(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦នេះ បានផ្ដល់អនុសាសន៍ណែនាំ ដល់រដ្ឋមន្រ្តីក្រសួងការពារប្រទេសឡាវ ត្រូវយកចិត្តទុកដាក់បង្កើនកិច្ចសហប្រតិបត្តិការ ទប់ស្កាត់អំពើជួញដូរគ្រឿងញៀន និងឧក្រិដ្ឋកម្មព្រៃឈើ ពិសេសទប់ស្កាត់មិនឱ្យពួកអ្នកទាំងនោះ យកតំបន់ព្រំដែនជាជំរកលំនៅឋានរបស់ខ្លួនឡើយ។
ការជំរុញយ៉ាងមុតមាំបែបនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចអនុញ្ញាតទទួលជួបជាមួយ លោកឧត្តមសេនីយ៍ឯក ចាន់សាម៉ន ចាន់ញ៉ាឡាត រដ្ឋមន្ត្រីការពារប្រទេស នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ នាទីស្ដីការគណៈរដ្ឋមន្រ្តី។
ក្នុងឱកាសជំនួបនេះ លោកឧត្តមសេនីយ៍ឯក ចាន់សាម៉ន បានគោរពជម្រាបជូនសម្តេចតេជោ នាយករដ្ឋមន្រ្តីពីដំណើរទស្សនកិច្ចរបស់លោក មកកាន់កម្ពុជានាពេលនេះ គឺដើម្បីពង្រឹងវិស័យកងទ័ព រវាងប្រទេសទាំងពីរ ឲ្យបានកាន់តែរឹងមាំថែមទៀត។
លោកឧត្តមសេនីយ៍ឯក បានឱ្យដឹងថា កន្លងមក កងទ័ពនៃប្រទេសទាំងពីរ បានទទួលការគាំទ្រគ្នាទៅវិញទៅមកយ៉ាងជិតស្និត ហើយនៅពេលនេះទៀតសោត ក៏កំពុងសហការគ្នាដើម្បីធ្វើយ៉ាងណាជំរុញ និងធ្វើការងារដែលថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរ បានឯកភាពគ្នារួចមកហើយ។
ជាការឆ្លើយតប សម្តេចតេជោ នាយករដ្ឋមន្ត្រី បានសម្តែងនូវក្ដីរីករាយ ជាមួយនឹងកិច្ចសហប្រតិបត្តិការនេះ ហើយសម្តេច បានផ្តល់អនុសាសន៍ ឲ្យភាគីឡាវត្រូវបង្កើនការយកចិត្តទុកដាក់ ទៅលើការទប់ស្កាត់អំពើជួញដូរគ្រឿងញៀន និងឧក្រិដ្ឋកម្មព្រៃឈើ ជាពិសេសកុំឲ្យពួកអ្នកជួញដូរគ្រឿងញៀន និងអ្នកប្រព្រឹត្តឧក្រិដ្ឋកម្មព្រៃឈើនោះ យកតំបន់ព្រំដែនធ្វើជាជំរករបស់ខ្លួន ជាដាច់ខាត៕