(ភ្នំពេញ)៖ នៅរសៀលថ្ងៃសៅរ៍ ១៤រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ ព្រមទាំងលោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យស្ថានភាពរំដោះទឹក ពង្វាងទឹកនៅតាមស្ទឹង និងប្រឡាយមួយចំនួនក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី និងក្រុមការងារបានអញ្ជើញចុះពិនិត្យស្ថានភាពទឹកនៅការដ្ឋានគម្រោង ប្រព័ន្ធដោះទឹកស្ទឹងតូច ក្នុងភូមិសាស្ត្រភូមិស្រែកក់ ឃុំរលាំងចក និងការដ្ឋានប្រឡាយមេរលាំងជ្រៃខាងត្បូង(រលាំងជ្រៃ-ស្លាគូ) ស្ថិតក្នុងឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សូមជម្រាបថា ប្រព័ន្ធដោះទឹកស្ទឹងតូចមានប្រវែង ៥១គីឡូម៉ែត្រ មានសក្តានុពលពង្វាងទឹកពីស្ទឹងព្រែកត្នោត ប្រមាណ ៣០០ម៉ែត្រគូបក្នុង១វិនាទី តាមស្ទឹងតូចក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាលឆ្ពោះទៅកាន់ទន្លេបាទីក្នុងភូមិសាស្ត្រខេត្តតាកែវ និងបន្តហូរធ្លាក់ទៅទន្លេបាសាក់។ ដោយឡែកប្រឡាយមេរលាំងជ្រៃខាងត្បូងឬប្រឡាយមេរលាំងជ្រៃស្លាគូ ប្រវែងជាង ៦០គីឡូម៉ែត្រ ជួយពង្វាងទឹកចេញពីស្ទឹងព្រែកត្នោត ពីប៉ែកខាងលើនៃខេត្តកំពង់ស្ពឺ ក្នុងបរិមាណប្រមាណ ២០០ម៉ែត្រគូបក្នុង១វិនាទី ដើម្បីជួយរម្លែកទឹកចេញពីស្ទឹងព្រែកត្នោត និងផ្ទៃរងទឹកភ្លៀងឱ្យធ្លាក់ចូលទៅស្ទឹងស្លាគូ ផ្លូវជាតិលេខ៣ ក្នុងខេត្តតាកែវ។
លោករដ្ឋមន្ត្រីបានណែនាំដល់ក្រុមការងារសាងសង់ឱ្យពង្រឹងលើគុណភាពការងារ និងជំរុញពន្លឿន ការអនុវត្តឱ្យបានឆាប់ទាន់ពេលវេលាលើគ្រប់សកម្មភាពទាំងអស់ដែលកំពុងអនុវត្តយ៉ាងសកម្មក្នុងការដ្ឋានសាងសង់គម្រោងដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ និងតំបន់រណប។
គួររម្លឹកផងដែរថា ក្នុងកិច្ចប្រជុំស្ដីពីការគ្រប់គ្រងទឹកនៅតាមបណ្ដាអាងទឹកក្នុងរាជធានី-ខេត្ត លោករដ្ឋមន្ត្រីបានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្តទាំងអស់ឱ្យបន្តយកចិត្តទុកដាក់ប្រកបដោយស្មារតីប្រុងប្រយ័ត្ន ទទួលខុសត្រូវខ្ពស់ និងត្រៀមលក្ខណៈក្នុងការរំដោះទឹក ពង្វាងទឹកជំនន់តាមគ្រប់រូបភាព និងមធ្យោបាយនានា ជាពិសេសបន្តពិនិត្យតាមដានស្ថានភាពទឹកជាប្រចាំនៅតាមអាងទឹកក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីបញ្ចៀសនូវផលប៉ះពាល់ពីហានិភ័យទឹកជំនន់រដូវវស្សាដែលអាចកើតឡើងជាយថាហេតុ និងត្រៀមរក្សាទឹកទុកតាមលក្ខណៈបច្ចេកទេសសម្រាប់ការប្រើប្រាស់នារដូវប្រាំង។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានស្នើឱ្យមន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្តទាំងអស់សហការឱ្យបានជិតស្និទ្ធជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ក្នុងការការពារសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋាន ក្នុងតំបន់ដែលទទួលរងហានិភ័យពីជំនន់ទឹកភ្លៀង ជួយណែនាំពីការស្នាក់នៅលើទីទួលសុវត្ថិភាពជាបណ្ដោះអាសន្ន រក្សាការរស់នៅស្អាត ការហូបស្អាត ផឹកស្អាតជាដើម។
សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ នៅរដូវវស្សា បរិមាណទឹកភ្លៀងដ៏ច្រើនបានហូរធ្លាក់ពីភ្នំឱរ៉ាល់ក្នុងខេត្តកំពង់ស្ពឺ តាមព្រែកចំនួន៥ ហូរចូលមកស្ទឹងព្រែកត្នោត ធ្វើឱ្យបរិមាណទឹកស្ទឹងព្រែកត្នោតកើនឡើងពី១៣០០ ទៅ១៧០០ម៉ែត្រគូបក្នុងមួយវិនាទី ខណៈសំណង់ដោះទឹកនៅកំពង់ទួលទឹកថ្លានៅផ្នែកខាងក្រោមអាចដោះទឹកបានប្រមាណ ៨៥០ម៉ែត្រគូបក្នុងមួយវិនាទី ជាហេតុធ្វើឱ្យមានការជន់លិចតំបន់ជុំវិញរាជធានីភ្នំពេញ និងតំបន់រណប៕