(ភ្នំពេញ)៖ នៅក្នុងសប្តាហ៍ទី៨ នៃវគ្គសិក្សាអំពីរបៀបសរសេរព័ត៌មានជំនាន់ទី៧ របស់មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (FTC) នាព្រឹកថ្ងៃទី៣ ខែសីហា ចុងសប្ដាហ៍នេះ លោក ម៉ារ យ៉ារិទ្ធិ ប្រធាន FTC បានដឹកនាំសិក្ខាកាមជាង២០នាក់ បំពេញទស្សនកិច្ចសិក្សា និងអនុវត្តន៍កិច្ចសម្ភាស និងការសរសេរបទយកការណ៍ ឬ Feature Story នៅរមណីយដ្ឋានភ្នំឧដ្គុង ដើម្បីជាការតេស្តសាកល្បងនូវចំណេះដឹង និងសមត្ថភាព បន្ទាប់ពីបានសិក្សាអំពីទ្រឹស្ដីអស់រយៈពេលជាង១ខែកន្លងមក។
លោក ម៉ារ យ៉ារិទ្ធិ ដែលជាគ្រូបណ្តុះបណ្តាលជំនាញសរសេរព័ត៌មានរបស់ FTC បានលើកឡើងថា៖ «ជាធម្មតានៅពេលដែលមានការបង្រៀនពីមេរៀនអ្វីមួយ គឺត្រូវតែមានការអនុវត្តន៍ដោយផ្ទាល់ បើមិនអនុវត្តន៍ដោយផ្ទាល់ទេ យើងសរសេរគឺមិនបានស៊ីជម្រៅគ្រប់គ្រាន់នោះទេ។ ដូច្នេះដើម្បីឱ្យការសរសេររបស់យើងមានលក្ខណៈស៊ីជម្រៅ គឺយើងត្រូវតែចុះទៅដល់ទីកន្លែងសរសេរ»។
ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលព័ត៌មាន Fresh News (FTC) បានបញ្ជាក់ថា ការជ្រើសរើសទីតាំងភ្នំព្រះរាជទ្រព្យ ដើម្បីអនុវត្តន៍ការសរសេរបទយកការណ៍ ឬ Feature Story នាពេលនេះ គឺដោយសារតែ ភ្នំព្រះរាជទ្រព្យ ជារមណីយដ្ឋានបែបប្រវត្តិសាស្ត្រ ដែលមានភ្ញៀវទេសចរអាចមកសិក្សាស្វែងយល់អំពីប្រវត្តិសាស្ត្រកម្ពុជាទីនេះធ្លាប់ជាព្រះរាជវាំងចាស់។ ភ្នំព្រះរាជទ្រព្យនៅតែមានសម្រស់ធម្មជាតិនិងទេសភាពដល់ទាំងអស់ល្អត្រកាល និងមានវត្តសំណង់ប្រវត្តិសាស្ត្របែបបុរាណរបស់អតីតព្រះមហាក្សត្ររួមមានព្រះបាទអង្គដួង និងព្រះបាទមុនីវង្សផងដែល។ មិនតែប៉ុណ្ណោះភ្ញៀវទេសចរ ដែលមកលេងនៅភ្នំព្រះរាជទ្រព្យ តែងតែបរិភោគអាហារនិងនំចំណីតាមតំបន់នៅទីនោះ ហើយក៏មានដូចជាគ្រឿងអនុស្សាវរីយ៍ជាច្រើនទៀតផងដែរ៕