(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ព្រមទាំងសមាជិកសមាជិករដ្ឋសភា បានផ្ញើសារលិខិតគោរជូនពរ និងអបអរសាទរជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ដែលក៏ជាថ្ងៃប្រវត្តិសាស្រ្តនៃពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ផងដែរ។
នាឱកាសដ៏មហាមង្គលាភិរម្យឧត្តុង្គឧត្តម បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ នៃពិធីចម្រើនជន្មាយុរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា គម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ ២០២៤ តាងនាមរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចសូមសម្តែងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ព្រមជាមួយ អំណរសាទរ និងសូមប្រសិទ្ធពរជ័យ សិរីមង្គលមហាប្រសើរជូនចំពោះ ចំពោះ សម្តេចតេជោ សូមបានប្រកបដោយសុខភាព ល្អបរិបូរណ៍ កម្លាំងកាយពលមាំមួន បញ្ញាញាណភ្លឺថ្លា និងជន្មាយុយឺនយូរតរៀងទៅ។
ឆ្លៀតក្នុងវរោកាសដ៏វិសេសវិសាលប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលប្រេ បំផុតចំពោះគុណូបការៈដ៏ធំធេង និងសូមកោតសរសើរប្រកបដោយមោទនភាពជាទីបំផុត ចំពោះគំរូវីរភាពដ៏មហស្ចារ្យ របស់ សម្តេចតេជោ ដែលបានខិតខំប្រឹងប្រែងលះបង់អស់ពីកម្លាំងកាយពល និងបញ្ញាញាណ ដោយបានធ្វើពលិកម្ម គ្រប់បែបយ៉ាងសូម្បីជីវិតសម្តេចផ្ទាល់ ក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ ជាពិសេស សម្តេចតេជោ មិនត្រឹមតែជារដ្ឋបុរសដ៏អង់អាចក្លាហាន ជាស្ថាបនិកមគ្គុទេសក៍ឯក និងជាប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ប្រកបដោយ គតិបណ្ឌិតឆ្លាតវាងវៃនិងប៉ិនប្រសប់ម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជា «ស្ថាបនិកនៃចលនាតស៊ូរំដោះជាតិ» ជា «អ្នកផ្តួចផ្តើម ចរចាស្វែងរកសន្តិភាព» ជា «ជើងឯកស្ងួនគ្រងរក្សាសន្តិភាព» និងជា «អ្នកការពារសន្តិភាព» ដ៏រឹងមាំថែមទៀត ដែលសក្តិសមបំផុតនឹងកិត្តិគុណវុឌ្ឍជា«បិតាសន្តិភាព» យ៉ាងប្រត្យក្សនៅកម្ពុជា។
ជាមួយគ្នានេះដែរ ថ្ងៃទី៥ ខែសីហា គឺចំពេលនៃការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា ដែលជា គំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ដើម្បីបន្សល់ទុកជាកេរមរតកប្រវត្តិសាស្ត្រដ៏មហាសាល សម្រាប់ប្រជាពលរដ្ឋតកូនចៅជំនាន់ក្រោយ និងប្រទេសកម្ពុជាទាំងមូលរាប់ពាន់ឆ្នាំតទៅមុខ និងបន្តអនុវត្តគម្រោងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយ គតិបណ្ឌិត សមត្ថភាព និងភាពឈ្លាសវៃ។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតា ថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ បវរសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូនចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕