(ភ្នំពេញ)៖ ក្រោយទទួលបានវីដេអូបង្ហាញពីសកម្មភាពក្មេងទំនើង៤នាក់ បានធ្វើសកម្មភាពកាប់ប្រហារទៅលើជនរងគ្រោះ២នាក់បណ្ដាលឲ្យរងរបួសធ្ងន់ នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ ផ្លូវបេតុង ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កម្លាំងនគរបាលជំនាញបានធ្វើការស្រាវជ្រាវភ្លាមៗ។
លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅ ដោយទទួលបានបញ្ជាពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយព្រហ្មទណ្ឌខណ្ឌច្បារអំពៅ ដើម្បីចុះពិនិត្យទីតាំងកើតហេតុ។
ក្នុងនោះ លោកបានចាត់នាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកថ្មី ខណ្ឌច្បារអំពៅ ទៅទទួលពាក្យបណ្ដឹងជនរងគ្រោះដល់មន្ទីរពេទ្យឯកជន ហើយកងកម្លាំងជំនាញព្រហ្មទណ្ឌអធិការដ្ឋាននគរបាលខណ្ឌ សហការជាមួយកងកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មិនបាន១ថ្ងៃផងបង្រ្កាបបាន៤នាក់ និងដកហូតសម្ភារមួយចំនួន។
ជនសង្ស័យទាំង៤នាក់ ដែលបង្ក្រាបបានរួមមាន ទី១៖ឈ្មោះ រិទ្ធ រតនា (ហៅពៅ) អាយុ១៧ឆ្នាំ សិស្សថ្នាក់ទី១១, ទី២៖ឈ្មោះ សាទ សាន់ទី អាយុ១៨ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់, ទី៣៖ឈ្មោះ ង៉ោ ប៉េងហួត អាយុ១៦ឆ្នាំ សិស្សថ្នាក់ទី១០ និងទី៤៖ឈ្មោះ អៃ អេងឃាង អាយុ១៦ឆ្នាំ សិស្សថ្នាក់ទី១១។
បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងពីអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕