំងខេត្តព្រះសីហនុ ចំនួន៤២វត្តមជ្ឈមណ្ឌលវិបស្សនាធុរៈគិរីនាគវ័ន (ហៅវត្តសមាធិ) ស្ថិតនៅឃុំរាម ស្រុកព្រៃនប់។
ពិធីប្រគេនទានព្រះវស្សាធ្វើឡើងក្រោមអធិបតីភាព លោក វង្ស ផាណាត ប្រធានក្រុមប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត លោកអភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ និងពុទ្ធបរិស័ទ្ធយ៉ាងច្រើនកុះករ។
ក្នុងឱកាសដ៏ជ្រះថ្លាមួយនោះ ប្រធានក្រុមប្រធានក្រុមប្រឹក្សា និងអភិបាលខេត្ត បានបូជាទៀនធូប កម្រងផ្កា សមាទានសីល និងការវេរប្រគេនទៀនព្រះវស្សា ទេយ្យទាន គ្រឿងឧបភោគ បរិភោគ ថ្វាយព្រះមេគណខេត្តព្រះសីហនុ និងព្រះចៅអធិការវត្តទាំង៤២ នៅមជ្ឈមណ្ឌលវិបស្សនា ធុរៈគិរីនាគវ័ន (ហៅវត្តសមាធិ) ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ប្រកបដោយសុទ្ធាជ្រះថ្លាបំផុត។
សូមរំលឹកថា ពិធីបុណ្យចូលព្រះវស្សា រដ្ឋបាលខេត្តព្រះសីហនុ តែងតែត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ១រោច ខែអាសាធ ដល់ថ្ងៃ១៥ កើត ខែអស្សុជ ហើយប្រជាពុទ្ធបរិស័ទខ្មែរដែលជាអ្នកកាន់ជំនឿមុតមាំទៅលើព្រះពុទ្ធសាសនា តែងបាននាំយកទៀនចំណាំព្រះវស្សា និងទេយ្យទានផ្សេងៗយកមកប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាក្នុងរយៈពេលប្រមាណ ៣ខែ នៅតាមទីអារាមនានា សម្រាប់ទ្រទ្រង់ចង្ហាន់ដល់ព្រះសង្ឃក្នុងរដូវចូលវស្សា។
ទៀនព្រះវស្សា និងទេយ្យទាន គ្រឿងឧបភោគ បរិភោគ និងថវិកាជូនវត្តនិមួយៗ ដែលរដ្ឋបាលខេត្ត យកប្រគេន
នាពេលនេះរួមមាន៖ ទៀនព្រះវស្សា ១គូរ កម្ពស់ ១,៦០ម៉ែត្រ អង្ករ ១០០គីឡូក្រាម មី ត្រីខកំប៉ុង ទឹកដោះគោខាប់ ទឹកក្រូច ខារ៉ាបាវ ទឹកសុទ្ធ ស្ករ តែ ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងឆាចំណុះ ៥លីត្រ សៀងផ្អែម ខ្ទឹមសអំបិល និងបច្ច័យសម្រាប់កសាងវត្តក្នុងមួយវត្ត ១លានរៀល និងប្រគេនព្រះសង្ឈចូលរួម ៤២អង្គ ១អង្គ ២០ម៉ឺនរៀល តាជី ដូនជី ៥២នាក់ ម្នាក់ៗក្រណាត់ស ១ដុំ និងថវិកា ៥ម៉ឺនរៀល លោកអាចារ្យ ៤០នាក់ ម្នាក់ ១០ម៉ឺនរៀល៕