(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរងកងទ័ពជើងគោក នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦នេះ បានធ្វើទស្សនកិច្ចសិក្សាការងារ កសាងពង្រឹង អង្គភាព រឹងមាំលើវិស័យរបស់វរៈសេនាតូច៥១៤ នៃកងពលតូចថ្មើរជើងតូចលេខ៥១ និងមានការចូលរួមពី លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ នាយរងសេនាធិការចម្រុះ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ មេបញ្ជាការកងពលតូច តំបន់ប្រតិបត្តិការសឹករង កងរាជអាវុធហត្ថ ស្នងការដ្ឋាននគរបាលខេត្ត ព្រមទាំងស្ថាប័នជំនាញពាក់ព័ន្ធជាច្រើនរូប។
លោកឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ក៏បានសម្តែងនូវកិច្ច ស្វាគមន៏ និងថ្លែងអំណរអគុណ ចំពោះនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង មេបញ្ជាការ កងទ័ពជើងគោក ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ដឹកនាំប្រតិភូចុះ បំពេញបេសកកម្មនៅទិសយោធភូមិភាគទី៥។
ក្នុងនោះ នាយឧត្តមសេនីយ៍ មាស សុភា បានថ្លែងថា ការធ្វើទស្សនកិច្ចនេះសិក្សា ដកចេញនូវពិសោធន៍ និងឆ្លុះបញ្ជាំង ពីអង្គភាពមួយទៅអង្គភាពមួយ ការត្រួតពិនិត្យ ពីថ្នាក់ដឹងនាំយោធាភូមិភាគទី៥ ធ្វើឲ្យមានការរីកចម្រើនប្រែប្រួសឈានឡើងជាបន្តបន្ទាប់ ហើយគ្រប់កងឯកភាព សកម្មប្រយុទ្ធ ក្នុងចលនាប្រណាំង ជម្រុញឲ្យអង្គភាពមានការរីកចម្រើនលើគ្រប់វិស័យ មានការសាមគ្គីភាព ឯកភាពផ្ទៃក្នុង ក្នុងជួរថ្នាក់ដឹកនាំអង្គភាព និងដោយមានការចូលរួម យ៉ាងសកម្មប្រកបដោយស្មារតីភ្ញាក់រលឹក ទទួលខុសត្រូវ ពីថ្នាក់នាយ-ពលទាហាន គ្រប់ៗរូប។
នាយឧត្តមសេនីយ៍ ក៏បានជម្រុញ ការកសាងពង្រឹងអង្គភាពរឹមមាំលើវិស័យតាមខ្លឹមសារទាំង៤ គឺទី១-ពង្រឹងការងារដឹកនាំបញ្ជារបៀបរបបការងារ និងសាមគ្គីឯកភាពផ្ទៃ ក្នុងអង្គភាពឲ្យបានល្អប្រសើ ទី២-បន្តការងារគ្រប់គ្រងធានាកម្លាំងប្រយុទ្ធ ធានាគ្រប់គ្រង់អាវុធ សម្ភារៈសឹក ភស្តុភា មធ្យោបាយធានាកសាងលេណដ្ឋានបញ្ជា លេណដ្ឋានប្រយុទ្ធ ដើម្បីត្រៀមសម្រាប់ដោះស្រាយយថាហេតុ និងជួយសង្គ្រោះប្រជាពលរដ្ឋ ពេលមានគ្រោះមហន្តរាយដោយធម្មជាតិ ទី៣-ជំរុញការហ្វឹកហ្វឺនរៀនសូត្រ នៅហ្នឹងកន្លែង សំដៅលើកកម្ពស់សមត្ថភាពយោធា ឲ្យបានយល់ដឹងអំពីនយោបាយ និងជំនាញផ្សេងៗ និងទី៤-យកចិត្តទុកដាក់លើកំពស់ជីវភាព សុខាមាភាពជូនកងទ័ពដោយជំរុញការងារ បង្កបង្កើយផល ចិញ្ចឹមសត្វ បន្លែមលើគោលរបបកងទ័ព កសាងផ្ទះបាយគំរូបន្ថែមតាមផែនការ បន្តកិច្ចសហការណ៍ល្អជាមួយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន រួមចំណែកអនុវត្តន៍គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ការពារសន្តិសុខ ជូនប្រជាពលរដ្ឋ និងខិតខំរកជំនួយសប្បុរសជន ដើម្បីកសាងអង្គភាព ជួសជុលផ្លូវក្នុងទីតាំង និងក្រាលគ្រួសក្រហម ងាយស្រួលចល័តកម្លាំង ធានាបម្រើឲ្យការប្រយុទ្ធ។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ មាស សុភា និងគណៈប្រតិភូ ក៏បានចុះត្រួតពិនិត្យ កសិដ្ឋានចិញ្ចឹមជ្រូក សួនដំណាំ បទបង្ហាញប្រកាសអាសន្ន ការហ្វឹកហាត់ អាវុធគាំទ្រ ត្បាល់៨២មីលីម៉ែត្រ DK៧៥មីលីម៉ែត្រ និងកាំភ្លើងយន្ត១២.៧មីលីម៉ែត្រ ទស្សនាការងារអប់រំចិត្តសាស្ត្រ ផ្ទះបាយ ការងារបង្កបង្កើតផល ចិញ្ចឹមសត្វ នៅកងអនុសេនាធំទី៣ ទស្សនាអគារស្នាក់នៅ កងអនុសេនាតូច ស៊ើបការណ៍ ទស្សនាការប្រកាសអាសន្ន ត្រៀមប្រយុទ្ធ៕