(សៀមរាប)៖ លោក សឿន រឿត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកជីក្រែង នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារអភិបាលស្រុក ថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលស្រុក អាជ្ញាធរមូលដ្ឋាន បាននាំយកទៀនចំណាំវស្សា និងទេយ្យទាន និងបច្ច័យមួយចំនួនប្រគេនព្រះសង្ឃចំនួន១២វត្ត ក្នុងឃុំទាំង១២ របស់ស្រុកជីក្រែ ពិធីនេះធ្វើឡើងនៅបរិវេណវត្តកំពង់ក្តី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។
លោក សឿន រឿត បានលើកឡើងថា នេះជាប្រពៃណីវប្បធម៌ពីបុរាណកាលតរៀងមក ពេលដល់រដូវកាលព្រះសង្ឃចូលព្រះវស្សា ប្រជាពុទ្ធបរិស័ទ ក៏ដូចក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកទាំងអស់ តែងតែយកចិត្តទុកដាក់ទំនុកបម្រុង នាំយកទេយ្យទាន និងគ្រឿងឧបភោគបរិភោគ ដើម្បីវេរប្រគេនព្រះសង្ឃនៅទីអារាមនានា ជាពិសេសក្នុងអំឡុងចូលព្រះវស្សានេះ ជាវេលាដែលភិក្ខុ-សាមណេរ ត្រូវបដិបត្តិធម៌វិន័យ និងគង់ចាំវស្សាអស់កាលត្រីមាស តាមពុទ្ធបញ្ញតិ ព្រោះថាវិស័យពុទ្ធចក្រ និងអាណាចក្រតែងតែដើរទន្ទឹមគ្នា ហើយចក្រទាំងពីរនេះមិនអាចខ្វះមួយណានោះបានឡើយ។
លោកបានបន្តថា ការវិនាសអន្តរាយនៃព្រះពុទ្ធសាសនា ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ត្រូវបានលុបបំបាត់គ្មានសល់នូវទីវត្តអារាម ជំនឿសាសនា ដែលប្រជាពុទ្ធបរិស័ទខ្មែរគោរពប្រតិបត្តិ។ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នៃស្មារតីថ្ងៃជ័យជម្នះ៧មករា ១៩៧៩ បានធ្វើឲ្យមានការរស់ឡើងវិញលើគ្រប់វិស័យ ជាពិសេសវិស័យសាសនា ដែលត្រូវបានរដ្ឋធម្មនុញ្ញ បានចែងឡើងសាសនា ជាសាសនារបស់រដ្ឋ។
លោកបន្តថា ស្ថិតនៅក្រោមដំបូលសុខសន្តិភាព ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងក្រោមការដឹកនាំបន្តវេន របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឲ្យសមទ្ធិផលធំៗជាច្រើន បានចេញរូបរាងឡើងនៅកម្ពុជា ពិសេសនោះ ពិធីបើកការដ្ឋានកសាងព្រែកជីកហ្វូណនតេជោ នៅថ្ងៃខាងមុខនេះ និងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋកម្ពុជា។
លោកក៏បានជំរុញដល់រដ្ឋបាលស្រុក អាជ្ញាធរភូមិឃុំ កម្លាំងមានសមត្ថកិច្ច បន្តសហការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ធានាបានសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន រួមគ្នាលើកកម្ពស់ ការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
លោក សឿន រឿត បានបញ្ជាក់ថា គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គឺជាកត្តាដ៏សំខាន់សម្រាប់បម្រើការការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានប្រកបដោយភាពកក់ក្តៅ និងសុវត្ថិភាពខ្ពស់ ព្រមទាំងបន្តពង្រឹងការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានលឿនរហ័ស ដោយឈរលើស្មារតីទទួលខុសត្រូវ មានតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ សំដៅធ្វើយ៉ាងណាឆ្លើយតបទៅនឹងភាពចាំបាច់របស់ប្រជាពលរដ្ឋ និងធ្វើឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅក្នុងចិត្ត និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ព្រមទាំងទទួលបានមកវិញនូវការទុកចិត្តពីប្រជាពលរដ្ឋ។
ទៀនចំណាំវស្សា និងទេយ្យទានវេរប្រគេនដល់វត្តទាំង១២ ដោយក្នុង១វត្តទទួលបាន៖ ទៀនចំណាំវស្សា ១គូ, ស្លាដក១, អង្ករ ១០០គក្រ, មី ២កេសធំ, ទឹកសុទ្ធ ៤កេស, ទឹកផ្លែឈើ ២កេស, ទឹកក្រូចកូកា ៤កេស, ត្រីខ ៤យួ , ទឹកត្រី ២យួ , ទឹកស៊ីអ៉ីវ ២យួ , ប្រេងឆា ១កេស, កន្ត្រកទឹកផ្លែឈើ ១ និងបច្ច័យ៥០ម៉ឺនរៀល និងចែកជូនយាយតាដែលបានចូលរួមក្នុងពិធីម្នាក់ៗ២ម៉ឺនរៀលផងដែរ៕