(ភ្នំពេញ)៖ «តើពួកអ្នកបន្តបោកខ្មែរដល់ពេលណាទៀត?» នេះជាសំណួររបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលចោទសួរទៅកាន់ក្រុមប្រឆាំងជ្រុលនិយមដែលបំភ្លៃព័ត៌មានពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ហៅកាត់ថា CLV - DTA ។
តាមរយៈបណ្តាញសង្គមនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ លោក ពេជ្រ ស្រស់ បានលើកឡើងតាមបែបវិទ្យាសាស្រ្ត (ស្រាវជ្រាវ) ថា នៅឆ្នាំ១៩៩៨ ប្រទេសកម្ពុជាបានដំណើរការបោះឆ្នោតនីតិកាលទី២ មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងមានរហូតដល់ ២៧គណបក្សនយោបាយ និងមានគណបក្សនយោបាយចំនួន៣បក្ស ទទួលបានអាសនៈ រួមមាន៖
១៖ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៦៤ អាសនៈ
២៖ គណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបាន ៤៣ អាសនៈ
៣៖ គណបក្សសមរង្ស៊ី ទទួលបាន ១៥ អាសនៈ។
នៅឆ្នាំ២០០៣ ប្រទេសកម្ពុជាបានដំណើរការបោះឆ្នោត នីតិកាលទី៣ មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងមានរហូតដល់ ២៣គណបក្សនយោបាយ និងមានគណបក្សនយោបាយចំនួន ៣ បក្សទទួលបានអាសនៈ រួមមាន៖
១៖ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៧៣ អាសនៈ
២៖ គណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបាន ២៦ អាសនៈ
៣៖ គណបក្សសមរង្ស៊ី ទទួលបាន ២៤ អាសនៈ។
នៅឆ្នាំ២០០៨ ប្រទេសកម្ពុជាបានដំណើរការបោះឆ្នោតនីតិកាលទី៣ មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងមានរហូតដល់ ១១គណបក្សនយោបាយ និងមានគណបក្សនយោបាយចំនួន ៥ បក្សទទួលបានអាសនៈ រួមមាន៖
១៖ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៩០ អាសនៈ
២៖ គណបក្សសមរង្ស៊ី ទទួលបាន ២៦ អាសនៈ
៣៖ គណបក្សសិទ្ធិមនុស្ស ទទួលបាន ៣ អាសនៈ
៤៖ គណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបាន ២ អាសនៈ
៥៖ គណបក្សនរោត្តមរណឫទ្ធិ ទទួលបាន ២ អាសនៈ។
នៅឆ្នាំ២០១៣ ប្រទេសកម្ពុជាបានដំណើរការបោះឆ្នោតនីតិកាលទី៤ មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងមានរហូតដល់ ៨គណបក្សនយោបាយ និងមានគណបក្សនយោបាយចំនួន ២ បក្សទទួលបានអាសនៈ រួមមាន៖
១៖ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៦៨ អាសនៈ
២៖ គណបក្សសង្រ្គោះជាតិ ទទួលបាន ៥៥ អាសនៈ។
លោក ពេជ្រ ស្រស់ បានបញ្ជាក់ថា «យើងងាកមកមើលគម្រោងអភិវឌ្ឍន៍ត្រីកោន CLV វិញ សួរថា បង្កើតឡើងនៅក្នុងឆ្នាំណា? ហើយឆ្លងកាត់សភាប៉ុន្មានអាណត្តិ? ចុះហេតុអ្វីបានជាតំណាងរាស្រ្តនោះៗ មិននាំគ្នាទាមទារឱ្យរដ្ឋាភិបាលដកខ្លួនចេញពី CLV? ខ្ញុំសូមបង្ហាញបងប្អូនឱ្យបានជ្រាបថា គម្រោងអភិវឌ្ឍន៍ត្រីកោណ CLV កើតឡើងនៅឆ្នាំ ១៩៩៩ ដោយឆ្លងកាត់សភាជាតិ៤អាណត្តិ និងធ្វើដំណើរកាត់មុខតំណាងរាស្រ្តកូតាបក្សមិនកាន់អំណាចមាន១៩៦រូបក្នុង៤អាណត្តិមកនេះតើក្រុមតំណាងរាស្ត្រទាំងនោះបានធ្វើអ្វីខ្លះ? បានជាមិនយកចិត្តទុកដាក់រឿងបូរណភាពទឹកដីបែបនេះ ហើយជាពិសេស គឺលោកសម រង្ស៊ី តែម្តង ហេតុអ្វីមិនទាមទារកាលនោះ ? និងមិនធ្វើសកម្មភាពប្រឆាំងគម្រោងCLV?»។
លោកបានបន្តថា «ឥឡូវឃើញគណបក្សភ្លើងទៀន ចេញមុខទាមទារឲ្យរដ្ឋាភិបាលដកខ្លួនចេញពីគម្រោង CLV ដែលគម្រោងនេះបានធ្វើដំណើរឆ្ងាយសែនឆ្ងាយអស់រយៈពេល ២៥ ឆ្នាំមកហើយនោះ តើការទាមទារនេះមានចេតនាអ្វីឱ្យពិតប្រាកដ? ទាំងថ្នាក់ដឹកនាំបក្សនេះក៏ធ្លាប់ជាតំណាងរាស្រ្តកន្លងមកដែរក្នុងរយៈពេល ២៥ឆ្នាំមកនេះ»។
លោក ពេជ្រ ស្រស់ ក៏បានស្នើរាជរដ្ឋាភិបាលយកចិត្តទុកស្រាវជ្រាវ ពីចេតនាពិតប្រាកដមួយលើគណបក្សភ្លើងទៀនមួយនេះ ជៀសវាងគណបក្សនេះ បង្កភាពវឹកវរដល់សង្គមជាតិខ្មែរទាំងមូល។
សូមជម្រាបថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម គឺជាគំនិតផ្តួចផ្តើមដំបូងរបស់កម្ពុជា ក្នុងឆ្នាំ១៩៩៩ ដែលពេលនោះមាន សម្តេចតេជោ ជានាយករដ្ឋមន្ត្រី ក្នុងគោលបំណងជំរុញសមាហរណកម្មខេត្តជាប់ព្រំដែន នៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ដោយធ្វើយ៉ាងណាប្រែក្លាយព្រំដែននេះ ទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។ គិតមកដល់ឆ្នាំ២០២៤នេះ កិច្ចប្រជុំក្រោមក្របខណ្ឌនៃ តំបន់ត្រីកោណអភិវឌ្ឍន៍នេះ បានធ្វើឡើងចំនួន១១លើករួចមកហើយ ដោយមានការប្តូរវេនគ្នាធ្វើជាប្រធានរវាង ប្រទេសទាំងបី ហើយឆ្នាំ២០២៤នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល CLV លើកទី១២។
គម្រោងកិច្ចសហប្រតិបត្តិការនេះ មានគោលការណ៍គ្រឹះសំខាន់ ក្នុងការលើកកម្ពស់ការគោរព និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍រួម ការការពារបូរណភាពទឹកដី និងការដោះស្រាយបញ្ហា តាមរយៈទំនាក់ទំនងការទូត និងច្បាប់អន្តរជាតិ។ មិនតែប៉ុណ្ណោះ គម្រោងនេះ ជាការតភ្ជាប់ដែលនាំមកនូវការបង្កើនពាណិជ្ជកម្មឆ្លងដែន ការលើកកម្ពស់វិស័យទេសចរណ៍ ដែលជាគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងកាត់បន្ថយភាពក្រីក្រតាមតំបន់ព្រំដែន និងទូទាំងប្រទេសផងដែរ។
តាមរយៈកិច្ចសហប្រតិបត្តិការនេះ ប្រទេសទាំង៣បានសហការគ្នាយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាព ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកសន្តិសុខមិនមែនប្រពៃណី ដូចជា៖ ឧក្រិដ្ឋកម្មឆ្លងដែន ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ គ្រោះមហន្តរាយធម្មជាតិ សន្តិសុខសុខភាពសាធារណៈ ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀនជាដើម។
ស្រាប់តែថ្មីៗនេះ មានការបំភ្លៃពីក្រុមប្រឆាំងជ្រុលនិយមថា CLV - DTA ជាគម្រោងកាត់ដីឲ្យប្រទេសដទៃទៅវិញ៕