(ភ្នំពេញ)៖ សមាគមអ្នកវិនិយោគមូលបត្រកម្ពុជា (SIAC) បានសហការជាមួយក្រុមហ៊ុនមួយរបស់កូរ៉េ ដើម្បីបង្កើនចំណេះដឹង និងសមត្ថភាពរបស់វិនិយោគនៅក្នុងទីផ្សារមូលបត្រ។
កិច្ចសហការនេះគឺជាជំហានដ៏សំខាន់ក្នុងការអភិវឌ្ឍន៍វិស័យមូលបត្រ និងការវិនិយោគនៅកម្ពុជា ឱ្យកាន់តែរីកចម្រើន ខណៈគិតមកទល់ដើមឆ្នាំ២០២៤នេះ ក្រុមហ៊ុនចំនួន២៣ ដែលបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា ប្រមូលទុនបានប្រមាណជិត៤០០លានដុល្លារអាមេរិក ដើម្បីយកទៅពង្រីកអាជីវកម្មផ្សេងៗ។
ក្នុងកិច្ចសហការរវាងសមាគមអ្នកវិនិយោគមូលបត្រកម្ពុជា (SIAC) និង Mekong Exchange ដែលបានចុះហត្ថលេខាផ្លូវការ នាពេលថ្មីៗនេះ ភាគីទាំងពីរនឹងសហការគ្នាបណ្តុះបណ្តាលដល់វិនិយោគិនកម្ពុជា និងជួយផ្តល់ជំនួយគ្នាទៅវិញទៅមកយ៉ាងតិចមួយដងក្នុងមួយឆ្នាំ។
លោក យឿង វីរបុត្រ ប្រធានសមាគមអ្នកវិនិយោគមូលបត្រកម្ពុជា បានឱ្យដឹងថា ការរៀបចំកម្មវិធីបណ្តុះបណ្តាលរួមគ្នាដល់សមាជិកដែលជាអ្នកវិនិយោគនៅក្នុងទីផ្សារមូលបត្រ នឹងធ្វើឱ្យពួកគេមានទំនុកចិត្ត និងមានសមត្ថភាពក្នុងការវិនិយោគ ទាក់ទងនឹងវិស័យមូលបត្រ។ បន្ថែមពីនេះក៏ធ្វើឱ្យពួកគេមាន ភាពស៊ាំក្នុងការទប់ស្កាត់បញ្ហា ព្រោះការរៀបចំវគ្គបណ្តុះបណ្តាលជាប្រចាំ នឹងធ្វើឱ្យសមាជិកមានភាពត្រៀមខ្លួនក្នុងការទប់ស្កាត់បញ្ហា និងគ្រប់គ្រងហានិភ័យក្នុងការវិនិយោគបានល្អប្រសើរឡើង។
ជាមួយគ្នានេះ ពួកគេក៏នឹងមានឱកាសចូលរួមកម្មវិធីជាក្រុមធំៗ និងការចែករំលែកព័ត៌មាន បង្កើនសាមគ្គីភាព និងការធ្វើការងារជាក្រុមនៃសមាជិកទាំងពីរ សមាគម។
លោកបន្ថែមថា ការចែករំលែកព័ត៌មានចាំបាច់ រវាងសមាជិកនៃសមាគមទាំងពីរ គឺមានភាពសំខាន់ណាស់ដែលធ្វើឱ្យពួកគេមានភាពច្បាស់លាស់ និងត្រឹមត្រូវក្នុងការប្រើប្រាស់ព័ត៌មាននានាដើម្បីវិនិយោគឲ្យមានប្រសិទ្ធភាព។
លោកបន្តថា «កិច្ចសហការនេះជួយបង្កើនឱកាសនៃការរីកចម្រើន និងការអភិវឌ្ឍន៍របស់វិស័យមូលបត្រ និងសមាជិកទាំងពីរ ដោយផ្តល់នូវវេទិកាសម្រាប់ការរៀនសូត្រក្នុងន័យបច្ចេកទេស និងអាជីវកម្ម»។
សូមជម្រាបថា គិតមកត្រឹមដើមឆ្នាំ២០២៤នេះ ចំនួនក្រុមហ៊ុនដែលបានចុះបញ្ជី និងប្រមូលទុនពីសាធារណជន តាមរយៈផ្សារមូលបត្រកម្ពុជា រួមមានចំនួន២៣ ដែលក្នុងនោះក្រុមហ៊ុនចំនួន១១ បានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ និង ១២ទៀតបានចុះបញ្ជីជាសញ្ញាបណ្ណសាជីវកម្ម។ ក្រុមហ៊ុនចំនួន២៣ ដែលបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា ប្រមូលទុនបានប្រមាណ ៣៧៩លានដុល្លារអាមេរិក ដើម្បីយកទៅពង្រីកអាជីវកម្ម៕