(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានបង្ហោះឲ្យដឹងនៅលើ Facebook Page របស់ខ្លួននៅមុននេះបន្តិចថា ក្រោយពីបញ្ចប់ពិព័រណ៍នៅប្រទេសចិន គណៈកម្មការរៀបចំពិព័រណ៍ចិន-អាស៊ាន បានប្រកាស ផ្ដល់ពានរង្វាន់ ចំនួន៣ ជូនដល់កម្ពុជា។
ពានរង្វាន់ទាំង៣រួមមាន ពានរង្វាន់ល្អប្រសើរ លើការរៀបចំអ្នកស្វែងរកដៃគូធ្វើធុរកិច្ច (Best Visitor Organizer), ពានរង្វាន់ល្អប្រសើរ លើការរៀបចំពន្លាជាតិ (Best City of Cham Pavilion),ពានរង្វាន់ល្អប្រសើរ ស្ដីពីការជំរុញសហប្រតិបត្តិការវិនិយោគ (Best Promotion on Investment Cooperation)។
ក្រសួងពាណិជ្ជកម្មបានបញ្ជាក់បន្ថែមទៀតថា ពានរង្វាន់ទាំងនេះ គឺជាកិត្តិយសដ៏ឧត្តុង្គឧត្តម និងជាសក្ខីភាពដែលឆ្លុះបង្ហាញ ពីកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងឋានៈជា ប្រធានគណៈកម្មការអន្តរក្រសួង។ ក្រសួងនឹងខិតខំបន្តកិច្ចការចូលរួមពិព័រណ៍ ឱ្យទទួលបានជោគជ័យនៅឆ្នាំក្រោយៗទៀត ដើម្បីលើកស្ទួយកិត្តយសជាតិ ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្ម ក៏ដូចជាទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរណ៍បរទេស ឲ្យមកបណ្តាក់ទុនវិនិយោគ និងចូលមកទស្សនាប្រទេសកម្ពុជាឱ្យកាន់តែច្រើនឡើង។
បន្ថែមពីនេះ ក្រសួងពាណិជ្ជកម្ម ជម្រាបជូនសាធារណជនថា ក្រសួង បានដឹកនាំគណៈប្រតិភូគណៈកម្មការអន្តរក្រសួង, សិល្បករខ្មែរ, និង វិស័យឯកជន ដើម្បីចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី១៣ដែលបានប្រព្រឹត្តិ ឡើងកាលពីថ្ងៃទី ១១-១៤ ខែកញ្ញា ឆ្នាំ២០១៦ នៅទីក្រុងណាន់នីង ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដោយទទួល បានជោគជ័យលើសពីការរំពឹងទុក៕
[Forwarded from Soriya Lucky FN]