(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦នេះ បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ ក្រសួងព័ត៌មានកម្ពុជា និងវៀតណាម ឱ្យយកចិត្តទុកលើបញ្ហាការផ្សាយជាន់ហ្វេ្រកង់គ្នា និងការផ្សាយព័ត៌មានទទួលបានទំនុកចិត្តពីប្រជាជន និងសាធារណជន។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍នេះ បន្ទាប់ពីអនុញ្ញាតឲ្យ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងសារគមនាគមន៌នៃប្រទេសវៀតណាម លោក ត្រឿង មីញតួន (Troung MInh Taun) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦នេះ។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានប្រាប់ឲ្យដឹងនៅក្រោយជំនួបថា សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍២ចំណុច ដល់ក្រសួងព័ត៌មានកម្ពុជា និងវៀតណាម ដោយក្នុងនោះមាន បញ្ហាការផ្សាយជាន់ហ្វេ្រកង់គ្នា និងការផ្សាយព័ត៌មានទទួលបានទំនុកចិត្តពីប្រជាជន និងសាធារណជន។
លោក អ៊ាង សុផល្លែត ក៏បានបន្ថែមថា លោក ត្រឿង មីញតួន បានជំរាបជូនសម្តេចតេជោថា ដំណើរទស្សនកិច្ច របស់លោកមកកាន់កម្ពុជានាពេលនេះ គឺដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសវៀតណាម និងកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មាន និងសារគមនាគមន៌វៀតណាម ជាមួយក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៌ ទូរគមនាគមន៌កម្ពុជាតែម្តង។ លោកថា វៀតណាម និងកម្ពុជា បានពិភាក្សាគ្នានិងបានឯកភាព ក្នុងការផ្លាស់ប្តូរព័ត៌មានរវាងគ្នាទៅវិញ ទៅមកជាពិសេសការជំរុញ លើកិច្ចការរួមគ្នាដែលថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរបានអនុម័តរួចមកហើយ៕