(ភ្នំពេញ)៖ រសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ លោក ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មធិការកណ្តាល និងជាប្រធានផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សថ្នាក់កណ្ដាល បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់មិត្តភាពពានរង្វាន់ក្រុមការងារយុវជនគណបក្សក្រសួង-ស្ថាប័ន ដើម្បីអបអរសាទរ «ទិវាសន្ដិភាពនៅកម្ពុជា» លើកទី១ ឆ្នាំ២០២៤ នៅកីឡដ្ឋាន ស្មាត អ អេស អិន (Smart RSN Stadium) ក្លិបកីឡាបាល់ទាត់ភ្នំពេញក្រោន ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន នៃយុវជនគណបក្សថ្នាក់កណ្តាល បណ្តាផ្នែកចំណុះ នៃយុវជនគណបក្សថ្នាក់កណ្តាលក្រុមការងារយុវជនគណបក្សក្រសួង-ស្ថាប័នទាំង៤២ គណៈប្រតិភូ និងក្រុមកីឡាករបាល់ទាត់ក្រុមការងារយុវជនគណបក្សក្រសួង-ស្ថាប័នទាំង២២ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្លិបបាល់ទាត់ភ្នំពេញក្រោន ក្លិបបាល់ទាត់បឹងកេត និងសមាជិក សមាជិកាក្រុមការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ព្រមទាំងសាធារណជនចូលរួមទស្សនាដោយសេរីផងដែរ។
ក្នុងរបាយការណ៍សង្ខេបរបស់លោក ណុប រតនៈ អនុប្រធានផ្នែកក្រសួង-ស្ថាប័ននៃយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈកម្មការរៀបចំការប្រកួត បានបញ្ជាក់ថា ដោយមានការឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអនុញ្ញាតឱ្យផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សថ្នាក់កណ្តាល រៀបចំព្រឹត្តការណ៍ប្រកួតកីឡាបាលទាត់មិត្តភាពពានរង្វាន់ក្រុមការងារយុវជនគណបក្សក្រសួង-ស្ថាប័ន ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» លើកទី១ ឆ្នាំ២០២៤ ក្នុងគោលបំណងដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជាដែលស្រឡាញ់សន្តិភាព និងការស្អប់ខ្ពើមសង្គ្រាម ជាពិសេសរំលឹកដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាងបាននូវសន្តិភាព និងឯកភាពជាតិពេញលេញនៅកម្ពុជា ដោយសារនយោបាយឈ្នះ ឈ្នះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ក្រោមការដឹកនាំប្រកបដោយភាពប្រសព្វរបស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាអគ្គមគ្គទ្ទេសក៍ឯក ព្រមទាំងប្រតិបត្តិករទាំងអស់។ ការប្រកួតកីឡាបាល់ទាត់ ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» លើកទី១ ឆ្នាំ២០២៤នេះ មានការចូលរួមប្រកួតពីក្រុមកីឡាបាល់ទាត់ក្រុមការងារយុវជនគណបក្សក្រសួង-ស្ថាប័ន ចំនួន២២ក្រុម រួមមាន៖ (១) ក្រុមការងារយុវជនគណបក្សរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល, (២) ក្រុមការងារយុវជនគណបក្ស ក.៧១, (៣) ផ្នែកផែនការយុទ្ធសាស្ត្រ នៃយុវជនគណបក្សថ្នាក់កណ្ដាល, (៤)ក្រុមការងារយុវជនគណបក្សខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, (៥)ក្រុមការងារយុវជនគណបក្សធនាគារជាតិនៃកម្ពុជា, (៦) ក្រុមការងារយុវជនគណបក្សក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, (៧) ផ្នែកក្រសួង-ស្ថាប័ននៃយុវជនគណបក្សថ្នាក់កណ្តាល, (៨) ក្រុមការងារយុវជនគណបក្សអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា,(៩)
ក្រុមការងារយុវជនគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ,(១០)ក្រុមការងារយុវជនគណបក្សក្រសួងសុខាភិបាល, (១១) ក្រុមការងារយុវជនគណបក្សអគ្គលេខាធិការដ្ឋានរដ្ឋសភា, (១២) ក្រុមការងារយុវជនគណបក្សក្រសួងសាធារណការ និងដឹកជញ្ចូន,(១៣) ក្រុមការងារយុវជនគណបក្សក្រសួងមុខងារសាធារណ:, (១៤)ក្រុមការងារយុវជនគណបក្សក្រសួងបរិស្ថាន,(១៥) ក្រុមការងារយុវជនគណបក្សក្រសួងរ៉ែ និងថាមពល,(១៦) ក្រុមការងារយុវជនគណបក្ស ក្រសួងពាណិជ្ជកម្ម,(១៧) ក្រុមការងារយុវជនគណបក្សក្រសួងអធិការកិច្ច,(១៨)ក្រុមការងារយុវជនគណបក្ស ក្រសួងយុត្តិធម៌,(១៩) ក្រុមការងារយុវជនគណបក្សក្រសួងកិច្ចការនារី, (២០)ក្រុមការងារយុវជនគណបក្សក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, (២១)ក្រុមការងារយុវជនគណបក្សទីស្តីការគណៈរដ្ឋមន្ត្រី,(២២)ក្រុមការងារយុវជនគណបក្សក្រសួងអប់រំ យុវជន និងកីឡា ដោយមានការសហការរៀបចំការប្រកួតពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្លិបកីឡា បាល់ទាត់ភ្នំពេញក្រោន ក្លិបកីឡាបាល់ទាត់បឹងកេត អ្នកឧបត្ថម្ភកម្មវិធីធំទឹកព្រីងប្រូវីដា សហការឧបត្ថម្ភកម្មវិធីក្រុមហ៊ុនធានារ៉ាប់រង PEOPLE &PARTNERS ធនាគារឯកទេសដូនពេញ ក្រុមហ៊ុនអាយ អិន ជី ហូលឌីង ទឹកភេសជ្ជៈប៉ូការីស្វេត និងអ្នកសហការផ្សព្វផ្សាយស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ និងផលិតកម្ម អិលឌី picture (LD Picture Production)។
លោក ណុប រតនៈ បានបន្ថែមទៀតថា យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា។
មានមតិសំណេះសំណាលក្នុងពិធីបើកការប្រកួតកីឡាបាលទាត់មិត្តភាពពានរង្វាន់ក្រុមការងារយុវជនគណបក្សក្រសួង-ស្ថាប័ន លើកទី១ ឆ្នាំ២០២៤ លោក ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សថ្នាក់កណ្តាល បានគូសបញ្ជាក់បន្ថែមពីគោលបំណងនៃការការរៀបចំព្រឹត្តការណ៍ប្រកួតកីឡាបាលទាត់មិត្តភាពនេះ គឺដើម្បីចូលរួមអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» និងសម្តែងនូវកត្តញ្ញូធម៌រលឹកដឹងគុណសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាស្ថាបនិក និងជាមគ្គុទ្ទេសក៍ឯក ព្រមទាំងប្រតិបត្តិករទាំងអស់ដែលបានប្រឹងប្រែងនាំមកនូវសន្តិភាពនិងឯកភាពជាតិពេញលេញសម្រាប់កម្ពុជា និងក្រើនរំលឹកយុវជនគ្រប់ស្រទាប់ឱ្យមានស្មារតីរលឹកដល់ទុក្ខវេទនារបស់ខ្មែរ បណ្តាលមកពីភ្លើងសង្គ្រាម និងការបែកបាក់ជាតិពីអតីតកាល ជាពិសេសបំផុសស្មារតីយុវជនជំនាន់ក្រោយឱ្យបានជ្រួតជ្រាបពីគុណតម្លៃនៃសុខសន្តិភាព ហើយត្រូវរួមគ្នាថែរក្សាឱ្យបាននូវសុខសន្តិភាពនេះជាដាច់ខាត៕