(កំពង់ចាម)៖ លោក ភោគ សាវុធ ត្រូវបានតែងតាំងជាប្រធានគណៈកម្មការបក្សប្រជាជនកម្ពុជា ស្រុកកងមាស ដែលពិធីសម្រួលភារកិច្ច និងតែងតាំងនេះ ធ្វើឡើងនៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពលោក អ៊ុន ចាន់ដា ប្រធានគណៈកម្មការធិការបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម និងលោក ខ្លូត ផន អនុប្រធានបក្សខេត្ត។
បន្ទាប់ពីពិធីប្រគល់ត្រា លោក អ៊ុន ចាន់ដា បានផ្ដាំផ្ញើឲ្យប្រធានគណៈកម្មការបក្សប្រជាជនស្រុកកងមាស ដែលទើបទទួលតំណែងថ្មី ត្រូវបន្តដឹកនាំ និងរៀនសូត្រអំពីគន្លឹះល្អៗ គឺថ្នាក់ដឹកនាំចាស់ ដើម្បីធ្វើយ៉ាងណានាំមកនូវការរីកចម្រើន និងភាពជោគជ័យជូនគណបក្សជាបន្តទៅទៀត។
ជាមួយគ្នានេះ លោក អ៊ុន ចាន់ដា ក៏បានផ្ដាំផ្ញើលើការងារចំនួន៥ចំណុចបន្ថែមទៀត ដូចខាងក្រោម៖
*ទី១៖ ត្រូវបន្តអនុវត្តគោលការដឹកនាំ ទៅមានសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ត្រូវចេះលើកយកបញ្ហាផ្សេងៗ មកពិភាក្សាគ្នាក្នុងអង្គប្រជុំ ហើយត្រូវជៀសវាងការដឹកនាំបែបអត្តនោម័ត
*ទី២៖ ត្រូវបន្តធ្វើបច្ចុប្បន្នភាពសមាជិករបស់ខ្លួន នឹងត្រូវគ្រប់គ្រងសមាជិករបស់ខ្លួនឲ្យបានគ្រប់ជ្រុងជ្រោយ
*ទី៣៖ ត្រូវមានកិច្ចសហប្រតិបត្តិការទំនាក់ទំនងល្អ ជាប់ជាប្រចាំ ជាមួយក្រុមការងារគ្រប់ថ្នាក់ដែលចុះជួយស្រុកព្រៃឈរ ដើម្បីភាពរីកចម្រើន នៅក្នុងមូលដ្ឋានរបស់ខ្លួន
*ទី៤៖ ត្រូវបន្តដោះស្រាយនៅបញ្ហាផ្សេងៗ នៅក្នុងមូលដ្ឋានរបស់ខ្លួន ដែលនៅសេសសល់ ដូចជាបណ្ដឹង ក៏ដូចជាសំណើ និងសំណូមពរ របស់ប្រជាពលរដ្ឋ និងការផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ
*ទី៥៖ ត្រូវបន្តតាមដានស្ថានភាពនយោបាយដែលវិវត្តន៍ទាំងក្នុង និងក្រៅប្រទេស៕