(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងភរិយា បានផ្ញើសារលិខិតគោរជូនពរ និងអបអរសាទរ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ដែលក៏ជាថ្ងៃប្រវត្តិសាស្រ្តនៃពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ផងដែរ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបញ្ជាក់ក្នុងសារជូនពរយ៉ាងដូច្នេះថា «ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រសើរថ្លៃថ្លានៃពិធីចម្រើនជន្មាយុគ្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ខ្ញុំ និងភរិយា សូមសម្តែងនូវសេចក្តីសោមនស្សរីករាយ និងអំណរសាទរយ៉ាងក្រៃលែង និងសូមគោរពជូននូវសព្ទ សាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ព្រមទាំងសូមសម្តែងនូវកតញ្ញូតាដ៏ជ្រាលជ្រៅ បំផុតគោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមសមប្រកបដោយបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ កាយពលរឹងមាំ ខ្លាំងក្លា សុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ដើម្បីដឹកនាំព្រឹទ្ធសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យសម្រេចបាននូវស្នាដៃថ្មីៗធំធេងបន្ថែមទៀត ក្នុងការចូលរួមដំណើរការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការពង្រឹងសមត្ថភាពស្ថាប័ន និងការកសាងសមិទ្ធផលសង្គមជាច្រើន ដើម្បីវឌ្ឍនភាពសង្គមកាន់តែរីកចម្រើនរុងរឿងខ្លាំងក្លា សំដៅលើកកម្ពស់កិត្យានុភាពជាតិ សុខុមាលភាព និងជីវភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត»។
ជាថ្មីម្តងទៀត ខ្ញុំសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយ លើលោក ជាពិសេសទេវតាឆ្នាំថ្មី ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមប្រោះព្រំនូវសព្ទសាធុការពរជ័យ គ្រប់ប្រការជូន សម្តេច ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីស្រលាញ់ សូមសមប្រកបដោយព្រះពុទ្ធពរដ៏ប្រពៃថ្លៃថ្លាបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតអំពីខ្ញុំ និងភរិយា៕