(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានសម្ដែងនូវការថ្លែងអំណរគុណ ដល់គ្រូពេទ្យទូទាំងប្រទេស និងមន្ដ្រីសុខាភិបាល ដែលបានខិតខំយកចិត្តទុកដាក់ ក្នុងយុទ្ធនាការបាញ់ថ្នាំមូស ដើម្បីទប់ស្កាត់ជម្ងឺ «Zika» ដ៏កាចសាហាវ ដែលកើតមាននៅបណ្ដាប្រទេសជាប់នឹងកម្ពុជា ព្រមទាំងផ្សព្វផ្សាយ អប់រំ ដល់ប្រជាពលរដ្ឋ ផងដែរ។
លោករដ្ឋមន្ដ្រី បានថ្លែងប្រាប់អង្គភាព Fresh News នៅយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ យ៉ាងដូច្នេះថា លោកសូមថ្លែងអំណរគុណ ដល់លោកគ្រូ អ្នកគ្រូពេទ្យ និងមន្ដ្រីក្រសួងសុខាភិបាល ដែលបានចំណាយនូវកម្លាំងកាយចិត្ត ដោយមិនខ្លាចការនឿយហត់ ក្នុងការចេញយុទ្ធនាការបាញ់ថ្នាំការពារមូស កុំឲ្យចម្លងជម្ងឺ «Zika» ដ៏កាចសាហាវមួយនេះ ហើយលោករដ្ឋមន្ដ្រី ក៏សូមថ្លែងអំណរគុណក្រុមគ្រូពេទ្យ ដែលមានជួយសង្គ្រោះជីវិតអ្នករងគ្រោះដោយសារ គ្រោះថ្នាក់ចរាចរណ៍ ពុលចំណីអាហារ ឬគ្រោះថ្នាក់ផ្សេងៗ ជាដើម ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុល ឬនិន្នាការនយោបាយឡើយ។
ជាមួយគ្នានោះដែរ លោក ម៉ម ប៊ុនហេង ក៏សំណូមពរ ឲ្យលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងមន្ដ្រីពាក់ព័ន្ធ ត្រូវតែបន្ដសកម្មភាពនេះ ជារៀងដរាប ហើយមិនត្រូវរុញរា ក្នុងការងានេះឡើយ ព្រោះថាគ្រូពេទ្យ មានតួនាទីសំខាន់ណាស់ ក្នុងជួយសង្គ្រោះពលរដ្ឋគ្រប់ជាន់ថ្នាក់។
បន្ថែមពីនេះ លោក ក៏សំណូមពរ ដល់ប្រជាពលរដ្ឋដែរថា បញ្ហាសុខភាពបណ្តាលមកពីការពុលចំណីអាហារ គឺបង្កឡើងដោយចំនីអាហារគ្មានអនាម័យ ឬទឹកកខ្វក់ ដែលមានមេរោគ បាក់តេរី វីរុស ប៉ារ៉ាស៊ីត ឬសារធាតុគីមីផ្សេងៗ ហើយវិធានការបង្ការសុខភាព និងជៀសវាងពីការប៉ះពាល់សុខភាពរួមមាន ប្រើប្រាស់ទឹកស្អាត និងម្ហូបអាហារដែលស្អាត និងស្អិនជានិច្ច, ត្រូវលាងដៃនឹងសាប៊ូ មុនពេល និងអំឡុងពេលរៀបចំម្ហូបអាហារ មុនពេលបរិភោគ និងក្រោយពេលបន្ទោរបង់, បន្លែ ផ្លែឈើលាងឲ្យស្អាត មុនពេលបរិភោគ, សំអាតសំភារៈប្រើប្រាស់ចំអិនម្ហូបអាហារឲ្យបានត្រឹមត្រូវ, ចំអិនអាហារឲ្យបានស្អិនល្អ ជាពិសេសសាច់ សត្វស្លាប និងអាហារសមុទ្រ, ទុកចំណីអាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា, មិនត្រូវរក្សាអាហារជាច្រើនថ្ងៃទេ ទោះបីជាស្ថិតក្នុងកម្រិតសីតុណ្ហភាពណាក៏ដោយ,កុំប្រើប្រាស់ចំណីអាហារហួសកាលកំណត់ប្រើប្រាស់៕