(កំពង់ធំ)៖ លោក នាង ផាត ប្រធានគណ:កម្មការទី៤ព្រឹទ្ធសភា នឹងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៨ និងលោកស្រី ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៨ព្រឹទ្ធសភា និងជាអនុប្រធាន ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគ៨ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំក្តីដូង និងឃុំកំពង់គោ ដើម្បីពិនិត្យមើលស្ថានភាពទឹកជំនន់ជន ដែលបង្កផលប៉ះពាល់ដល់ជីវភាពរស់នៅបងប្អូនប្រជាពលរដ្ឋ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤។

លោកស្រី ឃួន ឃុនឌី បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ព្រមទាំងជំរុញឲ្យក្រុមការងារចុះមូលដ្ឋានត្រូវតែយកចិត្តទុកដាក់ខ្ពស់ ពិសេសផលប៉ះពាល់ នៃគ្រោះទឹកជំនន់ដែលបណ្ដាលឱ្យខូចខាតដល់ដំណាំស្រូវបងប្អូនប្រជាកសិករយើង។ ដូចនេះអាជ្ញាធរមូលដ្ឋានត្រូវតែតាមដានពីការវិវត្តនៃទឹកជំនន់នេះហើយរិះរកវិធីទប់ស្កាត់ឱ្យបានទាន់ពេលវេលា និងត្រូវរាយការណ៍ជាបន្ទាន់ ក្នុងករណីមានបញ្ហាណាមួយកើតឡើង។

តាំងនាមឲ្យរាជរដ្ឋាភិបាលក៏ដូចជាលោកស្រីផ្ទាល់ សូមថ្លែងអំណរគុណដល់អាជ្ញាធរឃុំស្រុកដែលបានខិតខំធ្វើកិច្ចការនេះយ៉ាងសស្រាក់ស្រាំ ព្រមទាំងធ្វើបច្ចុប្បន្នភាព និងផលប៉ះពាល់នៃគ្រោះទឹកជំនន់នេះបានទាន់ពេលវេលា។

លោក នាង ផាត លើកឡើងថា បញ្ហាគ្រោះទឹកជំនន់នេះគឺជាបញ្ហាមួយដែលយើងទាំងអស់គ្នាមិនបានដឹងមុនដែលបង្កឡើងដោយគ្រោះធម្មជាតិ ដែលទាមទារឲ្យយើងទាំងអស់គ្នា មានការប្រុងប្រយ័ត្ន និងរកមធ្យោបាយទប់ទល់ ដើម្បីធ្វើយ៉ាងណាសម្រួលដល់គ្រួសារ ដែលរងផលប៉ះពាល់ទៅទីទួលសុវត្ថិភាព និងផ្សព្វផ្សាយដល់បងប្អូនទាំងអស់ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ពិសេសកូនចៅតូចៗ របស់ពួកគាត់។មិនត្រូវធ្វើប្រហែសដែលបណ្ដាលឲ្យលង់ទឹកនោះទេ។

លោកសូមវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរភូមិឃុំស្រុកដែលបានសហការគ្នាបានល្អក្នុងការតាមដាន និងវិធានការទប់ស្កាត់នានា ព្រមទាំងផ្ដល់ព័ត៌មានជាក់លាក់ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមួយដ៏សំខាន់ ក្នុងការការពារ ដល់អាយុជីវិត។ ក្នុងឱកាសនោះ លោក និងលោកស្រី បានឧបត្តម្ភដល់សមាជិក ចូលរួមក្នុងម្នាក់ៗ ទទួលបានបំពង់ទឹកក្តៅចំណុះ០.៥លីត្រចំនួន១ សារ៉ុងចំនួន១ និងថវិការមួយចំនួនផងដែរ។

សូមបញ្ជាក់ថា ផលប៉ះពាល់ពីគ្រោះទឹកជំនន់នេះចំពោះដំណាំស្រូវឃុំកំពង់គោមានចំនួន៨៣៥ ហិចតា ស្មើនិង៣៥១គ្រួសារ ក្នុងផ្ទៃដី ៧៤០០ ហិចតា ខូចខាតផ្លូវលំចំនួន ៦២០០ម។ ឃុំក្តីដូងខូចខាតដំណាំស្រូវចំនួន ១៦៤ ហិចតាស្មើនឹង១៧១ គ្រួសារក្នុងផ្ទៃដី១៥៤៣ ហិចតា ខូចខាតផ្លូវលំចំនួន ១៥០ម៕