(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤នេះ បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហជីពប្រមាណ២០០នាក់ ដែលមកពីវិស័យការងារ ទេសចរណ៍ សំណង់ និងកំសាន្តជាដើម។ វេទិកាពិភាក្សាដែលធ្វើឡើងនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានគោលបំណងដើម្បីពិភាក្សា ចែករំលែកព័ត៌មាន និងស្វែងយល់ពីវឌ្ឍនភាព និងគោលនយោបាយថ្មីៗដែលរាជរដ្ឋាភិបាលបានដាក់ចេញ និងគិតគូរដល់កម្មករនិយោជិត ក៏ដូចជាការស្តាប់បញ្ហាប្រឈមផ្សេងៗក្នុងវិស័យពីតំណាងសហជីពផងដែរ។
មុននឹងបើកកិច្ចពិភាក្សា និងស្តាប់មតិយោបល់ពីសហជីព លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងពង្រឹងសមត្ថភាព និងការយល់ដឹងអំពីច្បាប់ស្តីពីការងារ និងច្បាប់ពាក់ព័ន្ធដើម្បីជួយឱ្យសហជីពបំពេញតួនាទីប្រកបដោយទំនួលខុសត្រូវខ្ពស់ និងកាន់តែមានតម្លាភាពក្នុងការការពារសិទ្ធិ និងអត្ថប្រយោជន៍ដែលស្របតាមច្បាប់ជូនកម្មករនិយោជិត។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីភាពចាំបាច់នៃប្រសិទ្ធភាពរបស់អង្គការវិជ្ជាជីវៈ តំណាងឱ្យកម្មករនិយោជិត ដែលនឹងរួមចំណែកយ៉ាងសំខាន់ដើម្បីភាពប្រសើរឡើងជាលំដាប់ក្នុងវិស័យកាត់ដេរ និងវិស័យផ្សេងៗទៀតក្នុងប្រព័ន្ធដែលជាចំណុចគន្លឹះសំខាន់នៃភាពសុខដុមនីយកម្មក្នុងផ្នែកទំនាក់ទំនងវិជ្ជាជីវៈ នៅតាមរោងចក្រ សហគ្រាសដែលនឹងនាំដល់ការរក្សានូវការវិនិយោគ និងទាក់ទាញវិនិយោគបន្ថែម ដែលមានទិសដៅក្នុងការកសាងជីវភាពកម្មករនិយោជិតឱ្យកាន់តែប្រសើរ។ បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានអំពាវនាវឱ្យសហជីពនៅកម្ពុជាមិនគួរមានការរើសអើងតាមរយៈការប្រើប្រាស់ពាក្យសហជីពឯករាជ្យ ឬមិនឯករាជ្យដែលនឹងនាំឱ្យមានការបែកបាក់ក្នុងសង្គម។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានអំពាវនាវឲ្យសហជីពបន្តជួយ និងផ្សព្វផ្សាយនូវកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃដែលមានទិសដៅបង្កើនសមត្ថភាពនិងផលិតភាព ឬបង្កើតជំនាញថ្មីដែលជាផ្នែកមួយយ៉ាងសំខាន់សម្រាប់វឌ្ឍនភាពរបស់កម្មករនិយោជិត។
គួររំលឹកថា ជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសហជីពនាពេលនេះ គឺជាយន្តការសន្ទនា និងពិភាក្សារវាងរាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងថ្នាក់ដឹកនាំសហជីព ដែលក្រសួងការងារដាក់ចេញជាជំនួបជារៀងរាល់ត្រីមាសដើម្បីចែករំលែកព័ត៌មាន និងស្វែងយល់ពីគោលនយោបាយ វឌ្ឍនភាព និងក្តីកង្វល់ ដើម្បីបន្តជំរុញវឌ្ឍនភាពក្នុងវិស័យ និងសង្គមឱ្យកាន់តែប្រសើរបន្ថែមទៀត៕