(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងប្រាប់ដល់ប្រជាពលរដ្ឋទូទាំងប្រទេសស្តីពី «វិធានការ និងវិធានការជាក់ស្តែងអំពីការរៀបចំចំណីអាហារ ដោយធ្វើយ៉ាងណាកុំឲ្យមានបញ្ហាសុខភាព ដែលបណ្តាលមកពីការពុលអាហារ»។
យោងតាមសេចក្តីជូនដំណឹងដែលអង្គភាព Fresh News ទទួលបាននៅព្រលប់ថ្ងៃនេះ បានបញ្ជាក់ថា បញ្ហាសុខភាពបណ្តាលមកពីការពុលចំណីអាហារ គឺបង្កឡើងដោយចំនីអាហារគ្មានអនាម័យ ឬទឹកកខ្វក់ ដែលមានមេរោគ បាក់តេរី វីរុស ប៉ារ៉ាស៊ីត ឬសារធាតុគីមីផ្សេងៗ។
សេចក្តីជូនដំណឹងដដែលបានប្រាប់ឲ្យដឹងថា វិធានបង្ការសុខភាព និងជៀសវាងពីការប៉ះពាល់សុខភាពរួមមាន ប្រើប្រាស់ទឹកស្អាត និងម្ហូបអាហារដែលស្អាត និងស្អិនជានិច្ច, ត្រូវលាងដៃនឹងសាប៊ូ មុនពេល និងអំឡុងពេលរៀបចំម្ហូបអាហារ មុនពេលបរិភោគ និងក្រោយពេលបន្ទោរបង់, បន្លែ ផ្លែឈើលាងឲ្យស្អាត មុនពេលបរិភោគ, សំអាតសំភារៈប្រើប្រាស់ចំអិនម្ហូបអាហារឲ្យបានត្រឹមត្រូវ, ចំអិនអាហារឲ្យបានស្អិនល្អ ជាពិសេសសាច់ សត្វស្លាប និងអាហារសមុទ្រ, ទុកចំណីអាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា, មិនត្រូវរក្សាអាហារជាច្រើនថ្ងៃទេ ទោះបីជាស្ថិតក្នុងកម្រិតសីតុណ្ហភាពណាក៏ដោយ,កុំប្រើប្រាស់ចំណីអាហារហួសកាលកំណត់ប្រើប្រាស់។
គួរបញ្ជាក់ថា ការប្រកាសប្រាប់ពីវិធានការរបស់ក្រសួងសុខាភិបាលធ្វើឡើង ក្រោយពីទទួលបានព័ត៌មានអំពីការពុលចំណីអាហារនៅតាមវត្តអារាម ក្នុងខេត្តបន្ទាយមានជ័យ និងខេត្តកំពត ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ៕